ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង ប្រាប់មន្ដ្រីនគរបាលប៉ុស្ដិ៍ ត្រូវតែបម្រើប្រជាពលរដ្ឋ ដោយមិនគិតពីនិន្នាការនយោបាយ

235

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ជំរុញ​ដល់​គ្រប់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំងអស់​ យកចិត្តទុកដាក់​បម្រើប្រជាពលរដ្ឋ​ឱ្យ​បាន​ខ្លាំងក្លា​បន្ថែម និងត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ ដោយមិនគិតពីនិន្នាការនយោបាយ ឬសាសនាឡើយ។​

នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៨​នេះ​ ក្នុង​ពិធី​ប្រគល់​នូវ​ទោចក្រយានយន្ត​ចំនួន​ ១.៦៤៦​គ្រឿង​ ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទូ​ទាំង​ប្រទេស​ជា​លើក​ទី​៤​ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​មាន​ប្រសាសន៍​ថា​ ក្នុង​នាម​យើង​ជា​នគរបាល​បម្រើ​ប្រជាពលរដ្ឋ​ត្រូវ​ខិតខំ​បន្ថែម​ទៀត ​ការពារ​នូវ​សន្តិសុខ​ សណ្តាប់ធ្នាប់​ជូន​ដល់​ពួក​គាត់​ កុំ​គិត​ថា​ ពួក​គាត់​មក​ពី​គណបក្ស​ណា​ ឬ​កាន់សាសនា​ណា​នោះ​ឡើយ​ ហើយ​ជាង​នេះ​ទៅ​ទៀត​ត្រូវ​បំបាត់​ឱ្យ​អស់​នូវ​ភាព​ខ្វះខាត់​ទាំងឡាយ​ ដែល​បាន​ធ្វើ​ឱ្យ​ពួក​គាត់​ មានការ​ថ្នាំងថ្នាក់​នា​ពេល​កន្លង​មក​នោះ​។​ ប៉ុស្តិ៍​នគរបាល​ គឺជា​ប្រតិបត្តិ​ករ​យ៉ាង​សំខាន់​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ត្រូវ​តែ​ថែរក្សា​ការពារ​នូវ​សន្តិសុខ​ ជូន​គាត់​ឲ្យ​បាន​ទាន់​ពេលវេលា​ និង​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​ ។​

សម្តេច​ក្រឡាហោម ​បានមានប្រសាសន៍​អំពាវនាវ​ដល់​គ្រប់​បណ្តា​ប៉ុស្តិ៍​ទាំងអស់​ ត្រូវ​ជួយ​ថែរក្សា​នូវ​ទោចក្រយានយន្ត​ដែល​ថ្នាក់លើ​ប្រគល់​ជូន​នេះ​ កុំ​យក​ទៅ​ធ្វើ​អ្វី​ឱ្យ​ខុស​ពី​វិជ្ជាជីវៈ​របស់​ខ្លួន​ ត្រូវ​ប្រើប្រាស់​ក្នុង​ក្រប​ខ័ណ្ឌ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​ ដើម្បី​បញ្ជៀ​សការ​រិះគន់​ដោយ​ប្រការ​ណាមួយ​ជាដើម​។​បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ថ្នាក់ដឹកនាំនគរបាលនៅតាមមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចរបស់ខ្លួនតាមច្បាប់កំណត់ ដោយទទួលបានលទ្ធផលល្អប្រសើរជាបន្ដបន្ទាប់។

សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ក៏​បាន​ជំរុញ​ដល់​នាយ​ប៉ុស្តិ៍​ទាំងអស់​ ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ក្នុង​ការ​ការពារ​នូវ​សណ្តាប់ធ្នាប់​ឱ្យ​បាន​ល្អ​ជូន​ដល់​បណ្តា​គណបក្ស​នយោបាយ​នានា​ ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ ដែល​បាន​នឹង​កំពុង​ប្រព្រឹត្ត​ឡើង​នា​ពេល​នេះ​។

សម្ដេចប្រមុខក្រសួងមហាផ្ទៃ បានថ្លែងថា ប៉ុស្ដិ៍នគរបាលយើងមានភារកិច្ចការងារប្រជាពលរដ្ឋទាំងអស់ មិនមែនការងារតែក្រុមណាមួយនោះ គឺការពារប្រជាពលរដ្ឋទូទៅ ដោយមិនរើសអើង ហើយក្រុមប្រឹក្សាឃុំ មេឃុំចៅសង្កាត់ គឺយើងទទួលបានអាណត្តិពីប្រជាពលរដ្ឋ គឺយើងមានភារកិច្ច ដើម្បីជួយដល់ប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់យើង ដើម្បីធានាសន្ដិសុខ អភិវឌ្ឍន៍ជីវភាពរស់នៅរបស់ពួកគាត់​។

​បើតាមសម្ដេចក្រឡាហោម ស ខេង បញ្ហាសំខាន់នៅត្រង់ថា ប្រសិនបើអ្នកដឹកនាំនៅតាមមូលដ្ឋានទាំងឡាយ មិនមានទស្សនៈឲ្យបានត្រឹមត្រូវ ហើយប្រកាន់នូវទស្សនៈបែងចែក លាបពណ៌ រើសអើងសាសនា ពូជសាសន៍ជាដើម​នៅមូលដ្ឋាន ​ទោះបីថាថ្នាក់ដឹកនានោះ ពូកែយ៉ាងមិចក៏ដោយ​ក៏ធ្វើការងារមិនបានល្អនោះដែរ។​

សម្ដេច ស ខេង បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋចូលរួមជីវភាពនយោបាយជាមួយគណបក្សណា ​គឺជាសិទ្ធិរបស់ពួកគាត់ តែអ្វីដែលសំខាន់ក្នុងនាមជាសមត្ថកិច្ច អ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋ ត្រូវតែគោរពសិទ្ធិសម្រេចប្រជាពលរដ្ឋ និងបម្រើសេវាឲ្យបានល្អប្រសើរ ដើម្បីអភិវឌ្ឍន៍នៅតាមមូលដ្ឋានឲ្យកាន់តែរីកចម្រើន។ មួយវិញទៀត ប្រសិនអនុវត្តនយោបាយលាបពណ៌គ្នា ហើយនោះ ក្នុងមូលដ្ឋានមិនបានសុខនោះទេ។

សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដាំផ្ញើដល់មន្ដ្រីនគរបាលប៉ុស្ដិ៍ទាំងអស់ត្រូវតែប្រកាន់ខ្ជាប់នូវអាកប្បកិរិយា​ សុភាពរាបសារ ស្លូតបូត មិនឆ្មើង មិនក្រអើតក្រទើម មិនកោងកាច ត្រូវមានសីលធម៌ សុជីវធម៌ល្អ ប៉ុន្ដែត្រូវម៉ឺងម៉ាត់ចំពោះការអនុវត្តច្បាប់ ដើម្បីរក្សាបាននូវគុណតម្លៃជាមន្ដ្រីនគរបាល ដែលជាកូនចៅរបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា បើតាមនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការនគរបាលជាតិស្ដីទី បានឲ្យដឹងថា ការប្រគល់ម៉ូតូនេះ គឺជាលើកទីបួនហើយ ​ដែលក្រសួងមហាផ្ទៃ បានសម្រេចប្រគល់ម៉ូតូដល់​ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលបន្ថែមទៀត ដល់កងកម្លាំងក្នុងការ​បម្រើប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ហើយក្រៅពីប្រគល់នូវ​ទោចក្រយានយន្ត ក្រសួងមហាផ្ទៃ ក៏បានសម្រេចប្រគល់នូវសាំង ចំនួន១២០លីត្រ និងថវិកាចំនួន១២០០០០០រៀល ក្នុងមួយត្រីមាស៕

 

អត្ថបទដែលជាប់ទាក់ទង