ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លុបឈ្មោះ សម រង្ស៊ី ចេញពីបញ្ជីអ្នកឡើងថ្លែងសុន្ទរកថា នៅមហាសន្និបាតលើកទី១៤១

61

ភ្នំពេញ៖ បន្ទាប់ពីមានសំណើស្នើសុំរបស់លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា ដែលបញ្ជាក់អំពីពិរុទ្ធភាពជន ឈ្មោះ សម រង្ស៊ី ក៏ត្រូវបានសហភាពអន្តរសភា IPU សម្រេចលុបឈ្មោះសម រង្ស៊ី ចេញពីបញ្ជីអ្នកដែលត្រូវឡើងថ្លែងសុន្ទរកថា នៅមហាសន្និបាតលើកទី១៤១ ។

ឈ្មោះរបស់ លោក សម រង្ស៊ី (R. Sam) ត្រូវបានគេឃើញនៅក្នុងបញ្ជីអ្ន​ក​ឡើងថ្លែងសុន្ទរ​កថា នៅលេខរៀងទី៦៤ ដែ​លជាលេខរៀងចុងក្រោយគេ មួយថ្ងៃ​មុន​កិច្ចប្រជុំ​ចាប់​ផ្តើមជា​ផ្លូវការ ដោយលោកបានប្រើប្រាស់តួនាទីនៅក្នុ​ង​អង្គ​ការមួយ ដើម្បីជ្រៀតចូលក្នុងមហាសន្និបាតលើ​ក​ទី១​៤១ នាទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី ។

​បន្ទាប់ពីមានសំណើរបស់តំណាងគ​ណៈ​ប្រតិភូស​ភាពេញ​សិទ្ធិកម្ពុជា ដែលដឹកនាំដោយ លោកស្រី​ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា ដែលបញ្ជាក់អំពីពិរុទ្ធភាពជននេះ ទើបឈ្មោះរបស់ លោក សម រង្ស៉ី (R. Sam)នេះ ត្រូវបានលុបចេញតែម្តង តាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ។

លោកស្រី ឃួន សុដារី ដែលដឹកនាំគណៈប្រតិភូសភាកម្ពុជា ទៅចូលរួមមហាសន្និបាតខាងលើនេះ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះថា សំណើកម្ពុជាដើម្បីសុំដកឈ្មោះសម រង្ស៊ី ត្រូវបានសរសេរទៅកាន់ មេដឹកនាំ IPU ចំនួន៣រូប ដែលក្នុងនោះក៏មាន លោកស្រី Gabriela Cuevas Barron ប្រធានសហភាពអន្តរសភា IPU និងលោកស្រី Maja Gojkovic ប្រធានរដ្ឋសភាស៊ែប៊ី និងប្រធានមហាសន្និបាត IPU លើកទី១៤១ ផងដែរ។

លោកស្រី ឃួន សុដារី បានថ្លែងអំណរគុណចំពោះ ប្រធាន IPU ដែលបានយល់ព្រមតាមសំណើ​រប​ស់កម្ពុជា លុបឈ្មោះទណ្ឌិត សម រង្ស៊ី ចេញពីបញ្ជីឈ្មោះអ្នកដែលត្រូវឡើងថ្លែងសុ​ន្ទ​រកថា នៅមហាសន្និបាតលើកទី១៤១ ដោយសារតែទណ្ឌិត​នេះ ជាពិរុទ្ធជន ដែលតុលាការកំពុងតាមចាប់ខ្លួន។

​សូមបញ្ជាក់ថា មហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា (IPU) បានរៀបចំឡើង នាទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី ដោយចាប់ផ្តើមពីល្ងាចថ្ងៃទី១៣ ខែតុលា ហើយបើកជាផ្លូវការ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដោយឱ្យតំណាងប្រទេសទាំងអស់ឡើងថ្លែងសុន្ទរកថា ។ សន្និបាតនេះនឹងបញ្ចប់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។

សូមជម្រាបដែរថា សហភាពអន្តរសភា(IPU) ជាអង្គការនីតិប្បញ្ញត្តិធំមួយ បង្កើតឡើងក្នុងឆ្នាំ១៨៨៩ ដែលមានសមាជិក ជាសភាមកពីរដ្ឋអធិបតេយ្យចំនួន១៧៩។ សភាកម្ពុជាចូលជាសមាជិកIPU ក្នុងខែមេសា ឆ្នាំ១៩៩៧ នៅសន្និសីទអន្តរសភាលើកទី៩៧ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

IPU ជាអង្គការនយោបាយពហុភាគីដំបូងគេ នៅលើពិភពលោក ដែលជំរុញកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនារវាងប្រជាជាតិទាំងអស់។ IPU បានលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជួយសភាឱ្យកាន់តែរឹងមាំ មានតុល្យភាពយេនឌ័រ មានការចូលរួមពីសមាជិកសភាដែលមានវ័យក្មេង និងមានលក្ខណៈចម្រុះ។ ពីរដងក្នុងមួយឆ្នាំ IPU កោះប្រជុំប្រតិភូសភា និងដៃគូជាង ១.៥០០នាក់ នៅក្នុងសន្និបាតពិភពលោកដោយនាំមកនូវវិមាត្រសភាដល់អភិបាលកិច្ចពិភពលោក រួមទាំងការងាររបស់អង្គការសហប្រជាជាតិ និងការអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង