ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្តីប្រពន្ធជនជាតិប៉េរូ ត្រូវបាននគរបាលឃាត់ខ្លួន ករណីលួចកាបូបស្ពាយរបស់ស្រ្តីជនជាតិចិន

83

សៀមរាប៖ មន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី១៨ នេះថា ជនសង្ស័យ២នាក់ប្តីប្រពន្ធ ជនជាតិប៉េរូ ត្រូវបាននគរបាលជំនាញឃាត់ខ្លួន ករណីលួចកាបូបស្ពាយរបស់ស្រ្តីជនជាតិចិនរួចគេចខ្លួន។

ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោងប្រហែល ១៧និង៣០នាទីថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ២០១៩ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប និងបញ្ជូនមកការិយាល័យ ស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៅវេលាម៉ោង ១៤និង០០នាទីថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរង ទទួលផែន អន្តោប្រវេសន៍នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានឃាត់ខ្លួនជនបរទេសចំនួន ០២នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច។ជនបរទេសទាងពីរនាក់នេះមានឈ្មោះដូចខាងក្រោម៖
១-MENDEZ TINCO EPIFANIO ភេទ ប្រុស អាយុ៦៥ឆ្នាំ ជនជាតិ ប៉េរូ កាន់លិខិតឆ្លងដែនលេខ ២១៦២៥២៥០៣ ជាភ្ញៀវទេសចរណ៍(ប្តី) ស្នាក់នៅសណ្ឋាគារ សាកវ៉ក ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ទី២ឈ្មោះ QUISPE ESPINOZA CARMEN LUZ ភេទស្រី​ អាយុ៤៩ឆ្នាំ ជនជាតិ ប៉េរូ កាន់លិខិតឆ្លងដែនលេខ ១១៨៦១៣០៥៤ ជាភ្ញៀវទេសចរណ៍ (ប្រពន្ធ) ស្នាក់នៅសណ្ឋាគារ សាយវ៉ក ភូមិ តាភុល សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

លោកស្នងការរងបន្តថា អង្គហេតុ នាវេលាម៉ោងប្រហែល ១១និង៥៥នាទីថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០១៩ នៅចំនុចភោជនីយដ្ឋានសមុទ្រធម្មជាតិ ស្ថិតនៅភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ ជនសង្ស័យទាំងពីរនាក់ខាងលើបានធ្វើសកម្មភាពលួចកាបូបស្ពាយរបស់ជនរងគ្រោះឈ្មោះ ZHOU LI HUA ភេទ ស្រី កើតឆ្នាំ ១៩៥៦ ជនជាតិចិន ជាភ្ញៀវទេសចរណ៍ ហើយគេចខ្លួនបាត់។

លោកបន្ថែមថា សម្ភារៈក្នុងកាបូបរួមមាន៖លិខិតឆ្លងដែន ០២ក្បាល-ទូរស័ព្ទដៃ ម៉ាក HUAWEI ០១គ្រឿង-ប័ណ្ណឥណទាន ០១សន្លឹក។រហូតដល់វេលាម៉ោងប្រហែល ១៧និង៣០នាទីថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៩ ជនសង្ស័យទាំងពីរនាក់បានចូលទៅក្នុងភោជនីយដ្ឋានសមុទ្របៃតង ហើយក៏ត្រូវបានបុគ្គលិកនិងថៅកែហាងឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលទេសចរណ៍ចាត់ការតាមនីតិវិធី។បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង