ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-តួកគីបន្តពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្មនិងពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកម្ហូបហាឡាល់ដល់កម្ពុជា

45

(អង់ការ៉ា, តួកគី)ឆ្លៀតឱកាសពីការចូលរួមកិច្ចប្រជុំលើកទី២នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជានិងតួកគីលោកប៉ានសូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយលោកស្រីរូស្សាប៉េខេន  (Ruhsar Pekcan) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មតួកគីដែលបានប្រព្រឹត្តទៅនាពេលព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០១៩នៅក្រសួងពាណិជ្ជកម្មតួកគីទីក្រុងអង់ការ៉ាប្រទេសតួកគី។តាមរយៈជំនួបនេះព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋតួកគីបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីថែមទៀតដើម្បីបម្រើការអភិវឌ្ឍកំណើនសេដ្ឋកិច្ចនិងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី

នៅក្នុងជំនួបនេះលោកប៉ានសូរស័ក្តិបានស្វាគមន៍លទ្ធផលផ្លែផ្កានៃកិច្ចប្រជុំថ្នាក់បច្ចេកទេសនៃកិច្ចប្រជុំលើកទី២នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជានិងតួកគីដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០១៩នៅក្រសួងពាណិជ្ជកម្មតួកគី។លោករដ្ឋមន្រ្តីបានបញ្ជាក់ជូនអំពីទំហំពាណិជ្ជកម្មដែលភាគីទាំងពីរសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលមានទំហំតិចតួចនៅឡើយនិងស្នើស្ថាប័នពាក់ព័ន្ធរបស់ភាគីទាំងពីរចូលរួមធ្វើការជាមួយគ្នាដើម្បីស្វែងរកវិធានការនានាដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី។  លោករដ្ឋមន្រ្តីបានស្នើឱ្យក្រុមហ៊ុនអាកាសចរតួកគីTurkish Airlines  បើកការហោះហើរត្រង់មកកម្ពុជានិងស្នើភាគីតួកគីផ្តល់ជំនួយបច្ចេកទេសអនាម័យនិងការចេញវិញ្ញាបនបត្រដើម្បីលើកកម្ពស់ម្ហូបហាឡាល់នៅកម្ពុជាខណៈបច្ចុប្បន្នកម្ពុជាកំពុងស្ថិតនៅដំណាក់ចាប់ផ្តើមនៃការអភិវឌ្ឍម្ហូបហាឡាល់នេះ។

ជាការឆ្លើយតបលោកស្រីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មតួកគីRuhsar Pekcan បានគាំទ្រនិងលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធរបស់ភាគីទាំងពីរចូលរួមសហការជាមួយគ្នាដើម្បីស្វែងរកវិធានការគន្លឹះក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីនិងឯកភាពលើការបង្កើតក្រុមការងាររួមសំដៅផ្តល់ជំនួយបច្ចេកទេសលើម្ហូបហាឡាល់ការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនិងការចែករំលែកនូវបទពិសោធន៍ល្អៗរបស់តួកគីលើម្ហូបហាឡាល់ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍម្ហូបហាឡាល់នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង