ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការអន្តរជាតិជប៉ុន ផ្ដល់គ្រែពេទ្យជាង១០០គ្រឿង ដល់មន្ទីរពេទ្យ ខេត្តព្រះសីហនុ

265

ព្រះសីហន៖ អង្គការអន្តរជាតិជប៉ុន បានផ្ដល់គ្រែពេទ្យសម្រាប់អ្នកជំងឺ ជូនដល់មន្ទីរពេទ្យ ខេត្តព្រះសីហនុ ប្រមាណចំនួន១៤៧គ្រែ និងកុំព្យូទ័រLabtop ចំនួន១០គ្រឿងបន្ថែមទៀត ដើម្បី ជាប្រយោជន៏ សម្រាប់ប្រើប្រាស់ ជួយសម្រួលកិច្ចការងារបានរហ័ស និងបង្កើតភាពទំនើបទាន់ពេលបំរើ ជូនបងប្អូនប្រជា ពលរដ្ឋអ្នកជំងឺ ដែលចូលមកសម្រាកព្យាបាល។
លោក កូហ្សី សាសាគី ប្រធានអង្គការអន្តរជាតិជប៉ុន Side by SideInternational បានលើក
ឡើង នៅក្នុងពិធីប្រគល់ និងទទួលគ្រែពេទ្យ និងកុំព្យូទ័រយួរដៃ ជូនមន្ទីរពេទ្យ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ តុលា ឆ្នាំ២០១៩ថា ការប្រគល់គ្រែពេទ្យចំនួន១៤៧គ្រែ និងកុំព្យូទ័រយួរដៃចំនួន១០គ្រឿង នេះ គឺជាអំណោយនិងសន្តានចិត្តរបស់សប្បុរសធម៌ នៃបងប្អូនជនជាតិជប៉ុន និងអង្គការក្នុងស្រុកជូនបងប្អូនខ្មែរ ពិសេសជូនមន្ទីរពេទ្យ ខេត្តព្រះសីហនុ ។ លោក កូហ្សី ប្រធានអង្គការបន្តថា ក្នុងនាមជាជនជាតិជប៉ុន លោក មានចិត្តរីករាយជាអនេកដែលបានមកដល់ប្រទេសកម្ពុជា និងបានជួយប្រទេសកម្ពុជានេះ តាមលទ្ធភាពដែលខ្លួនមាន។ លោក បានបណ្ជាក់ថា ទោះបីជំនួយនាពេលនេះមិនមានទំហំច្រើនយ៉ាងណាក៏ដោយ តែវាជាអំណោយសាមគ្គីភាពកើតចេញពីទឹកចិតអាណិតស្រឡាញ់ ពីប្រជាជនជប៉ុន មកលើប្រជាជនកម្ពុជា ដែលធ្លាប់មានចំណងសាមគ្គីភាពនឹងគ្នាជាយូរមកហើយ ហើយ លោកនៅតែមានសង្ឃឹមថា នឹងបន្តនាំយកអំណោយផ្សេងទៀត មកជួយដល់ប្រជាជនកម្ពុជានាពេលក្រោយទៀតជាមិនខាន។
ជាការឆ្លើយតប លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសំដែងនូវអំណរគុណចំពោះ អង្គការអន្តរជាតិជប៉ុន និងមានការសម្របសម្រួលពីអង្គការ Camsafe ដែលជាអង្គការក្នុងស្រុក ដែលនាំយក និងផ្ដល់ជំនួយគ្រែពេទ្យចំនួន១៤៧គ្រែ ក្នុងនោះមានគ្រែពេទ្យសម្រាប់កុមារ ២៤ និងសម្រាប់មនុស្សធំចំនួន១២៣ ព្រមទាំងកុំព្យូទ័រយួរដៃចំនួន១០គ្រឿងមកផ្ដល់ ខេត្តព្រះសីហនុនាពេលនេះ។ លោកបន្តថា ស្របពេលដែលខេត្តព្រះសីហនុមានកំណើនប្រជាជន ដ៏ច្រើននាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាំឲ្យតម្រូវការនានាក៏មានការកើនឡើង ក្នុងនោះរួមទាំងតម្រូវការថ្នែកសេវានៅមន្ទីរពេទ្យ និងចំនួនគ្រែពេទ្យផងដែរ។ អំណោយដែលយើងទទួលបាននូវការជួយឧបត្ថម្ភនេះ អាចជួយដោះស្រាយនូវតម្រូវការចំពោះមុខបានមួយចំនួន ហើយតាមរយៈសម្ភារៈដែលទទួលបានពេលនេះ មន្ទីរសុខាភិបាល ខេត្តនឹងធ្វើការបែងចែកទៅតាមមន្ទីរពេទ្យនានាក្នុងខេត្តដើម្បីឲ្យបានប្រើប្រាស់និងសម្រួលក្នុងការជួយព្យាបាលប្រជាពលរដ្ឋយើង។
សូមបញ្ជាក់ថា៖លោកកូហ៊្សី សាសាគី ដែលជាប្រធានអង្គការSide by Side International បានជួយសង់សាលារៀន ជួយផ្ដល់ការបំប៉នជំនាញសេវាសុខភាពសាធារណ: ជាច្រើនកន្លែងក្នុងប្រទេសកម្ពុជានាពេលកន្លងមកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង