ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រួមគ្នាដោះស្រាយបញ្ហា ការធ្លាក់ចុះនៃតម្លៃស្រូវអ៊ីអ៊ែរ របស់ប្រជាកសិករ

114


ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា បន្ទាប់ពីទទួលបានព័ត៌មាន អំពីការធ្លាក់ថ្លៃ នៃស្រូវអ៊ីអ៊ែររបស់ប្រជាកសិករ នៅតាមបណ្តាខេត្តមួយចំនួនរួមមក ក្រសួងពាណិជ្ជកម្ម បានសហការជាមួយ ធនាគារអភិវឌ្ឍន៍ជនបទ អាជ្ញាធរមូលដ្ឋាន ស្វះស្វែងរកចំណាត់ការនានា ដើម្បីជួយសម្របសម្រួល និងបង្ការការការធ្លាក់តម្លៃស្រូវនេះ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានដំណឹង​នៃការចុះថ្លៃស្រូវអ៊ីអ៊ែរ​ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយអាជ្ញាធរ មូលដ្ឋានចុះស្រាវជ្រាវ និងប្រមូលព័ត៌មាននៅតំបន់ផលិតកម្មស្រូវសំខាន់ៗដូចជា បាត់ដំបង កំពង់ធំ កំពង់ចាម ព្រៃវែង និងតាកែវ និងបានរកឃើញ មូលហេតុដែលបណ្ដាលឲ្យស្រូវអ៊ីអ៊ែរ ធ្លាក់ចុះប្រមាណ១៥ភាគរយ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ធៀបនឹងថ្លៃស្រូវនៅខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ។ យោងលើព័ត៌មាននេះ ក្រសួងពាណិជ្ជកម្ម បានកោះប្រជុំពិភាក្សាជាបន្ទាន់ មួយជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ អ្នកនាំចេញអង្ករ និងតំណាងធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីស្វែងយល់បន្ថែមពីការប្រឈម និងរិះរកវិធានការណ៍នានា ដើម្បីទ្រទ្រង់តម្លៃស្រូវ ដែលជាប្រភពចំណូលសំខាន់របស់ប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំ បានរកឃើញមូលហេតុមួយចំនួន ដែលធ្វើឲ្យស្រូវធ្លាក់ថ្លៃ ដោយក្នុងនោះរួមមានកំណើនកម្ពស់ទឹក និងការធ្លាក់ភ្លៀងជញ្ជ្រាំ បណ្ដាលឲ្យមានសំណើមខ្លាំង រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញមានកង្វះខាតទុនបង្វិល ក្នុងការទិញស្រូវស្ដុកទុក គួបផ្សំនឹងការធ្លាក់ថ្លៃនៃអង្ករអ៊ីអ៊ែរ ក្នុងទីផ្សារអន្តរជាតិចំនួន៥០ដុល្លារក្នុងមួយតោន។ ដើម្បីជាដំណោះស្រាយ សម្រាប់ទ្រទ្រង់តម្លៃស្រូវ ជូនប្រជាពលរដ្ឋ ក្រសួងពាណិជ្ជកម្ម និងមួយធនាគារអភិវឌ្ឍន៍ជនបទ បានសហការគ្នាក្នុងការពិនិត្យ លទ្ធភាពប្រើប្រាស់នីតិវិធី សម្រាប់ផ្ដល់ប្រាក់កម្ចីជូនម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញយកទៅធ្វើជាទុនបង្វិល ក្នុងការប្រមូលទិញស្រូវអ៊ីអ៊ែរ ដោយយកស្រូវនៅក្នុងស្ដុកជាវត្ថុបញ្ចាំ។ ជាមួយនោះ ក្រសួងពាណិជ្ជកម្ម នឹងបន្តសហការជាមួយបណ្ដាក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីអង្កេតមើលតម្លៃស្រូវអ៊ីអ៊ែរ បន្ថែមទៀតក្នុងការដោះស្រាយបញ្ហាឲ្យទាន់ហេតុការណ៍ ជូនប្រជាកសិករឲ្យបានទាន់ពេលវេលា៕

 

អត្ថបទដែលជាប់ទាក់ទង