ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីជម្រុញអោយមន្ត្រីជំនាញនិងអាជ្ញាធរបន្តការងារបុកស៊ីផាយ ចាក់ដីបំពេញ ប្រគល់ដីកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅប្រឡាយស្ទឹងមានជ័យ ខណៈជំហានទី១បានបញ្ចប់

177

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានជម្រុញអោយមន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងអាជ្ញាធរដែនដី បន្តការងារបុកស៊ីផាយ ចាក់ដីបំពេញ ដើម្បីប្រគល់ដីកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅប្រឡាយស្ទឹងមានជ័យ ជំហានទី២ និងជំហានបន្តបន្ទាប់ទៀតខណៈជំហានទី១បានបញ្ចប់ ដោយបានប្រគល់ដីជូនប្រជាពលរដ្ឋរួចរាល់ហើយនោះ។

   ការជម្រុញរបស់លោកឃួង ស្រេងបែបនេះបានធ្វើឡើង កាលពីល្ងាចថ្ងៃទី១៨កក្កដា ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការស្តារ  ការស្ថាបនា ការចាក់ដីបំពេញដើម្បីចែកជូនប្រជាពលរដ្ឋរស់នៅតាម ប្រឡាយស្ទឹងមានជ័យអោយបានលឿនទៅតាមគម្រោងដែលបានគ្រោងទុក។

  លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ​

បានមានប្រសាសន៍ថា ការងាររៀបចំកែលម្អប្រឡាយស្ទឹងមានជ័យ បាននឹងកំពុងទទួលការអបអរសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទៅ ពិសេសគឺបងប្អូនរស់នៅទីតាំងប្រឡាយនេះតែម្តង

ព្រោះបានទទួលនូវប្រឡាយស្អាត ផ្លូវល្អ ភ្លើង-ទឹកគ្រប់គ្រាន់ ពិសេសគឺផ្ទះសំបែងត្រឹមត្រូវ។ ក្នុងនោះអភិបាលរាជធានី លោកបានផ្តាំផ្ញើដល់ជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់​ប្រឡាយ​បេតុង​ស្ទឹងមានជ័យនេះឱ្យបាន​ឆាប់រហ័សទាំង​គុណភាព និង​ប្រសិទ្ធភាព​ការអនុវត្ត​ការងារ​។

  លោក ម៉េតមាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងក្រោយកិច្ចប្រជុំនេះថា ការដ្ឋានប្រឡាយស្ទឹងមានជ័យនេះ ក្នុងជំហានទី១

រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តការងារ ដោយបានចាក់ដីបំពេញនៅមាត់ប្រឡាយព្រមទាំងផ្តល់កម្មសិទ្ធិ

ដីទំហំ៤គុណនឹង៦ម៉ែត្រជូនប្រជាពលរដ្ឋបានបានជាង១០០គ្រួសារហើយនៅសល់៤១០គ្រួសារឬក្បាលដីក្នុងចំណោមប្រជាពលរដ្ឋទាំងអស់ចំនួន៥៧៣គ្រួសារ។

   លោកម៉េត មាសភក្តីបានបញ្ជាក់ថា ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីតំបន់ព្រលានយន្តហោះភ្នំពេញ ហូរ

នាំទឹកទំលាក់ចូលមកប្រឡាយស្ទឹងមានជ័យនេះ ទើបបន្តហូរទំលាក់បន្តទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ ។

  លោកជូ គឹមទ្រី អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងផងដែរថា ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យនេះ ក្នុងជំហានទី១នេះ យើងអនុវត្តការងារលើការបុកស៊ីផាយបានសម្រេចប្រវែង២២៦ម៉ែត្រសងខាងហើយ ក្នុងប្រវែងសរុបចំនួន៣២៨ម៉ែត្រសងខាង ក្នុងនោះក្រុមការងារក៏បានដាក់លូប្រអប់បាន៥៣កង់ ។ ក្រោយបញ្ចប់ជំហានទី១នេះ យើងនឹងបន្តបុកស៊ីផាយជំហានទី២ទៀត ដែលមានប្រវែង២៥២ម៉ែត្រសងខាង។

   គួរបញ្ជាក់ថា នៅតំបន់ប្រឡាយស្ទឹងមានជ័យ រដ្ឋបាលរាជធានី បាននឹងកំពុងស្ថាបនាប្រឡាយស្ទឹងមានជ័យមានប្រវែង១៣៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ហើយគម្រោងនេះ ត្រូវបានបែងចែកជា៤តំណាក់កាល ឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យនិងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៧៣គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង៕

 

  

អត្ថបទដែលជាប់ទាក់ទង