ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូសហភាពអឺរ៉ុបគាំទ្រដល់ការប្រារព្ធមហោស្រពតន្ត្រីអន្តរជាតិលើកទី ១៦

225

រាជធានីភ្នំពេញ៖ ក្រោមក្របខ័ណ្ឌនៃកិច្ចខិតខំប្រឹងប្រែងការទូតផ្នែកវប្បធម៌របស់អឺរ៉ុប ដែលមានសន្ទុះកើនឡើងជាលំដាប់ ប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា មានសេចក្ដីសោមនស្សរីករាយក្នុងកិច្ចគាំទ្រសម្រាប់រយៈពេល ៩ ឆ្នាំជាប់ៗគ្នា ដល់ការប្រារព្ធមហោស្រពតន្ត្រីអន្តរជាតិលើកទី ១៦ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ។
ក្នុងមហោស្រពនេះ នឹងមានការបង្ហាញទេពកោសល្យរបស់អ្នកនិពន្ធបទភ្លេងជាស្រ្តីជនជាតិអឺរ៉ុប ជាច្រើននាក់ ដែលមានស្នាដៃលេចធ្លោក្នុងសតវត្សរ៍ទី ១៩ និង ២០ តាមរយៈការប្រគុំតន្ត្រីចំនួន ៤ លើក នៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ ពីថ្ងៃ សុក្រ ទី ១ រហូតដល់ថ្ងៃ អាទិត្យ ទី ៣ ខែ វិច្ឆិកា។
ធ្វើឡើងក្រោមប្រធានបទ “អ្នកនិពន្ធបទភ្លេងជាស្រ្តីជនជាតិអឺរ៉ុប” មហោស្រពនេះគឺជាឱកាសមិនត្រឹមតែដើម្បីស្វែងយល់ពីស្នាដៃតន្ត្រីល្បីៗមួយចំនួនមកពីសតវត្សរ៍ទី ១៩ និង ២០ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញស្នាដៃរបស់តន្ត្រីករជំនាន់ថ្មី ដូចជា សិល្បករខ្មែរ បុស្បា ប៉ាន់ (Bosba Phan) ដែលលាយបញ្ចូលគ្នានូវតន្ត្រីដែលជាបេតិកភណ្ឌជាតិរបស់នាង ជាមួយនឹងប្រពៃណីរបស់អឺរ៉ុប ទៀតផង។
ព្រឹត្តិការណ៍នេះ គឺជាឱកាសដើម្បីស្ដាប់ស្នាដៃរបស់អ្នកនិពន្ធ បទភ្លេងជនជាតិអាល្លឺម៉ង់ Clara Schumann ដែលជាអ្នកលេងព្យ៉ាណូមានឈ្មោះល្បីរន្ទឺម្នាក់នៅយុគសម័យរ៉ូមង់ ព្រោះឆ្នាំនេះគឺជាខួបកំណើតទី ២០០ ឆ្នាំរបស់លោកស្រី។
លោកស្រីCarmen Moreno ឯកអគ្គរដ្ឋទូត នៃប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ខ្ញុំមានសេចក្ដីរំភើបរីករាយ ដែលមហោស្រពនៅឆ្នាំនេះ បង្ហាញឱ្យឃើញពីស្នាដៃ ជា សមិទ្ធផលដ៏អស្ចារ្យរបស់អ្នកនិពន្ធបទភ្លេងជាស្រ្តីល្បីៗ ដែលជាវរជនតន្ត្រីក្លាស៊ីកលាក់មុខ។ តាម រយៈការបង្ហាញពីទេពកោសល្យគួរឱ្យស្ញប់ស្ញែងរបស់ពួកគេ ព្រឹត្តិការណ៍នេះជួយបង្កើនការយល់ដឹងថា សង្គមដែលមានបរិយាបន្ន បង្ហាញពីភាពអត់ធ្មត់ និងយុត្តិធម៌ គឺជាសង្គមដែលអាចផ្ដល់ប្រយោជន៍ដល់យើងទាំងអស់គ្នា”៕

អត្ថបទដែលជាប់ទាក់ទង