ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលពេញចិត្តចំពោះការងារដែលបានបំពេញក្នុងការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីភាពជាដៃគូសម្រាប់ចីរភាព

58

ប្រទេសថៃ៖ ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលទាំងអស់បានកត់សំគាល់ដោយការពេញចិត្តចំពោះការងារដែលបានបំពេញក្នុងការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីភាពជាដៃគូសម្រាប់ចីរភាព។

នៅល្ងាចថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០១៩នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជេីញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូល(ពេញអង្គ) អាស៊ានលើកទី៣៥(35th ASEAN Summit Plenary) ដែលបានធ្វេីឡេីងនៅមជ្ឈមណ្ឌលពិព័ណ៌និងសន្និបាតអ៊ីមផែកជាយរាជធានីបាងកកក្នុងខេត្តនុនថាក់បូរីព្រះរាជាណាចក្រថៃ។

នៅក្នុងពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូល(ពេញអង្គ) អាស៊ានលើកទី៣៥នាពេលនេះគឺមានការយាងនិងអញ្ជេីញចូលរួមពីប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ានរួមមានព្រះចៅស៊ុលតង់សម្តេចឯកឧត្តមលោកជំទាវប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានរួមទាំងឯកឧត្តមអគ្គលេខាធិការអាស៊ានដែលត្រូវបានទទួលការស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុតពីសណាក់ឯកឧត្តមឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃនិងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥។

នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលពេញអង្គរបស់ខ្លួនប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលទាំងអស់បានកត់សំគាល់ដោយការពេញចិត្តចំពោះការងារដែលបានបំពេញក្នុងការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីភាពជាដៃគូសម្រាប់ចីរភាព។ជាមួយគ្នានេះមេដឹកនាំអាស៊ានបានកត់សំគាល់សារជាថ្មីអំពីគោលបំណងក្នុងការឆ្ពោះទៅសម្រេចបានអាស៊ានប្រកបដោយចីរភាពតាមរយ:ការបង្កើនសន្តិសុខប្រកបដោយចីរភាពការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់អាស៊ានប្រកបដោយភាពរលូនដែលភ្ជាប់អាស៊ានទៅកាន់ពិភពលោកនិងបន្តឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាពដើម្បីបង្កើនតម្លៃយុទ្ធសាស្រ្តរបស់អាស៊ាននិងនាំមកនូវស្ថិរភាពនិងវិបុលភាពក្នុងតំបន់។

ក្នុងកិច្ចប្រជុំកំពូលពេញអង្គនេះដែរមេដឹកនាំទាំងអស់បានលើកទឹកចិត្តឲ្យមានការប្រើប្រាស់យ៉ាងពេញលេញនូវបច្ចេកវិទ្យាទំនើបដែលជាលទ្ធផលនៃបដិវត្តន៍ឧស្សាហកម្មទី៤ដើម្បីបង្កើនការប្រកួតប្រជែងរបស់អាស៊ានក្នុងការដោះស្រាយការផ្លាស់ប្តូរដែលកើនឡើងជាលំដាប់និងបញ្ហាស្មុគស្មាញនានាក្នុងតំបន់និងពិភពលោក។

មេដឹកនាំអាស៊ានបានសំដែងនូវសេចក្តីសោមនស្សរីករាយដោយកត់សំគាល់ឃើញនូវវឌ្ឍនភាពប្រកបដោយចីរភាពក្នុងការអនុវត្តផែនការលម្អិតនៃសហគមន៍នយោបាយសន្តិសុខអាស៊ានឆ្នាំ២០២៥និងបានលើកទឹកចិត្តដល់អង្គភាពនៃវិស័យពាក់ព័ន្ធនានាឲ្យបន្តកិច្ចការរបស់ខ្លួនក្នុងការដោះស្រាយបន្ទាត់សកម្មភាពដែលនៅសេសសល់ខណ:ពេលរក្សាសន្ទុះក្នុងការចាត់វិធានការបន្ថែមទៀតចំពោះបន្ទាត់សកម្មភាពដែលបានអនុវត្តរួចហើយ។មេដឹកនាំអាស៊ានក៏បានទន្ទឹងរង់ចាំនូវការត្រួតពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិនៃផែនការលម្អិតខាងលើដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២០។

មេដឹកនាំអាស៊ានក៏បានបញ្ជាក់ជាថ្មីនូវសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC)ជាក្រមប្រតិបត្តិដ៏សំខាន់មួយក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋនៅក្នុងតំបន់និងជាមូលដ្ឋានគ្រឹ:ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ពិសេសទៅទៀតនោះមេដឹកនាំអាស៊ានបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បន្ថែមទៀតនូវគោលការណ៍នានាដូចមានចែងក្នុងTAC ឲ្យកាន់តែទូលំទូលាយនៅក្នុងតំបន់និងបានសង្កត់ធ្ងន់អំពីសារ:សំខាន់នៃរដ្ឋជាភាគីទាំងអស់(High Contrac ting Parties) ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញានេះ។

មេដឹកនាំអាស៊ានក៏បានស្វាគមន៍ចំពោះការចូលជាសមាជិកTAC របស់ប្រទេសប៉េរ៉ូបារ៉ែននិងអាល្លឺម៉ង់នៅឆ្នាំ២០១៩នេះហើយទន្ទឹងរង់ចាំការចូលជាផ្លូវការរបស់អាហ្រ្វិកខាងត្បូង។មេដឹកនាំអាស៊ានក៏បានកត់សំគាល់ពីការបំពេញដោយជោគជ័យនូវបេសកកម្មស្វែងរកការពិតរបស់សហគមន៍នយោបាយសន្តិសុខអាស៊ាននៅប្រទេសទីម័រឡេស្តេកាលពីថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៩ហើយលើកទឹកចិត្តឲ្យសសរស្តម្ភនៃសហគមន៍សេដ្ឋកិច្ចនិងសហគមន៍សង្គមវប្បធម៌អាស៊ានជំរុញឲ្យមានបេសកកម្មស្វែងរកការពិតពីសហគមន៍របស់ខ្លួនឲ្យបានឆាប់រហ័ស។យើងអរគុណចំពោះឆន្ទ:នយោបាយដ៏រឹងមាំរបស់ទីម័រឡេស្តេក្នុងការចូលជាសមាជិកអាស៊ានហើយយើងសូមបញ្ជាក់ពីការប្តេជ្ញាចិត្តថ្មីក្នុងការគាំទ្រការអភិវឌ្ឍទីម័រឡេស្តេតាមរយ:ជំនួយកសាងសមត្ថភាពទាំងក្នុងក្របខណ្ឌទ្វេភាគីនិងតំបន់។

មេដឹកនាំអាស៊ានក៏បានទទួលស្គាល់ការជឿនលឿនជាលំដាប់និងប្រភេទនៃការគំរាមកំហែងឆ្លងដែនតាមប្រព័ន្ធអ៉ិនធើណែតក្នុងការធានាឲ្យបាននូវលំហរអ៉ិនធើណែតមួយប្រកបដោយភាពបើកចំហសុវត្តិភាពស្ថិរភាពអាចប្រើប្រាស់បាននិងប្រកបដោយភាពធន់រឹងមាំដើម្បីគាំទ្រដល់សេដ្ឋកិច្ចឌីជីថលអាស៊ាន។ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀតដែរសម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងទៅកាន់កិច្ចប្រជុំកំពូលពេញអង្គអាស៊ានយ៉ាងដូច្នេះថាអាស៊ាននៅមានសក្តានុពលច្រើនក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំតាមរយ:ការជំរុញពាណិជ្ជកម្មផ្ទៃក្នុងសំដៅបង្កើនខ្សែសង្វាក់ផលិតកម្មតំបន់និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច។ដើម្បីគោលដៅនេះអាស៊ានចាំបាច់ត្រូវផ្តោតអាទិភាពទៅលើការបន្តដោះស្រាយបញ្ហារបាំងមិនមែនពន្ធនិងការបង្កើនកិច្ចប្រឹងប្រែងសម្រួលពាណិជ្ជកម្មដើម្បីសម្រេចបាននូវគោលដៅសំខាន់ពីរគឺការកាត់បន្ថយចំណាយប្រតិបត្តិការពាណិជ្ជកម្ម១០ភាគរយនៅឆ្នាំ២០២០និងការបង្កើនពាណិជ្ជកម្មអាស៊ានទ្វេដងនៅឆ្នាំ២០២៥៕

អត្ថបទដែលជាប់ទាក់ទង