ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តធុនធំបើកបោលបុកបុរស២នាក់ ស្លាប់ ម្នាក់របួសធ្ងន់ម្នាក់ រថយន្តបង្កគេចខ្លួនដោយសុវត្ថិភាព

92

ភ្នំពេញ៖ យ៉ាងហោចណាស់ក៏មានយុវជនម្នាក់បានស្លាប់ភ្លាមៗក្នុងថ្លុកឈាម និងម្នាក់ទៀតបាន រងរបួសធ្ងន់ ខណៈដែលជិះម៉ូតូឌុបគ្នា ហើយត្រូវរថយន្តធុនធំមួយគ្រឿងមិនស្គាល់ម៉ាកបើកមកបុកនិងកិន​ពីលើយ៉ាងពេញទំហឹងនោះ។

ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៣០យប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវកប់ស្រូវកែង និងផ្លូវលំក្នុងភូមិទួលអំពៅ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ សុខ សន្យា ហៅក្រៅ (អាបាំង) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ  មុខរបរ ធ្វើការនៅក្រុមហ៊ុន ទឹកសុទ្ធ វិតាល់ នៅជិតសាលាកូរ៉េរស់នៅ ភូមិសំរោកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។ ចំណែកអ្នករងរបួសនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងមិនចាំម៉ាក បើកបរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ  បានបត់ស្ដាំង ក៏ជ្រុលទៅបុកម៉ូតូស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CY-3763 បើកបរដោយយុវជនពីរនាក់ ស្របទិសគ្នាពេញទំហឹង ហើយកិនក្បាល បណ្ដាលឲ្យ​យុវជនម្នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តបង្កបើករត់គេចដោយសុវត្ថិភាព។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះវាស់វែងយកម៉ូតូរងគ្រោះ ទៅរក្សាទុករង់ចាំសាច់ញាតិ​យកឯកសារមក នឹង​ប្រគល់ជូនវិញ។ ចំណែក​សពជន​រងគ្រោះសមត្ថកិច្ចទាក់ទងរកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

អត្ថបទដែលជាប់ទាក់ទង