ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ លទ្ធផលជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ត្រូវបានពិភពលោក អបអរសាទរ តែនៅមានការងារច្រើនទៀត ដែលត្រូវអនុវត្ត

297

ជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅប្រទេសសឹង្ហបុរី បានបញ្ចប់ដោយជោគជ័យ។ ជោគជ័យ ព្រោះទាំងលោក ដូណាល់ ត្រាំ និងទាំងលោក គីម ជុងអ៊ុន បានចាប់ដៃ សើចសប្បាយ ហើយដើរលេង និងទទួលទានបាយថ្ងៃជុំគ្នាថែមទៀតផង។

លោក ដូណាល់ ត្រាំ ក៏បានក្លាយជាប្រធានាធិបតីអាមេរិកទី១ ក្នុងប្រវត្តិសាស្ត្រ ដែលបានចាប់ដៃ និងជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង។ ជំនួបជាប្រវត្តិសាស្ត្រ នៅប្រទេសសឹង្ហបុរីនេះ ធ្វើឲ្យកក្រើកពិភពលោក ហើយលទ្ធផលក៏ត្រូវបានលោក ត្រាំ អះអាងថា ទទួលបានលើសពីការរំពឹងទុក។

បន្ទាប់ពីកិច្ចប្រជុំទ្វេភាគី លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក គីម ជុងអ៊ុន មេដឹកនាំសាធារណរដ្ឋប្រជាមានិតប្រជាធិតេយ្យកូរ៉េ (កូរ៉េខាងជើង) បានចុះហត្ថលេខាលើឯកសាររួមគ្នា នៅថ្ងៃទី១២ ខែមិថុនា ២០១៨ ដោយផ្តោតសំខាន់លើ ៤ ចំណុច រួមមាន៖ ១-សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្ដេជ្ញាបង្កើតទំនាក់ទំនងថ្មីជាមួយគ្នា យោងតាមបំណងប្រាថ្នារបស់ប្រជាជនប្រទេសទាំងពីរ ដើម្បីសន្តិភាព និងវិបុលភាព។ ២-ប្រទេសទាំងពីរ នឹងចូលរួមការខិតខំជាមួយគ្នា ដើម្បីកសាងរបបមួយ ដែលមានសន្ដិភាព ស្ថិរភាព និងយូរអង្វែង នៅលើឧបទ្វីបកូរ៉េ។ ៣-យោងតាមស្មារតីនៃសេចក្តីប្រកាស Panmunjom ថ្ងៃទី២៧ ខែមេសា ២០១៨ កូរ៉េខាងជើង ប្ដេជ្ញាធ្វើការឆ្ពោះទៅរកការរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុង នៅឧបទ្វីបកូរ៉េ។ ៤-សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្ដេជ្ញាដោះលែងនូវអ្នកទោសសង្រ្គាម ដោយរួមទាំងការធ្វើមាតុភូមិនិវត្តភ្លាមៗនូវអ្នកដែលបានកំណត់អត្តសញ្ញាណរួចរាល់ហើយ។
ជាមួយគ្នានោះ ក្រោយកិច្ចប្រជុំ នៅក្នុងសន្និសីទកាសែត ដែលមិនមានវត្តមានរបស់លោក គីម ជុងអ៊ុន គឺប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង ក៏បានយល់ព្រមជាមួយលោក ដូណាល់ ត្រាំ ថាលោកនឹងទៅបំពេញទស្សនកិច្ច នៅសហអាមេរិក តបតាមការអញ្ជើញពីលោក ដូណាល់ ត្រាំ។ លោកត្រាំ ក៏បានអះអាងថា សហរដ្ឋអាមេរិក នឹងបញ្ឈប់ការធ្វើសមយុទ្ធយោធា ជាមួយនឹងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងជប៉ុន ហើយការដកទ័ពអាមេរិក ចេញពីកូរ៉េខាងត្បូង នឹងកើតឡើង នៅថ្ងៃណាមួយ។
ពាក់ព័ន្ធនឹងការរំសាយ អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិក នឹងមិនចេញថ្លៃចំណាយ សូម្បីតែមួយសេន ទាក់ទិននឹងការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ខណៈក្រុមអ្នកជំនាញខ្លះ ប៉ាន់ប្រមាណថា ការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង អាចនឹងត្រូវចំណាយប្រាក់ជាង ២០ពាន់លានដុល្លារ។
លោក ត្រាំ លើកឡើងថា កូរ៉េខាងត្បូង និងជប៉ុន មានសមត្ថភាពផ្ដល់ជំនួយហិរញ្ញវត្ថុ ក្នុងការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ជុំវិញជំនួបជាប្រវត្តិសាស្ត្ររវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើងនាពេលនេះ ត្រូវបានអ្នកវិភាគអន្តរជាតិ បានប្រៀបប្រដូចព្រឹត្តិការណ៍នេះ ទៅនឹងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក រីឆាត និចសុន (Richard Nixon) ទៅកាន់ប្រទេសចិន កាលពីឆ្នាំ១៩៧២។ ព្រឹត្តិការណ៍កាលណោះ បាននាំមកនូវការផ្លាស់ប្ដូរសម្រាប់ប្រទេសចិន រហូតដល់ប្រទេសចិន អភិវឌ្ឍខ្លួន ក្លាយជាមហាអំណាចសេដ្ឋកិច្ច ដូចពេលបច្ចុប្បន្ន។

និយាយពីប្រទេសចិន! ចិនបានចាត់ទុកជំនួបរវាងលោកត្រាំ និងលោកគីម ថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ។ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី ចាត់ទុកការជួបគ្នាកម្រិតកំពូលរវាងលោកដូណាល់ត្រាំ និងលោកគីមជុងអ៊ុន កាលពីព្រឹកថ្ងៃទី១២មិថុនា ថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ នៅក្នុងសម័យទំនើប។ លោកសូមស្វាគមន៍យ៉ាងពេញទំហឹងចំពោះជំនួបនេះ ព្រោះប្រមុខការទូតចិន លើកឡើងថា ជាសេណារីយោនយោបាយ ដែលរដ្ឋាភិបាលចិន តែងតែសង្ឃឹមថា នឹងកើតមាននៅថ្ងៃណាមួយ។

តាមលោកវ៉ាងយី មជ្ឈដ្ឋានទូទៅ ពិតជាបានទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់រដ្ឋាភិបាលចិន ដែលមិនអាចខ្វះបាននៅក្នុងបញ្ហានេះ។ ដូច្នេះ ចិននឹងបន្តបំពេញភារកិច្ច និងតួនាទីរបស់ខ្លួនជាបន្តទៀត។

លោក វ៉ាងយី សង្ឃឹមថា មេដឹកនាំទាំង២ គឺលោកដូណាល់ត្រាំ និងលោកគីមជុងអ៊ុន នឹងព្យាយាមបង្រួមទំនាស់ កសាងទំនុកចិត្ត និងដោះស្រាយបញ្ហា ដើម្បីនាំយកសន្តិភាពពិតប្រាកដ សម្រាប់ឧបទ្វីបកូរ៉េ។

ដោយឡែក ជប៉ុន ក៏សង្ឃឹមថា ជំនួបកំពូលរវាងលោកត្រាំ និងលោកគីម នឹងនាំមកនូវសន្តិភាព និងស្ថិរភាពពិតប្រាកដសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ីភាគឦសាន។ មហាជនទូទៅ និងអ្នកនយោបាយគ្រប់និន្នាការ នៅប្រទេសជប៉ុន បានតាមដានព្រឹត្តិការណ៍នេះ ដោយយកចិត្តទុកដាក់ ព្រោះវាពាក់ព័ន្ធនឹងជោគវាសនា របស់ប្រទេសជប៉ុនផងដែរ។

ចំណែកនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុង ក្នុងនាមជាម្ចាស់ផ្ទះ ដែលបានចំណាយធនធានផ្ទាល់ខ្លួន រហុតដល់ ១៥ លានដុល្លារ ក្នុងការរៀបចំជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានសរសេរលិខិតជូនមេដឹកនាំទាំងពីររូប ដោយបានសម្តែងនូវក្តីអបអរសាទរ តំណាងឲ្យប្រជាជាតិសិង្ហបុរីទាំងមូល ចំពោះកិច្ចប្រជុំ ដែលបានបញ្ចប់ដោយភាពជោគជ័យ។

សម្រាប់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុង កិច្ចប្រជុំកំពូលរវាងមេដឹកនាំសហរដ្ឋអាមេរិក និងកូរ៉េខាងជើង គឺជាជំហ៊ានឆ្ពោះទៅមុខយ៉ាងខ្លាំងមួយ ហើយសិង្ហបុរី មានកិត្តិយស ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ។
យ៉ាងណាក៏ដោយ ទោះបីជាអបអរសាទរនឹងលទ្ធផលនៃកិច្ចប្រជុំរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ក៏ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី១២មិថុនានេះ ដើម្បីអំពាវនាវឲ្យសហរដ្ឋអាមេរិក ពិចារណាដកទណ្ឌកម្ម ចេញពីប្រទេសកូរ៉េខាងជើង។
ក៏ប៉ុន្តែលោក ដូណាល់ ត្រាំ នៅក្នុងសន្និសីទកាសែត បន្ទាប់ពីកិច្ចប្រជុំ បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិក នឹងដកទណ្ឌសេដ្ឋកិច្ច ចេញពីកូរ៉េខាងជើង នៅពេលដែលកូរ៉េខាងជើង រំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន រួចរាល់ជាស្ថាពរ។
ដូច្នេះសរុបមក មិនថា មេដឹកនាំអាមេរិក និងកូរ៉េខាងជើង ដែលជាតួឯក អបអរសាទរ និងពេញចិត្តនឹងលទ្ធផលនៃកិច្ចប្រជុំជាប្រវត្តិសាស្ត្រ នៅថ្ងៃទី១២ ខែមិថុនានេះទេ តែប្រទេសមហាអំណាចចិន កូរ៉េខាងត្បូង ជប៉ុន និងសឹង្ហបុរី រួមទាំងមេដឹកនាំពិភពលោកដទៃទៀត ក៏បានចូលរួមសាទរ ហើយរំពឹងថា កូរ៉េខាងជើង នឹងកាត់រំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន រីឯអាមេរិក ក៏នឹងដកទណ្ឌសេដ្ឋកិច្ច ចេញពីកូរ៉េខាងជើង។
ប៉ុន្តែដើម្បីឲ្យលទ្ធផល ៤ ចំណុច ដែលស៊ីញ៉េដោយលោកត្រាំ និងលោកគីមជុងអ៊ុន បន្ទាប់ពីកិច្ចប្រជុំលើកដំបូងនេះ អាចសម្រេចទៅបាន គឺមានតែកូរ៉េខាងជើងខ្លួនឯងទេ ដែលត្រូវដើរមុនអាមេរិក។ កូរ៉េខាងជើង ត្រូវរំសាយរោងចក្រផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន តាមការសន្យា ហើយចិន ដែលគេដឹងថា ជាអ្នកនៅពីក្រោយកូរ៉េខាងជើង ក៏ត្រូវតែស្មោះត្រង់ដូចពាក្យសម្តីរបស់ខ្លួន។ នោះគឺចិន ត្រូវចូលរួមបន្តទៀត ដើម្បីឲ្យកូរ៉េខាងជើង រំសាយអាវុធនុយក្លេអ៊ែរ ដូចអ្វីដែលចិន បានជួយឲ្យមេដឹកនាំកូរ៉េខាងជើង បានចូលរួមតុចរចា ចាប់ដៃជាមួយលោកដូណាល់ត្រាំ នាពេលនេះ។
សហរដ្ឋអាមេរិក ក៏ដូចគ្នា។ នៅពេលកូរ៉េខាងជើង អនុវត្តជាក់ស្តែងនូវកម្មវិធីអាវុធនុយក្លេអ៊ែរហើយនោះ អាមេរិក ក៏ត្រូវគោរពពាក្យសន្យា ដោយដកទណ្ឌកម្មសេដ្ឋកិច្ច ចេញពីកូរ៉េខាងជើង ហើយរួមគ្នា ផ្តល់ជំនួយ ជួយដល់កូរ៉េខាងជើង ដើម្បីអភិវឌ្ឍន៍ប្រទេស។ កងទ័ពអាមេរិក ក៏ត្រូវដកចេញពីកូរ៉េខាងត្បូង ដើម្បីឲ្យកូរ៉េខាងជើង ហើយអាមេរិក ក៏ត្រូវធ្វើឲ្យកូរ៉េខាងជើងមានទំនុកចិត្តថែមទៀតថា នៅពេលកូរ៉េខាងជើង រំសាយអាវុធនុយក្លេអ៊ែរហើយនោះ គឺមេដឹកនាំកូរ៉េខាងជើង មិនអាចមានវាសនាដូចមេដឹកនាំមួយចំនួន ដែលអាមេរិក បានលើកទ័ពវាយកម្ទេស ដូចជា នៅអ៊ីរ៉ាក់ លីប៊ី ឬក៏ប្រទេសស៊ីរី នោះទេ។
អ្វីៗក៏ដោយ ត្រូវតែដោះស្រាយដោយសន្តិវិធី តាមរយៈនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្គ្រាម ហើយនាំនូវសុខសន្តិភាពពិតប្រាកដ និងការអភិវឌ្ឍន៍សម្រាប់ប្រទេសកូរ៉េខាងជើង និងសម្រាប់ពិភពលោកទាំងមូល ពិសេសសុខសន្តិភាពក្នុងតំបន់រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ព្រមទាំងប្រទេសជប៉ុន៕ ដោយ៖ សុខ ស្រីពៅ

អត្ថបទដែលជាប់ទាក់ទង