ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សំណេះសំណាល លើកទឹកចិត្ត មុនការប្រកួត ជើងឯកប៉េតង់ពិភពលោក មកដល់

107


ភ្នំពេញ ៖លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានជួបសំណេះសំណាល ជាមួយក្រុមគ្រូ
បង្វឹក កីឡាករ-កីឡាការិនីប៊ូល និងប៉េតង់កម្ពុជាត្រៀម ចូលរួមប្រកួតកីឡាប៊ូល និងប៉េតង់ពិភពលោក យុវជន និងស្ត្រី លើកទី១៧ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។
ការជួបសំណេះសំណាលនេះ ធ្វើឡើងនៅថ្ងៃទី៧វិច្ឆិកា នាទីលានប្រកួតកីឡាប៉េតង់តែម្ដង។ លោកស សុខាបាន
មានប្រសាសន៍ថា ការប្រកួតកាន់តែខិតជិតមកដល់ហើយ នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ដូច្នេះកីឡាករកីឡាការិនី ត្រូវប្រយ័ត្នប្រយែងការហូបចុក និងថែទាំសុខភាពឲ្យបានល្អ ព្រមទំាងខិតខំហ្វឹកហាត់បន្ថែមទៀត។ ក្នុងនាមជាម្ចាស់ផ្ទះ ត្រូវស្វាគមន៍ក្រុមភ្ញៀវយ៉ាងកក់ក្តៅ និងត្រូវធ្វើការប្រកួតឲ្យ អស់សមត្ថភាពដូចការប្រកួតនៅក្រៅប្រទេសដែរ។
ជាមួយនឹងការជួបសំណេះសំណាលនេះលោក ប្រធានសហព័ន្ធ បានឧបត្ថម្ភដល់គ្រូបង្វឹក កីឡាករ-កីឡាការិនី ក្នុងមួយម្នាក់ទឹកប្រាក់ចំនួន១លានរៀល។
ការប្រកួតជើងឯកពិភពលោកនេះ សម្រាប់កម្ពុជាក្រុមបុរស មាន២ក្រុមដែល ក្រុមទី១មានកីឡាករ ឃួន លីហ៊ កីឡាករ កុយ សុភក្ត្រា កីឡាករ ភាព រ៉ាឃីម និង កីឡាករគង់ កែវសុខាន់។ ចំពោះក្រុមទី២មានកីឡាករ ទីវ រដ្ឋាកីឡាករ ពុត យ៉ុនច័ន្ទដារ៉ា កីឡាករវ៉ាន ភារុណ និកីឡាករហេង ស៊ីណា ព្រមទំាងគ្រូបង្វឹក គ្រូជំនួយចំនួន៣នាក់។
ចំពោះក្រុមនារីវិញក៏មាន២ក្រុមដែរ ដោយក្រុមទី១ មានកីឡាការិនីកែឡេង ដែលជាម្ចាស់មេដាយមាសជើងឯកពិភពលោក ៣ សម័យកាល កីឡាការិនីអ៊ុក ស្រីមុំ កីឡាការិនីអ៊ុន ស្រីយ៉ា និង កីឡាការិនីកែវ សុវណ្ណា រីឯ ក្រុមទី២វិញនោះមានកីឡាការិនីស្រ៊ាង សុរ៉ាឃីម កីឡាការិនីវង ចន្ថា កីឡាការិនីឃួន យ៉ារី និង កីឡាការិនី ដួងឌីណា ហើយគ្រូបង្វឹក គ្រូជំនួយចំនួន៣នាក់៕

អត្ថបទដែលជាប់ទាក់ទង