ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជធានីភ្នំពេញ ប្រារព្ធពិធីហូបអំបុកនៅរមណីយដ្ឋានវត្តភ្នំ

71

ភ្នំពេញ៖ នៅម៉ោង៩ព្រឹក ថ្ងៃទី០៩វិច្ឆិកា២០១៩នេះ លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ឌសភា រដ្ឋសភា និងអធិការកុច្ច និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី អញ្ជើញជាអធិបតីក្នុងហូបអំបុកនៅវត្តភ្នំ ។ ពិធីមានបងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ ប្រមាណជាង២០០០នាក់។

លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាស៍ថា ពិធីអកអំបុកនៅរាជធានីភ្នំពេញ នា​ឱកាស​ដ៏​សប្បាយ​រីករាយនេះ គឺស្របពេលដែលថ្ងៃនេះគឺជាថ្ងៃបុណ្យឯករាជ្យជាតិ និងថ្ងៃ​កំណើតកងទ័ពជាតិ​។ ពិធីនេះរៀបចំឡើង ដើម្បីអបអរសាទរព្រះរាជ​ពិ​ធី​បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែលនឹងប្រារព្ធ​ធ្វើ​ថ្ងៃ​ទី​១០-១១-១២ ខែវិច្ឆិកា ខាង​មុខ​នេះ ដែលជាបុណ្យប្រពៃណី​ជាតិ​របស់​ប្រជា​ជ​ន​ខ្មែរ ដែលមានតាំងពី​យូរ​លង់​មក​ហើយ។

ពិធីបុណ្យប្រពៃណីជាតិខាងលើ​ មានតាំងពីបុរាណកាល ដ៏យូរលង់​ណាស់​មកហើយ ​ដូច​មាន​​ចែងក្នុងឯកសាររបស់ប្រវត្ដិវិទូជាច្រើន​ ក៏​ដូចជា​តាម​សិលាចារឹក នៃ​ប្រា​ង្គ​ប្រាសាទ​អង្គរ។

 

លោកស្រី បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែល​មាន​សម្ដេចអគ្គមហាសេនា​បតីតេ​ជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បានទទួល​សុខ​សន្ដិភាព​ពេញបរិបូរណ៍ និងមានការ​អភិវឌ្ឍ​ន៍រីកចម្រើន​ឈាន​ឡើ​ង​​លើ​​គ្រប់​វិស័​យ ហើយ​ប្រជាជនទូទាំងប្រទេស​​កាន់តែមានជីវភាព​ល្អ​ប្រសើរ​ឡើង ​មាន​សុភមង្គ​ល និងមាន​សិទ្ធិ​សេរី​ភាព​ពេញលេញ​ ក្នុងជំនឿសាសនា និងការ​ប្រារព្ធ​ពិធី​បុណ្យ​ជាតិ​ ប្រពៃណី​ និងបុណ្យ​សាសនាផ្សេងៗ​យ៉ាង​សប្បាយ​​​រីករាយ។

ជាក់ស្តែង រាជធានីភ្នំពេញ​​​​យើងថ្ងៃនេះ កំពុង​រៀបចំ​ពិធី​អកអំបុក ដើម្បី​អបអរ​សាទរថ្ងៃឯករាជ្យជាតិផង និងដើម្បីរួបរួមគ្នាការពារជាតិ សាសនា ព្រះមហាក្សត្រផង។ ទិវានេះ មានអត្ថន័យ ធំធេងណាស់ ព្រោះឱ​កា​ស​​​នេះ​យើង​ធ្វើ​ឡើង ​​​ដើ​ម្បី​ទប់ស្កាត់ជនក្បត់ជាតិ​មួយ​ចំនួន ដែលមានបំណង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាលស្របច្បាប់ និង​បង្ក​ចលាចល អសន្តិសុខ និង​​វិនាសកម្មដល់​ប្រទេស​ជាតិយើង។ ម៉្យាងទៀត ក៏ចង់ក្រឿនរំលឹកដល់យុវជនជំនាន់ក្រោយៗ​ទៀត​ឲ្យបានយល់កាន់តែច្បាស់ និងស្គាល់អត្តសញ្ញាណជាតិផងដែរ ព្រោះថា យុវជនយើងស្ថិតក្នុងបរិបទសម័យថ្មី យុវជនខ្លះគាត់ទំនើបពេកទៅ គាត់ស្គាល់​របៀបអឺរ៉ុបច្រើនជាង ក៏ភ្លេចអត្តសញ្ញាណជាតិ។ ពេលនេះគឺពួកគាត់អាចស្វែង​យល់បន្ថែមទៀត​អំពីប្រវត្តិ និងប្រពៃណីពីបុរណរបស់ខ្មែរយើង  និងបានស្គាល់​អំពី​របៀប​ដាល់​អំបុក ឬក៏ការធ្វើអំបុក កាន់តែច្បាស់ ។ យើងទាំងអស់អស់គ្នា ត្រូវ រួមគ្នាថែរក្សា និងអភិរក្សនូវអ្វីដែលជាមរតករបស់ដូនតាខ្មែរឲ្យនៅស្ថិតស្ថេរគង់វង្ស ផងដែរ ។

លើស​ពីនេះ​ទៀត ព្រឹត្តការណ៍នេះក៏ពិតជាការ​បង្ហាញ​ពីស្មារតីសា​មគ្គីភាព​ដ៏​រឹង​មាំរបស់ប្រជា​ជ​ន​​នៅរាជធានីភ្នំពេញ ក៏ដូចជា​នៅទូទាំងព្រះរាជាណាចក្រ​កម្ពុជា​យើង ដែលកំពុង​តែសប្បាយរីករាយនឹង សុខសន្តិភាព និង​គាំទ្រ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយសម្តេចតេជោហ៊ុន សែន។​

ក្នុងឱកាសនេះដែរ លោកឃួង ស្រេងអ ភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ពិធីជួបជុំទទួលទានអំបុក ក្នុងថ្ងៃនេះ ធ្វើឡើងចំពេលដែលបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បាននឹងកំពុងរីករាយអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ និងកំពុងត្រៀមចូលរួមសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលព្រឹត្តិការណ៍ទាំងអស់នេះ ពិតជាបានបង្កប់នូវអត្ថន័យ ដ៏ត្រចះត្រចង់ និងបានបង្ហាញពីភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជា

ទាំងក្នុង និងក្រៅប្រទេស ពិសេសស្មារតីឯកភាពជាតិ អធិបតេយ្យភាពជាតិបូរណភាពទឹកដី ក្រោមម្លប់សុខសន្តិភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍ

លើគ្រប់វិស័យ ផ្ទុយស្រឡះពីក្រុមឧទ្ទាមក្រៅច្បាប់ ដែលបែរជាយកថ្ងៃបុណ្យជាតិ ដើម្បីកេណ្ឌបក្សពួកតិចតួចរបស់ខ្លួន ក្នុងគោលដៅដ៏ខ្មៅងងឹតគឺបង្កវិទ្ធង្សនា បង្កភាពភ័យខ្លាច បង្កើតវិនាសកម្ម ប៉ុនប៉ងបំផ្លិចបំផ្លាញសុខសន្តិភាពផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងស្ថាប័នព្រះមហាក្សត្រទៅវិញ។

លោកបានថ្លែងថា ដូនតាខ្មែរយើងកាលពីសម័យបុព្វកាល បានបន្សល់ទុកនូវកេរ្តិ៍ដំណែលដ៏មានតម្លៃមិនអាចកាត់ថ្លៃបានជាច្រើនសន្ធឹកសន្ធាប់ ដើម្បីឱ្យកូនចៅជំនាន់ក្រោយថែរក្សាការពារទុកជាសម្បត្តិវប្បធម៌ជាតិ ក្នុងនោះ៖ អំបុក គឺជាអាហារប្រពៃណីមួយប្រភេទ ដែលត្រូវបានបុព្វបុរសខ្មែរកែច្នៃផលិតឡើង ទុកជាដង្វាយដែលមិនអាចខ្វះបានសម្រាប់ថ្វាយដល់ដួងព្រះចន្ទ្រានារាត្រីថ្ងៃពេញបូរណ៌មី ១៥ កើត ខែកត្តិក ជារៀងរាល់ឆ្នាំ និងដើម្បីទុកជាអាហារសម្រាប់ទទួលទានកំសាន្តសប្បាយនារដូវទឹកសម្រក ក្នុងឱកាសដែលបងប្អូនប្រជាកសិករខ្មែរ ត្រៀមប្រមូលភោគផលកសិកម្មដំបូងរបស់ខ្លួនយ៉ាងណាមិញ ដើម្បីផលិតអំបុក បងប្អូនប្រជាកសិករយើងត្រូវសម្រិតសម្រាំងប្រភេទស្រូវ ចំណាយពេលវេលា កម្លាំងពលកម្ម និងប្រើប្រាស់នូវសម្ភារៈប្រពៃណីមួយចំនួន ទម្រាំទទួលបានអំបុកយកមកទទួលទាន ពោលគឺវាមិនមែនការងារសាមញ្ញពេកនោះទេ។ ជាទូទៅស្រូវដែលយកមកធ្វើជាអំបុក ត្រូវហាលឱ្យបានស្ងួតល្អ ជាគ្រាប់ស្រូវស្រឡូនល្អ ហើយភាគច្រើនគេនិយមយកស្រូវផ្ការំដួល ស្រូវផ្កាម្លិះ ស្រូវសែនក្រអូប ឬ ស្រូវដំណើបក៏បាន ពីព្រោះស្រូវទាំងនេះ ជាប្រភេទស្រូវស្រាល ងាយដាំ ងាយប្រមូលផលទាន់រដូវបុណ្យអុំទូក ជាពិសេសស្រូវប្រភេទនេះ មានភាពទន់ ស្អិត និងមានក្លិនក្រអូបលុយប្រហើរធ្វើឱ្យអំបុកកាន់តែមានរសជាតិឆ្ងាញ់ពិសារ។ ចំពោះការទទួលទានអំបុកគឺអាស្រ័យលើចំណង់ចំណូលចិត្តរបស់បងប្អូនប្រជាពលរដ្ឋម្នាក់ៗ ដោយអ្នកខ្លះនិយមពិសារអំបុកទទេ រីឯអ្នកខ្លះទៀតនិយមពិសារអំបុកដោយលាយជាមួយគ្រឿងផ្សំផ្សេងទៀត ដើម្បីបង្កើនរសជាតិ ក្នុងនោះ៖ ជាទម្លាប់បងប្អូនយើងភាគច្រើននិយមពិសារអំបុក ដោយលាយជាមួយ ស្ករស, ទឹកដូង , សាច់ដូង, ចេកណាំវ៉ា, ចេកអំបូង, ទឹកដោះគោស្រស់, សាច់ជ្រូកចិញ្ច្រាំ ជាដើម ឬ គេអាចកែច្នៃអំបុកទៅជាន់ផ្សេងៗ ថែមទៀតផង។

សម្រាប់វត្តមានរបស់ គណៈអធិបតី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងពិធីទទួលទានអំបុកក្នុងថ្ងៃនេះ គឺមិនត្រឹមតែជាសក្ខីភាពនៃការចូលរួមថែរក្សាកេរ្តិ៍ដំណែល ប្រពៃណីដ៏ល្អផូរផង់របស់បុព្វបុរសយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារមួយប្រកាសប្រាប់ដល់ក្រុមឧទ្ទាមក្រៅច្បាប់មួយក្តាប់តូច ជាពិសេសក្បត់ជាតិសម រង្ស៊ី ថាពួកយើងមិនគាំទ្រ និងប្រឆាំងដាច់ខាតចំពោះនយោបាយប្រជាភិថុត និងចេតនាធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ពួកយើងរឹតតែមិនអាចទទួលយកបានឡើយ នូវការប្រមាថម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិរូបនេះ ចំពោះ អង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងទាំងអស់គ្នា ព្រោះថាការប្រមាថ អង្គព្រះមហាក្សត្រគឺស្មើនឹងការប្រមាថចំពោះនជាតិខ្មែរទាំងមូល ចាំបាច់យើងត្រូវរួមគ្នាដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ដូច អ្វី ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង បានអំពាវនាវនាពេលកន្លងមក។

ក្រៅអំពីការរៀបចំកម្មវិធី “ទទួលទានអំបុកដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នាពេលនេះ បងប្អូនប្រជាពលរដ្ឋខ្មែរ ទូទាំងរាជធានីភ្នំពេញ ក៏កំពុងរីករាយទទួលទានអំបុកតាមមូលដ្ឋានរបស់ខ្លួនផងដែរក្នុងនោះ៖ យើងបានរៀបចំទីតាំងសម្រាប់ទទួលទានអំបុកសាមគ្គី តាមមូលដ្ឋានខណ្ឌ សង្កាត់ ភូមិ និងតាមទីវត្តអារាម សរុបចំនួន ៨៨៩ ទីតាំងដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់បុព្វជិត និងប្រជាពលរដ្ឋប្រមាណជិត ១០ម៉ឺន អង្គ/នាក់ ក្រោមដំបូលសុខសន្តិភាពជាតិខ្មែរតែមួយ និងដោយក្តីសប្បាយរីករាយជាទីបំផុត៕

 

អត្ថបទដែលជាប់ទាក់ទង