ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារជាតិ ប្រកាសសាងសង់អគារស្នាក់ការថ្មី តាមរចនាឡើង តាមលំនាំប្រាសាទភ្នំ លើទីតាំងចាស់

256

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសព័ត៌មាន តាមជាផ្លូវការតាមហ្វេសប៊ុករបស់ខ្លួននារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ ថា នឹងសាងសង់អគារស្នាក់ការថ្មី លើទីតាំងចាស់ នាពេលឆាប់ៗខាងមុខ។

ធនាគារជាតិ បានឲ្យដឹងទៀតថា “ធនាគារជាតិនៃកម្ពុជានឹងសាងសង់អគារស្នាក់ការថ្មី លើទីតាំងបច្ចុប្បន្ន នាពេលឆាប់ៗខាងមុខនេះ។ អគារស្នាក់ការថ្មីនេះ ត្រូវបានរចនាឡើង តាមលំនាំប្រាសាទភ្នំ ដែលបង្ហាញពីវប្បធម៌ខ្មែរយើង ហើយបង្ហាញពីភាពរឹងមាំ ទំនើប និងការរីកចម្រើនវិស័យធនាគារ នាពេលបច្ចុប្បន្ន”។
ធនាគារជាតិនៃកម្ពុជា ក៏បានបង្ហាញនូវរូបភាព គម្រោងសាងសង់ អគារស្នាក់ការថ្មី និងរូបភាព ពីការវិវត្តន៍អគារស្នាក់ការ ចាប់តាំងពីឆ្នាំ១៩៥៤ មក ដល់បច្ចុប្បន្ន។

ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ១៩៥៤ ពោលគឺ ១ឆ្នាំ​ក្រោយពី​ខ្មែរ​ទទួលបាន​ឯករាជ្យ ពី​អាណានិគមនិយម​បារាំង។ នៅ​ឆ្នាំ ១៩៦៤ ដើម្បី​បំរើ​ឲ្យ​គោលនយោបាយ ​កសាង​ជាតិ​នៃ​របប​សង្គម​រាស្ត្រ និយម រដ្ឋាភិបាល​បានធ្វើការ​កែទម្រង់​ប្រព័ន្ធ​ធនាគារ ដើម្បី​តម្រូវ​ទៅតាម សេចក្តីត្រូវការ​នៃ​សេដ្ឋកិច្ចជាតិ​នា​សម័យ​នោះ។
រដ្ឋបាល​ខ្មែរក្រោម​ការដឹកនាំ​រប​ស់ព្រះបាទ ស​ម្ដេចព្រះ នរោត្តម សីហនុ បានប្រែក្លាយ​ធនាគារជាតិ​នៃ​កម្ពុជា ពី​ទម្រង់​ស្ថាប័ន​ពាក់កណ្តាល​ស្វយ័ត​ ទៅជា​ធនាគារ​រដ្ឋ ​ក្រោមទម្រង់​ជា​ស្ថាប័ន​សាធារណៈ ដែលមាន​លក្ខណៈ​ឧស្សាហកម្ម និង ពាណិជ្ជកម្ម។

ជាការ​សោកស្ដាយ​នៅ​ថ្ងៃទី ១៧ មេសា ១៩៧៥ ក្រោយ​ពេលដែល​កងកម្លាំង​ខ្មែរក្រហម ​បាន​ចូលកាន់​កាប់​ទីក្រុង​ភ្នំពេញ​ហើយ ធនាគារជាតិ​នៃ​កម្ពុជា​ នាពេលនោះ​ត្រូវបាន គេ​កម្ទេចចោល និង​បញ្ឈប់​ទាំងស្រុង​នូវ រូបិយវត្ថុ​ប្រាក់រៀល​ជាតិ ដោយ​មិន​ឲ្យ​ចរាចរ​ឡើយ។ រហូតមកដល់​ការ​ផុតរលត់​​ទៅ ​នៃ​របប​ខ្មៅ​ងងឹត​នេះ ទើប​ធនាគារជាតិ​នៃ​កម្ពុជា បានរៀបចំ​ឡើងវិញ ក្នុងនាម​ជា​ធនាគារកណ្តាល ​របស់​ប្រទេស នៅ​ថ្ងៃទី ១០ ខែតុលា ១៩៧៩ ដោយ​កែប្រែ​ឈ្មោះថា “ធនាគារជាតិ នៃ​ប្រជាជន​កម្ពុជា” ។ ធនាគារជាតិ​នៃ​ប្រជាជន​កម្ពុជា បាន​បោះផ្សាយ​ប្រាក់រៀល​ឡើងវិញ នៅ​ថ្ងៃទី ២០ ខែមីនា ឆ្នាំ១៩៨០ ដើម្បី​ជួយ​សម្រួល​ដល់​ការទូទាត់​ក្នុង​ជីវភាព​រស់នៅ ​របស់​ប្រជាជន ​ដែល​ទើប​ងើប​ពី​សង្គ្រាមថ្មី។ ចំណែកឯ​អគារ​ធនាគារជាតិ​នៃ​កម្ពុជា ​ដែល​បាក់បែក​នោះ ត្រូវបាន​គេ​រុះរើ និង​សាងសង់​ជាថ្មី​ឡើងវិញ ​នៅ​ឆ្នាំ ១៩៩០៕

អត្ថបទដែលជាប់ទាក់ទង