ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូកដែលជាប់ចំណាត់ថ្នាក់ឆ្នាំ២០១៩ ក្រោយ ការប្រណាំងបីថ្ងៃ

137

ភ្នំពេញ៖ ការប្រកួតប្រណាំងទូកឆ្នាំ២០១៩នេះ បានបញ្ចប់ទៅដោយភាពជោគជ័យក្រោមព្រះ
រាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈ កាលពីព្រលប់ថ្ងៃទី១២វិច្ឆិកា ។
លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា អនុប្រធានគណៈកម្មការបច្ចេកទេស និងជាប្រធានគណៈមេប្រយោគ នៃការប្រណាំងទូក បានឲ្យដឹងថា ព្រះរាជពិធីប្រណាំងទូក រយៈពេលបីថ្ងៃនេះ បានបញ្ចប់ដោយភាពជោគជ័យ និងរលូនជាទីបំផុត បើទោះបីជា
ទឹកទន្លេសាប ទាបជាងឆ្នាំមុខក៏ដោយ ក៏ការប្រណាំងទូក ធានាសុខសុវត្ថិភាព គ្មានគ្រោះថ្នាក់ណាមួយកើតឡើង ចំពោះក្រុមកីឡាករកីឡាការិនីឡើយ ពិសេសព្រះរាជពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែងបាន ប្រព្រឹត្តទៅយ៉ាងល្អ និង មានរបៀបរៀបរយស្រស់ស្អាត ។
លោកបានបញ្ជាក់ថា ក្នុងព្រះរាជពិធីប្រណាំងទូកទំាង៣ថ្ងៃនេះ គឺបានបានរកឃើញទូក ដែលទទួលបានជ័យលាភី ក្នុងនោះសម្រាប់ប្រភេទទូកខ្នាតអន្តរជាតិ បុរសចំណាត់ថ្នាក់ផែនលេខ ១ មានចំនួន ១៤ ទូក ផែនលេខ ២ មាន ៣៥ ទូក ផែនលេខ៣ មាន ៣១ ទូក និងផែនលេខ ៤ មាន ១៤ ទូក។ ចំពោះទូកខ្នាតអន្តរជាតិនារី ផែនលេខ ១ មានចំនួន០១ ទូក ផែនលេខ២ មានចំនួន ០១ទូក ។
ចំណាត់ថ្នាក់ប្រភេទទូកអុំប្រពៃណីនារី ផែនលេខ១ មានចំនួន០១ទូក ផែនលេខ២ មានចំនួន០២ទូក ។ ហើយប្រភេទទូកអុំប្រពៃណីបុរស ផែនលេខ១ មានចំនួន១១០ទូក ផែនលេខ ២ មាន២៨ ទូក ផែនលេខ ៣ មាន១៩ ទូក និងផែនលេខ ៤ មាន ១៤ ទូក ។
ប្រភេទទូកចែវនារី ផែនលេខ១មាន០១ទូក និងផែនលេខ២មាន០១ទូក ។ ប្រភេទ ទូកចែវបុរស ផែនលេខ ១ មាន០៨ ទូក ផែនលេខ ២ មាន០៨ ទូក ផែនលេខ ៣ មាន១២ ទូក និងផែនលេខ ៤ មាន០៦ ទូក។
ចំពោះទូកពិសេស ដែលមានល្បឿនលឿនជាងគេ ក្នុងរយៈពេលបីថ្ងៃនេះ លេខ១ ទូកលេខ២២២ ឈ្មោះសារាយតេជោសែនជ័យ របស់ខេត្តកណ្តាល ចំណុះ៧២ នាក់ ដែលរយ:ពេល ៣ ថ្ងៃធ្វើក្នុងថិរវេលា ៣០នាទី ២៦ វិនាទី៤៥ , លេខ ២ ទូកលេខ២២៣ ឈ្មោះ សម្តេចវិបុលបញ្ញាបារមីមានជ័យ ចំណុះ៧៤នាក់ របស់ខេត្តតាកែវ ថិរវេលា ៣០នាទី ៣៣វិនាទី៧១ និងលេខ៣ទូកលេខ២៣២ របស់ខេត្តតាកែវដែរ គឺទូកឈ្មោះគីរីវង់សុខសែនជ័យ ចំណុះ៧៤នាក់ ធ្វើក្នុងថិរវេលា ៣០នាទី ៤៨វិនាទី ៣២ ។
សម្រាប់ចំណាត់ថ្នាក់ទូកសោភ័ណភាព ឆ្នាំ២០១៩នេះ មានចំនួន៣ទូក គឺទី១ ទូកឈ្មោះក្អែកសតេជោសែនជ័យ ពាក់លេខ១៦២ ជាប្រភេទទូកអុំបុរស ក្នុងគូពិសេសមកពីរាជធានីភ្នំពេញ។ ទី២ ទូកឈ្មោះនរិន្ទរង្សីស្រីសពិជ័យចិត្របុត្រ លេខ១៣០ប្រភេទទូកអុំបុរស ក្នុងគូពិសេសមកពីខេត្តបាត់ដំបង និងទី៣ ទូកលេខ២២៨ ឈ្មោះសុវណ្ណរាជសីហ៍បារមីបន្ទាយមហានគរ ប្រភេទទូកអុំ បុរសក្នុងគូពិសេស មកពីខេត្តបន្ទាយមានជ័យ ។
គួរបញ្ជាក់ថា រាជធានី-ខេត្ត និងស្ថាប័ន ក្រសួង មន្ទីរ ចំនួន២៥នៅទូទាំងប្រទេស បានបញ្ជូនទូកមកចូលរួមប្រណាំង នៅក្នុងឆ្នាំនេះ មានចំនួន២៩១ទូក និងមានចំណុះទូកសរុបទាំង បុរសនារីចំនួន១៩.២១៨នាក់ ក្នុងនោះកម្លាំងអុំបុរសចំនួន១៥.៤៧១នាក់ កម្លាំងអុំនារី ចំនួន១៨៤នាក់ កម្លាំងត្រៀមបំរុងបុរស ចំនួន៣.៤៧០នាក់ និងកម្លាំងត្រៀមនារីចំនួន៨៩នាក់ ៕

អត្ថបទដែលជាប់ទាក់ទង