ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅពាក់កណ្តាលឆ្នាំ២០២០នេះ រដ្ឋបាលរាជធានី នឹងស្ថាបនាស្ពានអាកាសថ្មើរជើងនៅមុខផ្សារដើមគរនិងនៅមុខសាសាបឋមសិក្សាសន្ធរម៉ុក

48

ភ្នំពេញ៖ បើមិនមានអ្វីប្រែប្រួលទេ នៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខនេះ រដ្ឋបាលរាជធានីនឹងស្ថាបនាស្ពានអាកាសថ្មើរជើងនៅមុខផ្សារដើមគរនិងនៅមុខសាសាបឋមសិក្សាសន្ធរម៉ុក នៅក្នុងអាណាចក្រខណ្ឌទួលគោក ខណៈដែលពេលនេះក្រុមការងារជំនាញបាននិងកំពុងកំណត់ទីតំាងស្ថាបនានិងបានខួងដីយកទៅពិសោធន៍រួចរាល់ហើយនោះ។
   អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យក្រុមហ៊ុនដែលទទួលសិទ្ធិក្នុងការស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់ ផ្សារដើមគរនិងនៅមុខសាលាបឋមសិក្សាសន្ធរម៉ុក ចុះទៅសិក្សាចាប់ពីសប្តាហ៍នេះទៅដើម្បីឲ្យទាន់តាមផែនការក្នុងរយៈពេល៦ខែទៀតរួចរាល់ ដែលជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សបានឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាពដែលមិនប្រឈម ទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងជាយថាហេតុ។
  ក្នុងកិច្ចប្រជុំរវាងអាជ្ញាធររាជធានីភ្នំពេញ និងក្រុមហ៊ុនឯកជនកាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា ការពន្លឿនស្ថាបនាស្ពានអាកាសថ្មើរជើងទំាង២កន្លែងនេះ ដោយសារតែមានការគាំទ្រពីប្រជាពលរដ្ឋចង់ឲ្យមានការស្ថាបនាឲ្យបានឆាប់។
   លោកបានបន្តថា គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារ ដើមគរក្រុមមន្រ្តីជំនាញបានចាប់ផ្តើមស្ថាបនាជាបណ្តើរៗហើយដូចជាការកំណត់ទីតំាងការដ្ឋាន ការខួងដីយកទៅពិសោធន៍ និងការដោះស្រាយផលប៉ៈពាល់ជាមួយប្រជាពលរដ្ឋ។ ចំណែកគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុកវិញអាចនឹងចុះកំណត់ទីតំាងស្ថាបនានៅសប្តាហ៍ក្រោយ ដោយសារក្រុមអ្នកជំនាញត្រូវការសិក្សាឲ្យបានល្អិតល្អន់បន្ថែមទៀត ព្រោះស្ពានអាកាសនេះនៅលើចំនុចផ្លូវប្រសព្វទំាង៤ទិសតែម្តង ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាពទោះពួកគេមកពីទិសខាងណាក៏ដោយ។
 លោកអភិបាលបានបានអៈអាងថា គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងទំាង២នេះ នឹងស្ថាបនាឡើងឲ្យធានាបានគុណភាពខ្ពស់បំផុតរហូតដល់៥០ឆ្នាំឡើងទៅ ពិសេសការរចនា  ជណ្តើរឡើងឲ្យមានភាពងាយស្រួលឡើងចុះទំាងកុមារនិងមនុស្សចាស់ ដែលអាចធ្វើដំណើរឆ្លង កាត់បាន។
  តំណាងក្រុមហ៊ុន ដែលទទួលសិទ្ធិក្នុងស្ពានអាកាសថ្មើរជើងទំាង២កន្លែង នេះបានសន្យានឹងអនុវត្តផែនការស្ថាបនាគ្រោងស្ពានអាកាសថ្មើរជើងទំាង២កន្លែងនេះអោយហើយតាមផែនការកំណត់ប្រកបដោយគុណភាពនិងសោភ័ណភាព ដើម្បីទាក់ទាញប្រជាពលរដ្ឋឲ្យធ្វើដំណើរឆ្លងកាត់ស្ពានអាកាសថ្មើរជើងនេះ។
  គួរបញ្ជាក់ថា មកដល់ពេលនេះរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែងហើយ ដោយនៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិសែនជ័យមានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ហើយរដ្ឋបាលរាជធានីភ្នំពេញគ្រោងពង្រីកគម្រោងស្ថាបនានេះឲ្យបាន ច្រើន កន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍនិងទីក្រុងមានភាព ស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕
អត្ថបទដែលជាប់ទាក់ទង