ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជម្លោះដីធ្លីផ្ទុះឡើងជាថ្មីនៅខេត្តព្រះសីហនុ ដោយខាងក្រុមហ៊ុនអះអាងមានប័ណ្ណកម្មសិទ្ធិ រីឯខាងប្រជាពលរដ្ឋ អះអាងថាមានលិខិតបញ្ជាក់ភូមិ-ឃុំ ទទួលស្គាល់

194

ខេត្តព្រះសីហនុ៖ ជម្លោះដីធ្លីមួយកន្លែងដ៏រ៉ាំរ៉ៃលើផ្ទៃដីប្រមាណជា ៩០ ហិចតា បានកើតឡើងនៅចំនុច អូរប្រៃ ចុងពយ ពង់ពត និងចំនុចលាន ស្ថិតនៅភូមិ ពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងប្រជាពលរដ្ឋចំនួន ៧៧គ្រួសារ និងក្រុមហ៊ុនលោក ឡាញ់ ភារ៉ា ដែលទើបនិងត្រូវបានផ្ទេរកម្មសិទ្ធិដោយឈ្មោះ ផូ ឆាំ និងប្រពន្ធឈ្មោះ ដា សុផាត ។

តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ថា ដីរបស់ពួកគាត់ជាប្រភេទដីស្រែ ហើយដីនេះពួកគាត់បានអាស្រ័យផលដកស្ទូងភ្ជួររាស់ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩មកម្លេះ។ លុះមកដល់ឆ្នាំ ១៩៩៤ រឿងក្តីពាក់ព័ន្ធនិងវិវាទដីធ្លីនៅភូមិពូធឿង ឃុំបិតត្រាំងនេះក៏បានកើតឡើងដោយការរំលោភយកដោយចេតនាទុច្ចរិតទាំងស្រុង ដោយឈ្មោះ ផូ ឆាំ ជាអ្នកគួកជេនិងរៀបដីតំណាងអោយអ្នកវិនិយោគចិនចំនួន០៣នាក់ ១.ឈ្មោះ លី អ៊ីនលុ ២.ឈ្មោះ ហូ ស៊ីនធាន ៣.ឈ្មោះ លី ស៊ីវស៊ា។ បន្ទាប់មក ឈ្មោះ ផូ ឆាំ ក៏ចាប់ផ្តើមប្រមូលទិញដីពីប្រជាពលរដ្ឋនៅចំនុចភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តែឈ្មោះ ផូ ឆាំ បានប្រមូលទិញដីពីបនរជាពលរដ្ឋបានតែមួយចំនួនតូចតែប៉ុណ្ណោះ រីឯដីមួយចំនួនធំទៀតគឺប្រជាជនមិនបានលក់ទៅអោយឈ្មោះ ផូ ឆាំ នោះទេ។ លុះមកដល់ឆ្នាំ ១៩៩៤ ក៏លឺថាដីរបស់ពួកគាត់ទាំង ៧៧ គ្រួសារនេះ គឺត្រូវបានឈ្មោះ លី អ៊ីនលុ បានធ្វើប្លង់កម្មសិទ្ធិគ្របពីលើដីរបស់ពួកគាត់ទាំងអស់ ទាំងពួកគាត់មិនបានព្រមព្រៀងលក់អោយផងនោះ។ រីឯប្លង់ដែលមានឈ្មោះ លី អ៊ីនលុ គឺពួកគាត់ (ប្រជាជន) មិនដឹងថាចេញមកតាមរបៀបណានោះទេ ព្រោះពួកគាត់ (ប្រជាជន) មិនដែលបានដឹង ឬឃើញសេចក្តីជូនដំណឹងរបស់មន្រ្តីជំនាញឬអាជ្ញាធរមូលដ្ឋានព្រមទាំងយកឯកសារទិញ-លក់ ឬ ផ្ទេរសិទ្ធិរបស់ប្រជាជនម្ចាស់ដីក្នុងភូមិពូធឿងមកបង្ហាញនោះឡើយ។ លុះមកដល់ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៩ មានមេធាវីឈ្មោះ បាន សីយុទ្ធ ដែលបានអះអាងថាជាមេធាវីតំណាងអោយលោកជំទាវ ហ៊ុន សេងនី បានមកដល់សាលាឃុំបិតត្រាំងដើម្បីផ្ទៀងផ្ទាត់ឯកសាររវាងប្រជាជនទាំង៧៧គ្រួសារដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ រីឯ ឯកសារមេធាវីតំណាងជំទាវ ហ៊ុន សេងនី ដែលមានប័ណ្ណកម្មសិទ្ធិសរុបចំនួន ១៧ ប័ណ្ណនៅចំពោះមុខមេឃុំបិតត្រាំងលោក មាច ចាន់ បន្ទាប់មកមេឃុំបានហៅឈ្មោះប្រជាជនម្តងម្នាក់ៗដើម្បីផ្ទៀងផ្ទាត់លុះផ្ទៀងផ្ទាត់ប័ណ្ណមិនបានប៉ុន្មានផងក៏ផ្ទុះការតវ៉ាពីប្រជាពលរដ្ឋដោយឯកសារខាងប្រជាពលរដ្ឋនិងឯកសារមេធាវីមានលក្ខណៈខុសគ្នាដាច់ស្រលះបើប្រៀបធៀបនិងទីតាំងដីជាក់ស្តែង។ ក្រោយពីជំនួបរវាងប្រជាពលរដ្ឋទាំង៧៧គ្រួសារនិងមេធាវីតំណាងអ្នកឧកញ៉ា ឡាញ់ ភារ៉ា នៅសាលាឃុំបិតត្រាំងដោយមិនទាន់ដោះស្រាយរួចរាល់ផង ស្រាប់តែ អ្នកឧកញ៉ា ឡាញ់ ភារ៉ា និងលោក ផូ ឆាំ ព្រមទាំងបក្សពួក បានយកកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ និងកម្លាំងស៊ីវិល រួមជាមួយរថយន្តដាក់ឡូហ្គូ អ/ហ ព្រៃនប់ ខេមរភូមិន្ទ ពាក់ស្លាកលេខ 2-9353 មកឈរជើងប្រចាំការទាំងយប់ថ្ងៃ ដើម្បីយាមកាមអោយខាងក្រុមហ៊ុនអ្នកឧកញ៉ា ឡាញ់ ភារ៉ា និង ផូ ឆាំបោះបង្គោល ធ្វើរបងហ៊ុំព័ទ្ធយកដីស្រែប្រជាជន ដែលបានកាន់កាប់ និងអាស្រ័យផលចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចប្បន្ននេះ។ បើយោងតាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ថា ដោយអាងអំណាចបុណ្យសក្តិ និងអំណាចទឹកប្រាក់ អ្នកឧកញ៉ា ឡាញ់ ភារ៉ា និងលោក ផូ ឆាំ បញ្ជាសុទ្ធតែកងកម្លាំងប្រដាប់អាវុធ ហើយឃុបឃិតគ្នាជាប្រព័ន្ធដោយរំលោភយកដីប្រជារាស្ត្រស្លូតត្រង់ដែលកំពុងតែតវ៉ាគ្នាមិនទាន់ដាច់ស្រេចផងនោះ។ ទោះប្រជាពលរដ្ឋទាំង៧៧គ្រួសារ នាំគ្នាតវ៉ាប្តឹងទៅសាលាឃុំបិតត្រាំងយ៉ាងណាក៏លោកមេឃុំ មាច ចាន់ បានត្រឹមតែប្រាប់អោយដាក់ពាក្យប្តឹងទៅតុលាការទៅដោយសម្អាងថា ក្រុមហ៊ុនមានប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)។ ប្រជាជនទាំង៧៧គ្រួសារ ងឿងឆ្ងល់ថា តើលោក ផូ ឆាំ និងប្រពន្ធឈ្មោះ ដា សុផាត ដែលជាអ្នកគួកជេប្រមូលទិញដីពីប្រជាជនអោយជនជាតិចិនចំនួន៣នាក់តែប៉ុណ្ណោះ សម្អាងលើឯកសារអ្វីបានជាមានសិទ្ធិគ្រប់គ្រងដីបន្តពីជនជាតិចិនឈ្មោះ លី អ៊ីនលុ ទៅវិញ ទាំងដែរ ពួកគាត់មិនបានព្រមព្រៀងផ្តិតស្នាមមេដៃនិងផ្ទេរសិទ្ធិលក់ទៅអោយនរណាម្នាក់ផងនោះ ចុះហេតុអ្វីបានជារំលោភយកដីពួកគាត់ទៅវិញ តើមន្រ្តីពាក់ព័ន្ធទាំងអស់នោះ យោងឯកសារមូលដ្ឋានអ្វីទៅ។ ហើយការតវ៉ាមួយមិនទាន់ចប់ផងនោះ ក៏ស្រាប់តែមានការលក់ដីបន្តទៅអោយឈ្មោះ ឡាញ់ ភារ៉ា ចំណែក១/២ និង ចំណែក១/២ទៀតលក់ទៅអោយ ជំទាវ ហ៊ុន សេងនី ដោយទើបតែផ្ទេរសិទ្ធិថ្មីៗក្នុងឆ្នាំ២០១៩នេះទៀត ក្រោយពីជម្លោះវិវាទដីធ្លីត្រូវបានស្ងប់ស្ងាត់អស់ជាច្រើនឆ្នាំ។ ការពិតយ៉ាងណានោះគឺមានតែសាមីខ្លួនគឺលោក ផូ ឆាំ និង ប្រពន្ធ ដា សុផាត ព្រមទាំងអ្នកឧកញ៉ា ឡាញ់ ភារ៉ា និងជំទាវ ហ៊ុន សេងនី ទេ ទើបអាចស្រាយបំភ្លឺនូវករណីជុំវិញរឿងនេះ។

អង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោក មាច ចាន់ មេឃុំបិតត្រាំង ដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន។

អង្គភាពយើងខ្ញុំនឹងរងចាំការស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕

 

អត្ថបទដែលជាប់ទាក់ទង