ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកទូច សុខៈ ថា អ្វីដែលសឹងមិនជឿ​ គឺផ្សាយព័ត៌មានផ្ទះខ្លួនឯង​ តែមិនដឹងថាជាផ្ទះខ្លួនឯង​

58

 

ភ្នំពេញ៖ បន្ទាប់ពីភ្លើងឆេះផ្ទះអស់គ្មានសល់ លោកទូច សុខៈ ដែលជាពិធីករប្រចាំទូរទស្សន៍ហង្សមាស បានសរសេរលើហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី១៥​ វិច្ឆិកា​ ២០១៩ថា 

“ផ្ទះកំសត់!  ទម្រាំទិញផ្ទះនេះបាន​ ខ្ញុំបានឆ្លងកាត់បន្ទប់ជួល៤កន្លែង​ រួមមាន​ ជាន់ទីបួនម្ដុំអូឫស្សី​ ខាងកើតវត្តសន្សំកុសល​ ម្ដុំបឹងត្របែកខាងត្បូង​ 

និងនៅលេីបឹងទំពន់ជាប់ផ្លូវ៣៧១។ ក្រោយមក​ ពីរនាក់ប្ដីប្រពន្ធបានសម្រេចចិត្តខ្ចីលុយធនាគារ​ 

ដោយបង់រំលោះរយៈពេលជាង១០ឆ្នាំទិញផ្ទះនេះក្នុងតម្លៃ២៥០០០ដុល្លារ”។ 

លោក បានថ្លែងយ៉ាងកម្សត់ថា “គិតថា​ ចាំធូរធារបន្តិចនឹងជួសជុលឱ្យប្រសើរបន្តិចទុកជាអនុស្សាវរីយ៍​ ដឹងអីត្រូវរងគ្រោះដោយអណ្ដាតភ្លើង។ 

ពេលវាឆេះខ្ញុំមិនបាននៅកន្លែងកើតហេតុទេ​ ដោយកំពុងផ្សាយព័ត៌មាននៅទូរទស្សន៍។ អ្វីដែលសឹងមិនជឿ​ គឺផ្សាយព័ត៌មានផ្ទះខ្លួនឯង​ តែមិនដឹងថាជាផ្ទះខ្លួនឯង​!” 

តាមប្រភពពីកន្លែងកើតហេតុ​ និងអ៊ុំស្រីម្ចាស់ផ្ទះជាប់គ្នាប្រាប់ថា​ គឺទុសេពីក្នុងបន្ទប់ជួលផ្ទះគាត់នៅជាន់ខាងលើ​ ហើយគាត់ស្មានតែសំឡេងគេវាយកណ្ដុរក៏មិនចាប់អារម្មណ៍។ 

រហូតដល់ឆេះសន្ធោសន្ធៅទៅហើយទើបដឹងថាភ្លើងឆេះ​ ហើយវាបានរាលដល់ផ្ទះខ្ញុំរួចហើយដែរ។ ភ្លើងឆេះមិនដល់៥នាទី​ សឹងគ្មានសល់​ 

ដោយបានក្រុមពន្លត់អគ្គីភ័យអន្តរាគមន៍បន្ថែម។ 

លោកថា ខ្ញុំសូមថ្លែងអណរគុណចំពោះ​ ឯកឧត្ដម​ លោកជំទាវ​ និងបងប្អូនទាំងអស់ដែលផ្ញើសាចូលរួមសោកស្ដាយដល់ខ្ញុំ។ 

សូមអរគុណចំពោះបងប្អូនអ្នកសារព័ត៌មានដែលបានចុះផ្សាយផងដែរ។ ឆ្លៀតឱកាសនេះ​ ខ្ញុំក៏បញ្ជាក់ជូនបងប្អូនមួយចំនួន​ 

ពិសេសអ្នកសារព័ត៌មានដែលតាំងសំណួរមកខ្ញុំអំពីសំណងខូចខាត។ ជាការពិតផ្ទះដែលជាប្រភពបង្កហេតុមានកាតព្វកិច្ចជួសជុលសំណង​ 

ប្រសិនម្ចាស់ផ្ទះរងគ្រោះជិតខាងប្ដឹងទាមទារ​ ប៉ុន្តែទោះខ្ញុំមិនសូវសម្បូរធនធាន​ ដោយយោងគោលការណ៍ក្បែរខាង​ ខ្ញុំមិនទាមទារឱ្យគាត់សងការខូចខាតទេ។ 

លោកថា ខ្ញុំនឹងព្យាយាមសន្សំប្រាក់ដើម្បីសាងសង់តាមទម្រង់ចាស់ទុកជាអនុស្សាវរីយ៍។ ខ្ញុំពិតជាមិនចង់បាត់វាទេ​ ព្រោះជាញើសឈាមប្ដីប្រពន្ធ​ 

និងការជ្រោមជ្រែងរបស់ប្អូនៗថ្លៃ​ ពុកម្ដាយក្មេង​។ ជាពិសេស​ អ្នកមានគុណម្នាក់ទៀត​ ដែលបានឧបត្ថមប្រាក់បង់ផ្ដាច់ធនាគារ។ 

សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់នគរបាលជំនាញថា នៅវេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ មាន​អគ្គីភ័យ​មួ​យ​កន្លែង​​កើតឡើង​នៅផ្ទះ​លេខ

​១២៧ ស្ថិ​តនៅតាម​បណ្តោយ​ផ្លូវ​លេខ​២០​២​ ក្រុមទី​​២ ភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពុន​​២ ខ​ណ្ឌមា​នជ័យ រាជធានី​ភ្នំពេញ បណ្តាល​មក​ពី​ការឆ្លង​ចរ​ន្ត​អគ្គិ​សនី ។​

ម្ចាស់ផ្ទះ​រង​ឈ្មោះ អ៊ុច សុខ​ហេង ភេទ​ស្រី អាយុ​៧២​ឆ្នាំ មុខរបរ​ជរា​​នៅ​ផ្ទះ ។ ផ្ទះ​រងគ្រោះ​ធ្វើ​អំពី​​​ថ្ម​ក្រោ​ម​ឈើ​​លើ ប្រក់​ស័ង្កសី ទំហំ ៦​ម៉ែ​ត្រ គុណនឹង ១២​ម៉ែត្រ ។​

​ហេតុការណ៍​ខាងលើ បាន​ឆេះ​បំផ្លាញ​ផ្ទះ​២​ខ្នង​​​ទាំង​ស្រុង និង​រោល​ជញ្ជាំ​ង​​ផ្ទះ​​ដែល​នៅក្បែរ​ខាង​អស់​​​ចំនួ​ន​២​ខ្នង និង​មិន​បណ្តាល​​​ឲ្យ​​មាន​គ្រោះថ្នាក់​មនុស្ស​ ​។​

​ក្នុង​នោះគេ​ឃើញ​មា​ន​​រថ​យន្ត​ការិយាល័យ​អគ្គិភ័យ​ ​ចំនួន​៩​គ្រឿង ជួយ​អន្តរាគមន៍​បាញ់​ទឹក​​​ពន្លត់ និង​រថយន្ត​ជំនួយ​រប​ស់​​កង​រាជអាវុធ​ហត្ថ​រា​ជធានី​​ភ្នំពេ​ញ​​ចំនួន ៥​គ្រឿង​, 

រថយន្ត​ក្រុមហ៊ុនស្រា​​បៀ​រ​​កម្ពុជា​​​ចំនួន ១​គ្រឿង ទើប​អាច​ពន្លត់​បា​ន​​ទាំង​ស្រុង​នៅ​ម៉ោង​១០​និ​ង​​០០​នាទី​ព្រឹក នា​ថ្ងៃខែ​ឆ្នាំ​ដដែ​ល ៕

អត្ថបទដែលជាប់ទាក់ទង