ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនបរទេសចំនួន ១៩៧នាក់ សង្ស័យលួចបើកល្បែងភ្នាល់អនទ្បាញ 

196

 

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះត្រួតពិនិត្យគោលដៅចំនួន ០២ទីតាំង ដែលសង្ស័យលួចបើកល្បែងភ្នាល់អនទ្បាញ ដោយខុសច្បាប់ និងបានឃាត់ខ្លួនជនបរទេសចំនួន ១៩៧នាក់ មាន ៦សញ្ជាតិ និងបានបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង មាន កុំព្យូទ័រលើតុ ១០គ្រឿង ទូរស័ព្ទដៃមួយចំនួន បញ្ជូនទៅទីស្នាក់ការត្រៀមបណ្តេញចេញ ខេត្តសៀមរាប និងបានសម្រេចបិតសៀលអគារ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសថា នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃអង្គារទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការចង្អុលដឹកនាំពី លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក្រុមប្រតិបត្តិការចម្រុះ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំផ្ទាល់ដោយលោក នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងអនោ្តប្រវេសន៍ សហការជាមួយនាយកដ្ឋាន ប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម, ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលនីតិវិធី ដោយលោកព្រះរាជអាជ្ញារង តេង សាម៉ៃ បានចុះត្រួតពិនិត្យគោលដៅចំនួន ០២ទីតាំង ដែលសង្ស័យលួចបើកល្បែងភ្នាល់អនទ្បាញ ដោយខុសច្បាប់។

ក្នុងការចុះត្រួតពិនិត្យទីតាំងទាំង ០២កន្លែងនេះ ១-នៅនាគទិព្ទ២ ក្រុងប៉ោយប៉ែត មានច្បាប់អនុញ្ញាត និង២-នៅផ្ទះល្វែងក្រុមហ៊ុន ប៉ារ៉ាម៉ិច ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គ្មានច្បាប់អនុញ្ញាតបើកអាជីវកម្ម។

លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ បានឃាត់ខ្លួនជនបរទេសចំនួន ១៩៧នាក់ ស្រី ១២៣នាក់ មាន ០៦សញ្ជាតិ និងបានបញ្ជូនជនសង្ស័យខាងលើ រួមជាមួយវត្ថុតាងមាន កុំព្យូទ័រលើតុ ១០គ្រឿង ទូរស័ព្ទដៃមួយចំនួន បញ្ជូនទៅទីស្នាក់ការត្រៀមបណ្តេញចេញ ខេត្តសៀមរាប និងបានសម្រេចបិតសៀលអគារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង