ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋស្នើសុំអោយអាជ្ញាធរជួយដោះ ស្រាយ បញ្ហាហេឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រឡាយលូ ទឹកស្អាត និងបញ្ហាដីធ្លីក្នុងវេទិកាសាធារណៈ ខណ្ឌជ្រោយចង្វារ

245

ភ្នំពេញ៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ ដែលបានធ្វើឡើងនៅក្នុងផ្សាររុងរឿង តំបន់អភិវឌ្ឍន៍ជ្រោយចង្វាOCIC ខណ្ឌជ្រោយចង្វា កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋ បានស្នើសុំអោយអាជ្ញាធរជួយដោះស្រាយ ពួកគាត់លើបញ្ហាហេឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រឡាយលូ ទឹកស្អាត និងបញ្ហាដីធ្លី ដែលជាបញ្ហាដោះស្រាយមិនទាន់ចេញ។
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ប្រជាពលរដ្ឋ បានលើកឡើង នូវកង្វល់រៀងខ្លួនៗ ទៅកាន់ក្រុមប្រឹក្សាគណៈធិបតី អំពីផលប៉ះពាល់ នៅក្នុងមូលដ្ឋាន ក្រោយតំបន់នេះ មានការអភិវឌ្ឍន៍ ធ្វើអោយតំបន់មួយចំនួន ជួបប្រទះនូវបញ្ហា លើការខូចខាតផ្លូវ ដែលធ្លាប់ប្រើប្រាស់ និងបាត់បង់តំបន់ស្តុកទឹក និងប្រព័ន្ធបង្ហូរទឹក នៅមិនទាន់មាន បណ្តាលអោយមានទឹកលិច តាមកន្លែង បង្កអោយមានផលវិបាក ក្នុងការរស់នៅ ។
ដោយឡែកប្រជាពលរដ្ឋមួយចំនួនទៀត សំណូមពរ អោយមានការ ជម្រុញដល់ការរៀបចំ ប្រព័ន្ធទឹកស្អាត អោយបានគ្រប់កន្លែង ខណៈប្រជាពលរដ្ឋខ្លះ នៅប្រើទឹកព្រែក ដែលជាទឹកមិនស្អាត ហើយបន្ថែមពីនេះទៅទៀតព្រែកមួយចំនួនត្រូវបានគេលុបអស់។
ប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រែកលាភ ក្នុងឱកាសនោះដែរ បានស្នើរអោយអាជ្ញាធរជួយពន្លឿននៃការដោះស្រាយបញ្ហាដីធ្លីរវាងប្រជាពលរដ្ឋនិងដីសាលា កសិកម្មព្រែកលាភ ដោយសារតែពេលប្តូូរនាយកសាលា ដីសាលាចេះតែធំ រីកធ្វើអោយដីរបស់គាត់ចេះតែរួញទៅៗ ។ បញ្ហានេះខាងមន្ត្រីសុរិយោធីបញ្ជាក់ថា ដោះស្រាយមិនទាន់ចេញទេ ដោយរងចាំដោះស្រាយជាមួយនាយកសាលាជាមុនសិន។ ចំណែកប្រជាពលរដ្ឋនៅភូមិព្រែកតារ័ត្នសង្កាត់ព្រែកតាសេកចំនួន៦៦គ្រួសារ បានស្នើសុំអោយមានការបំភ្លឺនិងដោះស្រាយជូនពួកគាត់ ពាក់ព័ន្ធនិងការធ្វើឯកសារដីធ្លី ដោយដីរបស់ពួកគាត់នៅក្នុងស្រុកមុខកំពូលខេត្តកណ្តាលពេលទៅធ្វើឯកសារនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ គេមិនធ្វើអោយ ដោយអះអាងថាដីនោះនៅក្នុងស្រុកមុខកំពូលខេត្តកណ្តាល។តែនៅពេលពួកគាត់ទៅស្រុកមុខកំពូលគេរុញអោយមកភ្នំពេញវិញ ដែលធ្វើអោយពួកគាត់ពិបាកមិនដឹងថា ទៅសុំសេវាពីខាងណា។ បញ្ហានេះខាងមន្ត្រីជំនាញ បានបញ្ជាក់ថា ចំពោះការងារនេះយើងបានធ្វើការដោះស្រាយម្តងហើយ តែសមាសភាពមិនគ្រប់គ្រាន់មិនអាចប្រជុំបាន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងនឹងជម្រុញប្រជុំដោះស្រាយអោយបានលឿន ថាតើគួរកាត់ដីនោះអោយមកភ្នំពេញឬអោយទៅខេត្តកណ្តាលគ្រប់គ្រង។
លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នឹងផ្តល់ជូនប្រជាពលរដ្ឋ ក្នុងការចូលរួម ក្នុងដំណើរអភិបាលកិច្ច និងជាឧបករណ៍មួយ សម្រាប់លើកកម្ពស់ គណនីភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ។
លោក ប៉ា សុជាតិវង្ស បានបន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយល់បល់នេះ ធ្វើឡើង ក្នុងគោលបំណង ដើម្បីធានាថា រាល់បញ្ហាអតិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប និងគ្រប់អ្នកពាកលព័ន្ធទាំងអស់ ក្នុងមូលដ្ឋានត្រូវបានរួមបញ្ចូល បរិយាប័ន នៅក្នុងដំណើរការ នៃការអភិវឌ្ឍន៍ បែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។
ប្រធានក្រុមប្រឹក្សា បន្ថែមថា ម្យ៉ាងទៀតក្រុមប្រឹក្សារាជធានីភ្នំពេញ មានបំណងជម្រុញវប្បធម៌ នៃការពិភាក្សា និងលើកកម្ពស់ គណនីភាពតាមបែបប្រជាធិបតេយ្យ ដោយការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅរៀងរាលត្រីមាសទី៤ នៃឆ្នាំនីមួយៗ៕

 

 

អត្ថបទដែលជាប់ទាក់ទង