ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរបូហ្គូតា របស់ប្រទេសកូឡុំប៊ី ដាក់បម្រាមគោចរ នៅសង្កាត់ចំនួន ៣ ចំពេលមានភាពចលាចល

51



សារព័ត៌មាន sputnik បានផ្សាយថា ការិយាល័យចំណាកស្រុករប​ស់ប្រទេសកូឡុំប៊ី បានប្រកាសនៅដើម​សប្តាហ៍នេះថា រាល់ច្រកព្រំដែនទាំងអស់ នៅក្នុងប្រទេស នឹងត្រូវបិទទ្វាររហូតដល់ថ្ងៃទី ២២ ខែវិច្ឆិកា ដោយសារតែការតវ៉ា ដែលកំពុងកើតមាន។

អាជ្ញាធរក្នុងរដ្ឋធានីបូហ្គូតា បានដាក់បម្រាមគោចរមួយ នៅថ្ងៃសុក្រនេះ នៅក្នុងសង្កាត់ចំនួន ៣ ចំពេលមានការតវ៉ា ដែលកំពុងចាប់ផ្តើម នៅថ្ងៃព្រហស្បតិ៍ ហើយត្រូវបានគេរាយការណ៍ថា គ្រោងនឹងធ្វើឡើងជាការហែក្បួន ដោយសន្តិវិធីមួយ ដែលមានការចូលរួមពីនិស្សិតនិងសាស្រ្តាចារ្យ។
ទោះយ៉ាងណាក្រុមប្រឆាំង បានប្រកាសផែនការ អនុវត្តកូដកម្មទូទៅ នៅថ្ងៃដដែល។

នៅបូហ្គូតា ក្រុមបាតុករបានបិទផ្លូវ និងផ្លូវជាច្រើន។ ក្រុមបាតុករកំពុងដុតរបាំង និងគប់ដុំថ្មទៅលើប៉ូលីស ដែលកំពុងប្រើហ្គាសបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបង្ក្រាបពួកគេ។ ក្រុមអ្នកតវ៉ាជាច្រើននាក់ នៅតែស្ថិតនៅកណ្តាលទីក្រុង ទោះបីជាបាតុកម្មកំពុងរារាំងចរាចរណ៍មេត្រូ នៅក្នុងរដ្ឋធានីកូឡុំប៊ីក៏ដោយ។

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបាននិយាយថា អ្នកតវ៉ារាប់សិបនាក់ ត្រូវបានឃុំខ្លួន ហើយមនុស្សជាច្រើននាក់ បានរងរបួស នៅក្នុងអំពើហឹង្សានេះ បើទោះបីជាចំនួនជាក់លាក់ មិនត្រូវបានគេរាយការណ៍ក៏ដោយ។

អាជ្ញាធរបានព្រមានថា ការតវ៉ានេះអាចបង្កឱ្យមានភាពវឹកវរ កាន់តែខ្លាំងឡើង ដែលជាករណីនៅវេណេស៊ុយអេឡា និងបូលីវី ជាកន្លែងដែលកុបកម្ម បាននាំឱ្យមានចំនួនអ្នកស្លាប់ និងខូចខាតសម្ភារៈយ៉ាងច្រើន។

ក្រុមបាតុករកំពុងតវ៉ា ចំពោះភាពអសកម្ម របស់អាជ្ញាធរ ក្នុងការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្ម ហើយកំពុងស្វែងរក ការធ្វើឱ្យប្រសើរឡើង នូវស្ថានភាពសេដ្ឋកិច្ច នៅក្នុងប្រទេស។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ មនុស្សជាង ២០០.០០០ នាក់ បានធ្វើដំណើរតាមដងផ្លូវ ឆ្លងកាត់ទីក្រុងកូឡុំប៊ី ជាច្រើន កាលពីថ្ងៃព្រហស្បតិ៍ រួមមានទីក្រុងបូហ្គូតា ម៉ានីហ្សេល កាលី និងប៊ូហ្គារ៉ាម៉ាហ្គាន។ បម្រាមគោចរ ក៏ត្រូវបានដាក់នៅកាលីដែរ៕

អត្ថបទដែលជាប់ទាក់ទង