កម្ពុជា-កូរ៉េ ចុះហត្ថលេខា សិក្សាលទ្ធភាព ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី
ភ្នំពេញ ៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចុះហត្ថលេខាជាមួយលោកស្រី យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ លើសេចក្តីថ្លែងការណ៍រួម ស្តីពីការចាប់ផ្តើមសិក្សាលទ្ធភាព ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ។
ក្រសួងពាណិជ្ជនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍រួម ចាប់ផ្តើមសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ ការចុះហត្ថលេខានេះ ធ្វើឡើងនៅក្នុងឱកាសនៃកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-កូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។
ក្រសួងពាណិជ្ជកម្មបានលើកឡើងថា តាមការរំពឹងទុក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ នឹងជួយពង្រឹងទំនាក់ទំនង និងពង្រីកទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរបន្ថែមទៀត ព្រមទាំងបង្កើតឱកាសការងារក្នុងស្រុក ការនាំចេញសេវា និងពង្រីកវិនិយោគបន្ថែម ដែលនឹងចូលរួមសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្តល់ផលប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ។
នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានកើនឡើងជាលំដាប់ គឺមានទំហំប្រមាណ៧៥៦លានដុល្លារសហរដ្ឋអាមេរិក ដោយកើនឡើងប្រមាណ១៤,៦៩% បើធៀបនឹងឆ្នាំ២០១៧។ ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា ទៅកូរ៉េរួមមាន អាវយឺត សម្លៀកបំពាក់បុរស គ្រឿងអេឡិចត្រូនិក ស្បែកជើង វ៉ាលិស កម្ទេចអាលុមមីញ៉ូម ភេសជ្ជៈ សម្ភារៈពេទ្យ (ចេសវះកាត់) តង់ និងកៅស៊ូធម្មជាតិ។ ទំនិញនាំចូលសំខាន់របស់កម្ពុជាពីកូរ៉េ រួមមាន រថយន្តដឹកទំនិញ ក្រណាត់ចាក់ ទឹករ៉ែធម្មជាតិ ភួយ គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ បន្ទះឬសន្លឹកនីកែល ស្បែកពីសត្វចៀមកែច្នៃរួច ក្រណាត់ជ្រលក់ពណ៌ និងផលិតផលថែរក្សាសម្រស់៕