ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីការបរទេសកម្ពុជា កូរ៉េ ​បានចុះហត្ថលេខា លើឯកសារចំនួនពីរ

46

កូរ៉េ៖ ក្រសួងការបរទេសកម្ពុជា បានប្រកាសព័ត៌មានា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុ​ន បានជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី កាង ឃ្យុង-វ៉ា (Kang Kyung-wha) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋកូរ៉េ។ ​នៅ​ចុងបញ្ចប់នៃជំនួប រដ្ឋមន្រ្តីការបរទេសទាំងពី​រ​បាន ចុះហត្ថលេខាលើឯកសារចំនួនពីរ។

លោក ឡុង ឌីម៉ង់ ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលអមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចូលរួមជំនួបពិភាក្សានេះ បានឱ្យថា លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ការងារជូនពលករខ្មែ​រ។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ពលករខ្មែរដែលបានមកធ្វើការនៅសាធារណរដ្ឋកូ​រ៉េ​នេះ មិនត្រឹមតែទទួលបានចំណូលខ្ពស់ សម្រាប់ទ្រទ្រង់ជីវភាពផ្ទាល់ខ្លួន និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមបានជួយឱ្យពួកគេមា​នជំនាញខ្ពស់ សម្រាប់ប្រកបរបរនៅពេលត្រឡប់ទៅកម្ពុជាវិញ។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យមានការបង្កើនកូតាបន្ថែមទៀត។ ការបង្កើនកូតានេះ ​មិនត្រឹមតែជួយឱ្យពលរដ្ឋកម្ពុជាទទួលបានប្រាក់ឈ្នួលខ្ពស់នោះទេ ប៉ុន្តែបានទាំងជំនាញថែមទៀត។

លោកឯកអគ្គរាជទូត បានបន្ថែមថា លោកស្រី កាង ឈៀង-វ៉ា មិនទាន់មានការឆ្លើយតបបែបណានៅឡើយទេ ចំពោះសំណើនេះ។ ប៉ុន្តែលោកស្រី បានបង្ហាញការរីករាយ នៅពេលសាធារណរដ្ឋកូរ៉េ បានរួមចំណែកធ្វើឱ្យជីវភាព ប្រជាពលរដ្ឋខ្មែរ បានប្រសើរតាមរយៈការងារនេះ។ លោកស្រី ក៏បានបញ្ជាក់ផងដែរថា សាធារណរដ្ឋកូរ៉េ មានលក្ខខណ្ឌការងារច្បាស់លាស់ និងមានការគាំពារខ្ពស់ដល់សិទ្ធិ សុខុមាលភាពរបស់ពលករ។

លោកស្រីរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ក៏បានអះអាងដែរថា ពលករកម្ពុជា ដែលបាននិងកំពុងធ្វើការ នៅក្នុងប្រទេសកូរ៉េនេះ បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច របស់សាធារណរដ្ឋកូរ៉េ៕

អត្ថបទដែលជាប់ទាក់ទង