ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ស្នើសុំឲ្យភាគីកូរ៉េ ពិនិត្យលទ្ធភាពជួយបង្កើន ការបញ្ជារទិញទំនិញបន្ថែមពីកម្ពុជា

153

ប៊ូសាន, កូរ៉េ ៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ស្នើសុំឲ្យភាគីកូរ៉េ ពិនិត្យលទ្ធភាពជួយបង្កើន ការបញ្ជារទិញទំនិញបន្ថែមពីកម្ពុជា ព្រមទាំងលើកទឹក​ចិត្តឲ្យវិ​និយោគិន​កូរ៉េ មកវិនិយោគបន្ថែមទៀតនៅកម្ពុជា។

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-កូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រី យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ ដោយបានពិភាក្សា លើស្ថានភាពវិវឌ្ឍពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក ក៏ដូចជាបញ្ហាស្តីពីកិច្ចព្រមព្រៀងអាសិប។ ក្នុងជំនួបពិភាក្សានេះលោករដ្ឋមន្រ្តី បានផ្តោតការពិភាក្សាសំខាន់ លើលទ្ធភាពក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដោយបានស្នើសុំឲ្យភាគីកូរ៉េពិនិត្យលទ្ធភាព ជួយបង្កើនការបញ្ជារទិញទំនិញបន្ថែមពីកម្ពុជា ព្រមទាំងលើកទឹកចិត្តឲ្យវិនិយោគិនកូរ៉េ មកវិនិយោគបន្ថែមទៀតនៅកម្ពុជា។

បន្ទាប់ពីជំនួបទ្វេភាគី រដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក៏បានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ស្តីពីការចាប់ផ្តើមការសិក្សាលទ្ធភាព ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគី កម្ពុជា-កូរ៉េ ដែលតាមការរំពឹងទុក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ នឹងជួយពង្រឹងនិងពង្រីកទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរបន្ថែមទៀត ព្រមទាំងបង្កើតឱកាសការងារក្នុងស្រុក ការនាំចេញទំនិញ និងសេវា និងពង្រីកវិនិយោគបន្ថែម ដែលនឹងចូលរួមសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានកើនឡើងជាលំដាប់ គឺមានទំហំប្រមាណ ៧៥៦លានដុល្លារសហរដ្ឋអាមេរិក ដោយកើនឡើងប្រមាណ១៤,៦៩% បើធៀបនឹងឆ្នាំ២០១៧។ ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជាទៅកូរ៉េ រួមមាន អាវយឺត សម្លៀកបំពាក់ ផ្នែកគ្រឿងអេឡិចត្រូនិក ស្បែកជើង វ៉ាលី តង់ និងកៅស៊ូធម្មជាតិ ។ល។ ទំនិញនាំចូលសំខាន់របស់កម្ពុជាពីកូរ៉េ រួមមាន រថយន្ត ក្រណាត់ ទឹករ៉ែធម្មជាតិ គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ និងផលិតផលថែរក្សាសម្រស់ ។ល។៕

អត្ថបទដែលជាប់ទាក់ទង