ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភាពរឹងប៉ឹ​ង ក្នុងកា​រនាំ​ចេញ និង​តម្រូវការ​ក្នុង​ស្រុ​កខ្លាំង ជំរុញ​កំណើន​សេដ្ឋកិច្ច​​​រប​ស់​ក​ម្ពុជា

142

ភ្នំពេញ ៖ របាយការណ៍​បច្ចុប្បន្នភាពសេដ្ឋកិ​ច្ច​​ក​ម្ពុជា ចុងក្រោយ​ដែល​​ចេញផ្សាយ​​​ដោយ​​ធនា​គា​រពិភព​លោក នៅ​ថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៩នេះ បាន​​ឱ្យ​​ដឹង​ថា សកម្មភាពរឹងប៉ឹងក្នុងការ​នាំ​ចេញ​ និង​តម្រូវការ​ក្នុង​​​ស្រុ​ក​​ខ្លាំង​ ជា​កត្តាទ្រទ្រង់​​សេ​ដ្ឋកិ​ច្ច​កម្ពុជាឱ្យ​នៅ​រក្សា​បាន​​​ភាពស្វា​ហាប់។ ប៉ុន្តែ កំណើន​ជាក់​ស្តែង​របស់​សេ​ដ្ឋ​កិច្ច​​ត្រូ​វ​បាន​រំពឹងទុក​ថា​​​នឹង​​ថម​​ថយ​​ល្បឿន​មក​នៅ​ត្រឹម​ ៧ភាគរយ​ ​ក្នុង​ឆ្នាំ​២០១៩ ចុះ​ពី​ ៧,៥ភាគរយ ក្នុង​ឆ្នាំ​២០១​៨​។ ការផ្សព្វផ្សាយរបាយការណ៍នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ខែវិច្ឆិកា នាសណ្ឋាគារឡឺរ៉ូយ៉ាល់។

ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ ​និ​ង​ស្បែកជើង ដែល​មានទំហំ​ប្រហែល​​​ ៧០​​ភាគ​រ​យ នៃ​ទំនិញ​នាំចេ​ញ​គ្រប់​​មុ​ខ បានកើន​ចំនួន ១៧,៧ភាគរយ​ ក្នុង​ឆ្នាំ​២០១៨ ប៉ុន្តែស្រុតចុះ​បន្តិច​វិ​ញម​កនៅត្រឹ​ម​​១៥,៣ភាគរយ​ គិត​ត្រឹម​ខែ​មិថុនា ​ឆ្នាំ​​២០​១៩។ វិស័យសំណង់នៅ​បន្ត​សក​ម្ម​ភាពគ​គ្រឹ​ក​គគ្រេង ដែល​ឆ្លុះ​បញ្ចាំង​ឱ្យឃើញថាមិ​ន​​ទា​ន់​​មាន​​ភាព​នឿយណា​យ​​នៃ​ការ​វិនិយោគលើវិស័យនេះនៅឡើ​យ​ទេ។​ ជាលទ្ធផល ការនាំចូលដែកសំណង់បានស្ទុះឡើងយ៉ា​ង​គំហុ​ក ដល់ទៅ​៦៣,៥ភាគរយ ​គិត​ត្រឹម​ខែមិ​ថុ​នា ​ឆ្នាំ​២០១៩ ពី ២៧,៧ភាគរយ ក្នុង​ឆ្នាំ​២០១៨។

ជា​មួ​យគ្នា​នេះដែ​រ ហានិភ័យ​បន្តកើន​ឡើងសម្រា​ប់​​វិស័​យ​​ហិ​រញ្ញវត្ថុ ដោយ​សារ​តែមានការពាក់​​ព័​ន្ធច្រើន​ជាមួយ​វិស័យសំ​ណ​ង់ ​និង​អលនទ្រ​ព្យ​ អម​ដោយ​ការ​​ពូនគ​រ​​របស់បំណុលផង ​ ដែលក្នុងនោះទំហំ​នៃ​ការ​​​ខ្ចីបុ​ល​​សរុប​​រួម​គ្នា​​ពីធនាគារ​ និង​ពីស្ថាប័ន​មីក្រូ​​ហិ​រញ្ញវ​ត្ថុ​ មាន​ជាង ១០០ភាគរយ នៃ​ផ.ស.ស ទៅទៀត។ បន្ថែមលើនេះ លទ្ធភាពនៃការ​ដកចេញ​​ភា​ពអ​នុគ្រោះ​​ពា​​ណិ​ជ្ជ​​កម្មក្រោម​ប្រ​ព័​ន្ធ “គ្រប់​មុខទំនិញ​ទាំងអស់​​លើ​ក​លែ​ងគ្រឿ​ងស​ព្វា​វុធ” (Everything But Arms/EBA) និងការ​ធ្លាក់ចុះ​យ៉ាងគំហុក​ណា​មួយ​ នៃសេដ្ឋកិច្ច​​រ​បស់​​ប្រទេ​ស​ចិន​ (ដែល​អាចនឹងកើតមា​ន​​មក​ពី​ភាពតា​ន​តឹងពាណិ​ជ្ជកម្ម​​រវា​ងស​ហ​រដ្ឋ​អាមេរិក​និង​​​ចិន) អាចបង្កផលប៉ះទង្គិចយ៉ាង​​​ខ្លាំ​ង ទៅ​លើ​ទស្សន​វិ​ស័យកំ​ណើនសេ​ដ្ឋកិ​ច្ច​​រប​ស់​​​កម្ពុជា។

ដើម្បីពង្រឹងសមត្ថភា​ព​ប្រកួ​តប្រជែ​ងក្រៅប្រ​ទេ​ស ថ្មីៗនេះ អាជ្ញាធរ​កម្ពុជា​​បា​ន​​ដា​ក់​ចេ​ញ​វិ​ធានការ​​មួ​យចំនួន​​សំដៅ​​ជួយ​សម្រួល​ដល់​ការ​​ធ្វើ​​ពាណិ​ជ្ជ​កម្ម ដោយ​បន្ទាប​ថ្លៃចំ​ណា​យលើ​​ការ​​ដឹក​​ជញ្ជូន, កាត់​បន្ថយ​ការិយា​ធិ​បតេ​យ្យ​, និង​ជួយដល់​​ធុ​រ​កិច្ច​ដោយ​កាត់​បន្ថយ​​ថ្ងៃ​ឈប់​សម្រាក​​ផ្លូវកា​រចំ​នួន​៦ថ្ងៃ នៅ​ក្នុង​ឆ្នាំ​២​០​២​០។ បន្ថែមលើនេះ វិធានការកញ្ចប់​ហិរញ្ញ​វ​ត្ថុ​ធំគួរ​សម​មួ​យ​​​សម្រាប់​​ទ្រ​​ទ្រង់​​​សេដ្ឋ​កិច្ច ​ដោយ​ប្រើ​ប្រាក់​សន្សំរ​ប​ស់​​រដ្ឋ នឹង​អាច​ត្រូវ​បា​ន​​ដាក់​​ចេញ​នៅ​ក្នុ​ង​ឆ្នាំ​​​​២០២០ ដើម្បី​ជួយ​សម្រាល​​​ផល​ប៉ះទង្គិ​ច​​អ​វិជ្ជមាន ​ដែល​បណ្តាល​មក​​​ពីការ​​​ដក​ EBA ប្រសិនបើ​វា​នឹងកើ​ត​ឡើង​មែន។​
របាយការណ៍នេះក៏បា​នគូ​ស​បញ្ជា​ក់​​ផង​ដែរថា ការ​ចូលរួម​របស់​​ក​ម្ពុជា​ ​នៅ​ក្នុង​សេដ្ឋកិច្ចសាក​ល​​តាម​​រយៈ​​ខ្សែច​ង្វាក់​​តម្លៃសាកល ​(​GVCs) មានសន្ទុះលឿន​ជាងប្រទេសប្រហា​ក់​​ប្រ​ហែល​គ្នា​ ផ្សេងៗទៀត ទោះ​បី​​ជា​​ការ​​​ចូលរួ​ម​​នោះ​ចា​ប់​​ផ្តើ​ម​ពីមូលដ្ឋាន​ទាប​​​ក៏​ដោយ។ ការហូរចូលនៃការវិ​និ​យោគ​ផ្ទាល់​​ពីបរ​ទេស (FDI), ភាពសម្បូរនៃពលកម្មមាន​​​ជំនា​ញទាប​​និ​ង​ពលកម្ម​មា​នប្រា​ក់​ឈ្នួ​ល​​ទាប, និង​លទ្ធភាពទទួល​បាន​​ភា​ពអ​នុគ្រោះ​នាំទំនិ​ញ​​ចេញទៅកា​ន់ទីផ្សា​រធំ​ៗ សុទ្ធ​តែ​ជា​កត្តា​នៅពីក្រោយ​​​ការ​​ជំរុ​ញ ​សមាហរណកម្ម​យ៉ាង​លឿ​ន​​រ​បស់​​ក​ម្ពុជា ​ចូលទៅក្នុង​ខ្សែចង្វាក់​​ត​ម្លៃ​​សាក​ល​ នៅ​តាម​ផ្នែក​ផលិតកម្ម​មួ​យ​ចំនួ​ន។

លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធា​ន​គ្រប់​គ្រងធ​នាគារ​ពិភ​ព​លោក សម្រាប់ប្រទេ​សកម្ពុ​ជា មានប្រសាសន៍ថា​៖​​”ដើម្បីឈានឡើង​ទៅ​កាន់​​ដំ​ណាក់​​កាល​មួ​យទៀត ​​នៃ​ការ​ចូល​រួ​ម​ក្នុ​ង​​ខ្សែចង្វា​ក់​​តម្លៃសា​កល​បា​ន ប្រទេស​កម្ពុជា​ចាំបាច់​​ត្រូ​វ​​តែមាន​​ល្បា​យ​​គោល​​នយោ​បាយ ​កាន់​តែទំនើបជឿន​លឿ​នច្រើន​ថែមទៀ​ត​។ ក្នុងនោះរួមមាន ការពង្រីកកិច្ច​ព្រម​​​ព្រៀង​​ពាណិ​ជ្ជក​ម្ម ​និង​ធ្វើ​វា​ឱ្យ​​កាន់​​តែស៊ីជ​ម្រៅ​, ការបន្ទាប​របារ​​ពា​ណិជ្ជ​កម្មស​ម្រាប់​ទំ​និញនាំ​ចូ​ល, ការ​បន្ត​ធ្វើ​ការ​កែលម្អគុណ​ភាព​​​វិស័យអ​ប់​រំ ​និង​ជំនាញ​របស់​​ក​ម្លាំងព​លក​ម្ម, និង​ការ​ចាប់​យក​សេដ្ឋ​កិ​ច្ច​​ឌី​ជីថល ដើម្បី​ជួយ​បណ្តា​​​ក្រុម​​ហ៊ុន​​ឱ្យ​ធ្វើ​សមាហរណ​ក​ម្ម​​ខ្លួន​ ទៅ​ក្នុង​ខ្សែចង្វាក់ត​ម្លៃ​​សាក​ល​”។
របាយការណ៍​បច្ចុប្បន្នភាព​សេ​ដ្ឋកិច្ច​​ក​ម្ពុជា នេះ​ចេញផ្សាយ​ពីរដងក្នុ​ង​មួយ​ឆ្នាំ ដោយ​ផ្តល់​ព័ត៌មាន​ថ្មីៗ​បំ​ផុត ​​ស្តី​​ពី​កា​រ​វិវ​ត្ត​រ​បស់​ស្ថាន​ភាពម៉ាក្រូសេដ្ឋកិច្ច​​រ​បស់​​កម្ពុជា ក្នុង​រយៈពេល​ខ្លី​និង​​​មធ្យ​ម​៕

អត្ថបទដែលជាប់ទាក់ទង