ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្តីព្រាងផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនៅកម្ពុជា ២០២១-២០៣០”

371

ភ្នំពេញ​៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពី “សេចក្តីព្រាងផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនៅកម្ពុជា ២០២១-២៣O”។

នាថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ. ស.ហ) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សា និងផ្តល់យោបល់លើ “សេចក្តីព្រាងផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនៅកម្ពុជា (Intermodal Transport Master Plan) ២០២១-២០៣០ដោយមានការអញ្ជើញចូលរួមពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី , ថ្នាក់ដឹកនាំជាន់ខ្ពស់
និងមន្ត្រីបច្ចេកទេសរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ។

ក្រោមជំនួយហិរញ្ញវត្ថុរបស់ប្រទេសចិន , “សេចក្តីព្រាងផែនការនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុន China International Engineering Consulting Corporation (CIECC) ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៨ មក ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២០ ខាងមុខ ។ មកទល់ពេលនេះ ក្រុមការងារបានបញ្ចប់សេចក្តីព្រាង និងកំពុងដាក់ស្នើសុំយោបល់ និងអនុសាសន៍បន្ថែមពីភាគីពាក់ព័ន្ធ សំដៅកែលមួឱ្យកាន់តែសុក្រិត និងគ្រប់ជ្រុងជ្រោយ ។

“សេចក្តីព្រាងផែនការមេ” នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីជំរុញការតភ្ជាប់របស់កម្ពុជា, កាត់បន្ថយថ្លៃដឹកជញ្ជូន និងឡូជីស្ទីក, ជំរុញសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងពិភពលោក, បង្កើនភាពប្រកួតប្រជែង និងពិពិធកម្មសេដ្ឋកិច្ចកម្ពុជា សំដៅធានានិរន្តរភាពនៃកំណើនសេដ្ឋកិច្ចក្នុងកម្រិតឧត្តមានុពល ។ “សេចក្តីព្រាងផែនការមេ
” នេះ រួមបញ្ចូលផែនការមេចំនួន ៧ ដែលក្នុងនោះ រួមមាន៖

១. ផែនការមេប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ (intermodal transport),
២. ផែនការមេដឹកជញ្ជូនផ្លូវគោក,
៣ ផែនការមេដឹកជញ្ជូនផ្លូវដែក,
៤ ផែនការមេដឹកជញ្ជូនផ្លូវទឹក,
៥ ផែនការមេដឹតជញ្ជូនផ្លូវសមុទ្រ,
៦. ផែនការមេដឹកជញ្ជូនផ្លូវអាកាស និង
៧. ផែនការមេសម្រាប់ប្រព័ន្ធឡូជីស្ទីក ។

ក្រសួងសេដ្ឋកិច្ច បានបន្ថែមទៀតថា ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏សម្លឹងឃើញនូវតួនាទីដ៏សំខាន់មួយទៀត របស់ផែនការមេនេះ ដែលជាឯកសារចង្អុលទិស ក៏ដូចជាកំណត់នូវក្របខ័ណ្ឌរួម នៃផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់មធ្យោបាយ រួមទាំងប្រព័ន្ធឡូជីស្លីក ដែលនឹងជួយបង្កើនប្រសិទ្ធភាព វិនិយោគសាធារណៈ លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅកម្ពុជាផងដែរ ។

ឆ្លងតាមបទបង្ហាញរបស់ក្រុមការងារបច្ចេកទេស, អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះ “សេចក្តីព្រាងផែនការមេ” ដែល
មានលក្ខណៈគ្រប់ជ្រុងជ្រោយ, មានភាពប្រទាក់ក្រឡា និង ស៊ីសង្វាក់រវាង មធ្យោបាយដឹកជញ្ជូនចាំបាច់នានា ជាពិសេស
ឆ្លើយតបខ្ពស់ទៅនឹងបរិការណ៍កម្ពុជានាពេលបច្ចុប្បន្ន និងអនាគត ។ “សេចក្តីព្រាងផែនការមេ” នេះ បានផ្តល់ជាជម្រើស
វិធានការថា ត្រឹមឆ្នាំ ២០៣០ ការដឹកជញ្ជូនផ្លូវគោកនៅតែជាអាទិភាព សម្រាប់កម្ពុជា ប៉ុន្តែត្រូវផ្តោតលើគុណភាពឱ្យច្រើន
ជាងបរិមាណ ហើយត្រូវបន្តអភិវឌ្ឍការដឹកជញ្ជូនផ្លូវអាកាស, ការដឹកជញ្ជូនផ្លូវសមុទ្រ ព្រមទាំងស្តារនិងពង្រឹងឡើងវិញទៅ
លើហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ការដឹកជញ្ជូនផ្លូវដែក និងផ្លូវទឹក ។ “សេចក្តីព្រាងផែនការមេ ក៏បានកំណត់នូវអភិក្រម
៣.៣.៤.២ ដែលជារូបមន្តនៃការតភ្ជាប់របស់កម្ពុជាក្នុងកម្រិតប្រទេស និងតំបន់ ដែលសំដៅលើ៖ របៀងដឹកជញ្ជូនចម្បង ៣
(ភាគពាយព្យ ឬភ្នំពេញ-ប៉ោយប៉ែត, អាគ្នេយ៍ ឬ ភ្នំពេញ-បាវិត, និរតី ឬភ្នំពេញ-ក្រុងព្រះសីហនុ), របៀងដីកជញ្ជូនរង ៣ (តំបន់ឆ្នេរ, តំបន់ភាគខាងជើងឈាងខាងកើត និងតំបន់ខាងជើង), ប៉ូលកំណើន ៤ (ភ្នំពេញ ខេត្តព្រះសីហនុ, សៀមរាប និងបាត់បង), និង ប៉ូលភ្ជាប់កំណើន ២ (ស្វាយរៀង-បាវិត, សិរីសោភណ្ឌ-ប៉ោយប៉ែត) ។

អង្គប្រជុំ ក៏បានផ្តល់នូវអនុសាសន៍ និងការណែនាំសម្រាប់ជាធាតុចូលបន្ថែមក្នុ​ង​ការ​កែលម្អ “សេចក្តីព្រាងផែនការមេ” នេះ ដែលក្រុមការងារបច្ចេកទេស នឹងធ្វើការសិក្សាបន្តបន្ថែមទៀត ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានសម្តែងនូវការវាយតម្លៃខ្ពស់
និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារបច្ចេកទេសចិន ដែលដឹកនាំដោយលោកស្រី ស៊ីសាំងអ៊ុន (She Xiangyun) នាយកគម្រោង សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំ “សេចក្តីព្រាងផែនការមេ” គ្រប់ជ្រុងជ្រោយនេះ ក៏
ដូចជា បានថ្លែងអំណរគុណ ដល់មិត្តចិនដែលជួយគាំទ្រផ្នែកហិរញ្ញវត្ថុលើការសិក្សានេះ ។ ជាមួយគ្នានេះ លោកប្រធានអង្គប្រជុំ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការសម្របសម្រួលពីគ្រប់ភាគីកម្ពុជាទាំងអស់ ជាពិសេសេ ក្រុមការងារនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ក្នុង ដំណើរការនៃការសិក្សាផែនការនេះ ។ អង្គប្រជុំ ក៏បានសម្តែងនូវការប្តេជ្ញាខ្ពស់ ក្នុងការបន្តនូវកិច្ចសហការឱ្យកាន់តែខ្លាំងក្លា និងជិតស្និទ្ធ ជាមួយក្រុមការងារបច្ចេកទេស ដើម្បីបន្តផ្តល់ធាតុចូលក្នុងការកែលម្អ “សេចក្តីព្រាងផែនការ” នេះឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងមានវិសាលភាពអនុវត្តទូលំទូលាយ៕

អត្ថបទដែលជាប់ទាក់ទង