ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូស្ត្រាលី​ សន្យា​នឹង​បន្ត​ជួយ​ដល់​កម្ពុជា ​លើ​វិស័យ​មីន ការ​បោសសម្អាត​មីន​ និង​ការ​ជួយ​ដល់​ជនរងគ្រោះ

58

ភ្នំពេញ៖ តាំង​ពី​ឆ្នាំ​១៩៩៤​ ដល់​បច្ចុប្បន្ន ​អូស្ត្រាលី​ បាន​ជួយ​ដល់​កម្ពុជា​ ប្រមាណ​ជាង​ ១០០​លាន​ដុល្លារ​អូស្រ្ដាលីលើវិស័យការបោសសម្អាតមីន ហើយឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​សន្យា​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​គ្រប់​វិស័យ​ ជា​ពិសេស​ទៅ​លើ​វិស័យ​មីន​ រួម​មាន​ការ​បោសសម្អាត​មីន​ និង​ការ​ជួយ​ដល់​ជនរងគ្រោះ​។

លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ បាន​ជួប​ជាមួយ​ លោក ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​ ដើម្បី​សម្តែង​ការ​គួរសម​ និង​ជម្រាបលា​ក្នុង​ឱកាស​បញ្ចប់​អាណត្តិបេសកកម្មការទូតនៅកម្ពុជា នៅ​ថ្ងៃ​ទី​ ៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ នៅ​អាជ្ញាធរ​មីន​។

លោកស្រីបាន​សម្ដែង​នូវ​អំណរគុណ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបំពាក់មេដាយជូនដល់លោកស្រី និងបានមានប្រសាសន៍លើកឡើងពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន។​ ជាមួយនេះ លោកស្រីបានសម្តែងនូវការ​សាទរ​យ៉ាងខ្លាំង​ជូន​ រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្លាស់ប្ដូរ​រូបរាង​ ចេញ​ផុត​ពី​សង្រ្គាម​ និង​បាន​អភិវឌ្ឍ​ខ្លួន​យ៉ាង​ឆាប់រហ័ស​។ លោក​ស្រី​ មាន​ប្រសាសន៍​ថា​ អូស្ត្រាលី​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​ការងារ​អភិវឌ្ឍ​នៅ​កម្ពុជា​ និង​សន្យា​បន្ត​ចូលរួម​ជាមួយ​កម្ពុជា​ជានិច្ច​ គ្រប់​កាលៈទេសៈ​ និង​គ្រប់​វិស័យ​ ពិសេស​គឺ​វិស័យ​សកម្មភាពមីន​។

លោកស្រី​បានមានប្រសាសន៍ថា កម្ពុជា​​បាន​យក​ចិត្ត​ទុកដាក់​ខ្ពស់ ​ចំពោះ​ការ​បោសសម្អាត​មីន​ ដោយ​មាន​ការដឹកនាំ​ច្បាស់​លាស់​ និង​ផែនការ​យុទ្ធសាស្ត្រ​ពិត​ប្រាកដ​ ហើយ​អូស្ត្រាលី​នឹង​ជួយ​ទៅ​លើ​ការ​បោសសម្អាត​មីន​ ជួយ​ដល់​ជន​រង​គ្រោះ​ និង​ការ​ដឹក​នាំ​សម្របសម្រួល​ជានិច្ច​ជាមួយ​កម្ពុជា​។

ជា​ការ​ឆ្លើយ​តប​ លោក​ទេសរដ្ឋមន្រ្តី​ បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ដល់​អូស្ត្រាលី​ ដែល​ជា​ដៃ​គូ​សហប្រតិបត្តិការ​ និង​ជា​មិត្តភ័ក្ដិ​ដ៏​ល្អ​ជាមួយ​កម្ពុជា​គ្រប់​វិស័យ​។ លោក​ក៏​បាន​លើក​ឡើង​ពី​ការ​ចូលរួម​សន្និសីទ​ពិនិត្យ​ឡើង​វិញ​លើក​ទី​៤​ នៃ​រដ្ឋ​ភាគី​អនុសញ្ញា​អូតាវ៉ា​ នា​ពេល​ថ្មីៗ​នេះ​ដែរ​ ដែល​កម្ពុជា​បាន​ទទួល​ការ​កោតសរសើរ ​ពី​សកម្មភាព​បោសសម្អាត​មីន​ និង​ទទួល​បាន​នៅ​ការ​គាំទ្រ​ យល់​ព្រម​ សុំ​ពន្យារ​ពេល​បោសសម្អាត​មីន​លើក​ទី​២​ ឆ្នាំ​២០២០​ -២០២៥។

សូម​បញ្ជាក់​ថា​ ពាក់ព័ន្ធ​នឹង​វិស័យ​មីន​ តាំង​ពី​ឆ្នាំ​១៩៩៤​ ដល់​បច្ចុប្បន្ន​អូស្ត្រាលី​ បាន​ជួយ​ដល់​កម្ពុជា​ប្រមាណ​ជាង​ ១០០​លាន​ដុល្លារ​អូស្រ្ដាលី​៕


អត្ថបទដែលជាប់ទាក់ទង