ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូបង្វឹកកម្ពុជា និងម៉ាឡេស៊ី និយាយអ្វីខ្លះ ក្រោយការប្រកួត?

60

ភ្នំពេញ៖បន្ទាប់ពីប្រកួតឈ្នះក្រុមម៉ាឡេស៊ី៣ទល់១នោះ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិ U22 កម្ពុជា បានបង្ហាញនូវក្ដីរំពឹង ចង់ជួបក្រុមជម្រើសជាតិ U22 មីយ៉ាន់ម៉ា ម្ដងទៀត ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន។
លោកFelix បានលើកឡើងថា ទោះបីលទ្ធផលមិនដូចការចង់បានតែកូនក្រុម លោកបានខំប្រឹងអស់ពីលទ្ធភាព ហើយហេតុនេះលោកបានស្នើដល់ ឲ្យអ្នកគាំទ្របន្ដលើកទឹកចិត្តដល់ពួកគេ។ លើសពីនេះ ការប្ដេជ្ញាដឹកនាំក្រុមរកលទ្ធផលល្អ ឲ្យខានតែបានក្នុងការប្រកួតចុងក្រោយ ជាមួយក្រុម U22 ម៉ាឡេស៊ី ដើម្បីប្រជែងកៅអីវគ្គបន្ដនោះ លោកក៏ធ្វើបានសម្រេចដែរ។ ពិសេសលោកចង់ជួបក្រុម U22 មីយ៉ាន់ម៉ាម្ដងទៀត នៅវគ្គផ្ដាច់ព្រ័ត្រ។
ដោយឡែកលោក OngKimSwee គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម២២ឆ្នាំ បានបង្ហាញនូវក្ដីសោកស្ដាយក្រោយ ធ្លាក់ចេញពីព្រឹត្តិការណ៍ ភ្ជាប់ជាមួយការថ្លែងបញ្ជាក់ ថា ការប្រមូលផ្ដុំរបស់ក្រុមលោក មានរយៈពេលខ្លី គឺជាមូលហេតុនាំឲ្យជ្រុះចេញ ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩ នេះ។
ការនិយាយដូច្នេះ គឺក្រោយក្រុមរហស្សនាមខ្លាដំបង របស់លោក បានរងបរាជ័យក្រោមថ្វីជើង គោព្រៃកម្ពុជា ដោយលទ្ធផលដ៏តានតឹង ៣-១ កាលពីយប់ថ្ងៃទី៤ ខែធ្នូ ម្សិលមិញ នៅកីឡដ្ឋាន Rizal Memorial Stadium ក្នុងជំនួបចុងក្រោយប្រចាំពូល A លើប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបាល់ទាត់បុរស។
លោក Ong Kim Swee បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា ការរៀបចំក្រុមក្នុង
រយៈពេលខ្លី ជាហេតុជំរុញឲ្យក្រុម បរាជ័យក្នុងការរួមបញ្ចូលគ្នា ដ៏ល្អបំផុតមួយ មុនពេលធ្វើដំណើរមកកាន់ទីក្រុងម៉ានីល នេះ តែយ៉ាងណាលោកក៏សម្ដែង នូវការសរសើរ ក៏ដូចជាអបអរដល់កម្ពុជា ដែលធ្វើបានយ៉ាងល្អក្នុងជ័យជម្នះនេះ។
គ្រូបង្វឹកសញ្ជាតិម៉ាឡេស៊ីរូបនេះ បានថ្លែងដំបូងយ៉ាងដូច្នេះថា៖ “អបអរសាទរដល់កម្ពុជា។ ពិតណាស់ យើងលេងមិនបានល្អដូចកម្ពុជា នោះទេ យើងបានប្រឹងប្រែង ហើយនៅពេលប្រកួត ខ្ញុំគិតថាយើងមិនបានបំបែក ឱកាសរបស់យើងបាន នៅពេលដែលយើងមានឱកាសល្អៗនៅវគ្គទី២”។
គ្រូបង្វឹករូបនេះបន្ថែមថា “ពួកគេខ្លះបានលេងទៀងទាត់ ហើយខ្លះទៀតមិនបានលេងទេ នៅលីគ ដូច្នេះយើងនៅសល់តែ ២-៣ថ្ងៃ ប៉ុណ្ណោះបន្ទាប់ពីវគ្គជម្រុះបាល់ទាត់ពិភពលោក ( FIFA World Cup ) ដើម្បីឲ្យពួកគេបានលេងជុំគ្នា។ ក្នុងស្ថានភាពបែបនេះ យើងពិតជាត្រូវការពេលវេលាច្រើនទៀត។ ព្យាយាមប្រាប់ខ្ញុំថា តើកម្ពុជា ត្រៀមរយៈពេលប៉ុណ្ណា? តើមីយ៉ាន់ម៉ា និងហ្វីលីពីន ត្រៀមប៉ុណ្ណាដែរ? ទោះបីជាយើងមានកីឡាករល្អក៏ដោយ យើងត្រូវតែឲ្យពួកគេនៅជាមួយគ្នាឲ្យបានយូរ។ យើងមិនអាចមកតែ ២ ឬ ៣ថ្ងៃ ហើយបន្ទាប់មកប្រកួតនោះទេ ហើយពិតណាស់ វានឹងមានបញ្ហា”។
លោកក៏បានថ្លែងកោតសរសើរផងដែរ អំពីកម្រិតលេងរបស់ក្រុមដូចជាកម្ពុជា, ហ្វីលីពីន និងឡាវ នាពេលបច្ចុប្បន្ន គឺមិនដូចទៅនឹងពួកគេកាលពី ២ឬ ៤ ឬក៏ ៦ឆ្នាំមុននោះទេ ដ្បិតពីមុនងាយស្រួលប្រកួតជាមួយ ប៉ុន្តែពេលនេះគឺមិនដូច្នេះទេ។
សូមបញ្ជាក់ថា ម៉ាឡេស៊ីបានបញ្ចប់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើប្រភេទកីឡាបាល់ទាត់ ដោយទទួលបានចំណាត់ថ្នាក់លេខ៤ ប្រចាំពូល A ក្រោយប្រកួត ៤ដង ឈ្នះ១ ស្មើ១ និងចាញ់ ២ រកបានតែ ៤ពិន្ទុ ពុំគ្រប់គ្រាន់ដើម្បី ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើយ ស្របពេលពូល A នេះ មីយ៉ាន់ម៉ា ជាមួយ កម្ពុជា គឺជាក្រុមដែលត្រូវឡើងវគ្គបន្ត៕

អត្ថបទដែលជាប់ទាក់ទង