ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំហំពាណិជ្ជកម្ម កម្ពុជានិងថៃ មានការកើនឡើងជាលំដាប់ ប្រមាណ៣.៦៣២ លានដុល្លារនៅឆ្នាំ២០​១​៨

184

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ទំនាក់កម្ពុជានិងថៃ ក្នុងវិស័យពាណិជ្ជកម្ម មានការកើនឡើងជាលំដាប់ ជាពិសេស​ទំ​ហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបាន​កើ​នឡើ​ងពី ២.៧៨៦ លានដុល្លារអាមេរិកនៅឆ្នាំ២០១៧ ​ដ​ល់ ៣.៦៣២ លានដុល្លារអាមេរិកនៅឆ្នាំ២០​១​៨​។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាកិត្តិយសតាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីបុណ្យជាតិប្រទេសថៃ នៅស្ថានទូតថៃប្រចាំនៅកម្ពុជានៅរាត្រីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩

នៅក្នុងសុន្ទរកថា លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា​ ​ព្រះរាជា​ណាច​ក្រ​កម្ពុជា និងប្រទេសថៃបានភ្ជាប់ទំនា​ក់​ទំនង​កា​រទូ​តជាមួយ​គ្នា​ចំនួន ៦៩ ឆ្នាំមកហើយ ចាប់តាំពីឆ្នាំ១៩៥០។ ​នៅពេល​ថ្មីៗនេះ ទំនាក់ទំនងទ្វេភាគី រួ​ម​ទាំងទំនាក់ទំនងរវាងប្រជាជ​ន​ និងប្រជាជន ត្រូវបានពង្រឹង តាមរយៈទស្សនវិស័យ​រួ​មនៃប្រ​មុខរា​ជរដ្ឋាភិ​បាល​ទាំងពីរគឺ សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា និងលោក ប្រាយុទ ចាន់អូចា នាយករដ្ឋមន្រី្តនៃប្រទេស​ថៃ​។

នៅក្នុងទំនាក់ទំនងទ្វេភាគី លោករដ្ឋមន្ត្រី បានជម្រាបជូនថា ប្រទេសទាំងពីរបានស​ហ​ការ​ជាមួ​យគ្នាយ៉ាង​ស្អិត​ល្មួតនៅក្នុងវិស័យជាច្រើនរួមមាន៖ ​សេ​ដ្ឋកិ​ច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ការងារ ទេសចរណ៍ ​អ​ប់រំ ដឹកជញ្ជូន និងវប្បធម៌។ ជាមួយនោះដែរ ក្នុងវិស័យពាណិជ្ជកម្ម​ ​មានកា​រ​កើន​ឡើ​ង​ជាលំ​ដា​ប់ ជាពិសេសទំហំពាណិជ្ជក​ម្ម​រវា​ងប្រទេ​ស​ទាំង​ពីរ បានកើ​នឡើ​ងពី ២.៧៨៦ លានដុល្លារអាមេរិកនៅឆ្នាំ២​០​១​៧​ ដល់ ៣.៦៣២ លានដុល្លារអាមេរិកនៅឆ្នាំ២​០​១​៨។ នៅឆាកអន្តរជាតិ កម្ពុជានិងថៃបានគាំទ្រគ្នាទៅវិ​ញ​ទៅ​មក ជាពិសេសនៅក្នុងអាស៊ាន​ ​ដើម្បីក​សាង​សហ​គម​ន៍អា​ស៊ាន​មួ​យ​ដ៏​រឹងមាំ។

លោករដ្ឋមន្ត្រី បានបង្ហាញពីភាពជឿជាក់​ថា​ ចក្ខុវិស័យរួម និងទំនាក់ទំនងល្អ​រ​វាង​ប្រទេ​ស​ទាំ​ងពីរ នឹងនាំមកនូវការ​រី​កចម្រើន វិបុលភាព និងផលប្រយោជន៍ទៅវិញទៅ​ម​ក​ជូន​ប្រ​ជា​ជន​នៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់ការធា​នា​បាននូ​វស​ន្តិ​ភា​ព និងវិបុលភា​ព​នៅក្នុ​ង​តំបន់ និងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង