ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងការងារដាក់កំហិតឱ្យគិលានដ្ឋានតាម សហគ្រាសត្រូវមានបរិក្ខារ-ឱសថគ្រប់គ្រាន់ និងបុគ្គលិកសុខាភិបាលធ្វើការទៀងទាត់

71

(ភ្នំពេញ)៖ គ្រប់គិលានដ្ឋាននៅតាមសហគ្រាស គ្រឹះស្ថាន ត្រូវធានាថាដំណើរការបានល្អ មានសម្ភារបរិក្ខារ ឱសថប្រើប្រាស់គ្រប់គ្រាន់ និងមានបុគ្គលិកសុខាភិបាលធ្វើការទៀងទាត់តាមការកំណត់ និងប្រកបដោយវិជ្ជាជីវៈ, នេះជាសារអំពាវនាវរបស់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទៅកាន់ម្ចាស់-និយោជកគ្រឹះស្ថាន សហគ្រាសទាំងឡាយនៅកម្ពុជា។

ការប្រកាសរបស់លោក អ៉ិត សំហេង យ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពី ការៀបចំគិលានដ្ឋាន សហគ្រាស គ្រឹះស្ថាននៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។

ដើម្បីធានានូវសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមគ្រឹះស្ថាន សហគ្រាស លោក អ៉ិត សំហេង បានអំពាវនាវដូចខាងក្រោម៖

ចំពោះនិយោជក៖
១. រៀបចំគិលានដ្ឋានសហគ្រាស គ្រឹះស្ថានឱ្យបានសមស្រប និងត្រឹមត្រូវតាមវិធាន និងបទប្បញ្ញតិ្តដែលបានកំណត់ក្នុងច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានពាក់ព័ន្ធ ពិសេសប្រកាសរួមលេខ៣៣០ និង ១៣៩។
២. ធានាថាគិលានដ្ឋានសហគ្រាស គ្រឹះស្ថាន ដំណើរការបានល្អ មានសម្ភារបរិក្ខារ ឱសថប្រើប្រាស់គ្រប់គ្រាន់ និងមានបុគ្គលិកសុខាភិបាលធ្វើការទៀងទាត់តាមការកំណត់។
៣. ត្រូវផ្តល់ និងថែរក្សាកន្លែងធ្វើការឱ្យមានអនាម័យ និងសុវត្ថិភាព។
៤. រៀបចំមធ្យោបាយបង្ការទប់ស្កាត់ ឬវិធានការការពារប្រកបដោយប្រសិទ្ធភាពនូវហានិភ័យទាំងឡាយ។
៥. ធានាថាកម្មករនិយោជិតទទួលបាន និងប្រើប្រាស់សម្ភារៈ ឧបករណ៍ការពារពលកម្មបានត្រឹមត្រូវ និងណែនាំឱ្យគាត់ថែរក្សាទុកដាក់សម្ភារឧបករណ៍ទាំងនោះឱ្យបានល្អ។
៦. ត្រូវអប់រំ និងពន្យល់ណែនាំដល់កម្មករនិយោជិតឱ្យបានដឹងអំពីវិធាន ឬបទប្បញ្ញត្តិថ្មីៗ ដែលចេញដោយស្ថាប័នមានសមត្ថកិច្ច ជាពិសេសក្រសួងទទួលបន្ទុកវិស័យការងារ ដែលទាក់ទងនឹងសុវត្ថិភាព និងសុខភាព ការងាររបស់កម្មករនិយោជិត។
៧. ជូនដំណឹងពីជំងឺ និងគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត ទៅបេឡាជាតិរបបសន្តិសុខសង្គមឱ្យបានទាន់ពេលវេលា និងធ្វើការបញ្ជូនគាត់ទៅមន្ទីរពេទ្យឱ្យបានឆាប់រហ័សតាមបែបបទ និងនីតិវិធីរបស់បេឡាជាតិរបបសន្តិសុខសង្គម។

ចំពោះកម្មករនិយោជិត ត្រូវចូលរួមអនុវត្ត និងផ្សព្វផ្សាយនូវវិធាន និងបទប្បញ្ញត្តនានាពាក់ព័ន្ធនឹងសុខភាព និងសុវត្ថិភាពការងារឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជារាជរដ្ឋាភិបាល លោក រដ្ឋមន្ត្រី អ៉ិត សំហេង បានស្នើភាគីនិយោជកចូលរួមអនុវត្តគោលការណ៍ណែនាំនេះឱ្យបានកាន់តែល្អប្រសើរថែមទៀត ក្នុងការរៀបចំគិលានដ្ឋាន និងសេវាសុខភាព និងសុវត្ថិភាព ដែលជាសេចក្តីត្រូវការរបស់កម្មករនិយោជិតនៅក្នុងសហគ្រាស គ្រឹះស្ថានរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង