ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​-​ក្រុងព្រះសីហនុ សម្រេចបាន ៧,៣០% ហើយ​

334

​ភ្នំពេញ​៖ នៅ​ថ្ងៃអាទិត្យ ទី​៨ ខែធ្នូ ឆ្នាំ​២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង អញ្ជើញ​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ តំណាង​ក្រុមហ៊ុន​សាងសង់ តំណាង​ក្រុមហ៊ុន​ត្រួតពិនិត្យ​បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​។​

​ក្រសួង​សាធារណការ បាន​ឲ្យ​ដឹងថា គម្រោង​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​-​ក្រុងព្រះសីហនុ ប្រវែង​ប្រមាណ ១៩០,០៣៥ គីឡូម៉ែត្រ និង​គ្រោង​ប្រើប្រាស់​ថវិកា​វិនិយោគ ប្រមាណ ២ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ រហូតមកដល់​ពេលនេះ​ដំណើរការ​សាងសង់​សម្រេចបាន ៧,៣០% ហើយ​គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ផ្លូវ​នេះ​ត​ភ្ជាប់​ពី ភូមិ ១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍ សែន ជ័យ រាជធានី​ភ្នំពេញ ដល់​ក្រុងព្រះសីហនុ​។​

​ផ្លូវ​នេះ​អនុវត្ត​ការងារ​សាងសង់​ដោយ​ក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន MINCONSULT SDN. BHD. គ្រោង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ២ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ប្រើ​រយៈពេល​សាងសង់​៤៨​ខែ មាន​គន្លង​ផ្លូវ​ចំនួន​៤​គន្លង ទទឹង ២៤,៥​ម៉ែត្រ មាន​ផ្លូវបំបែក​ទិស​៧​កន្លែង កន្លែង​ឈប់សម្រាក​ចំនួន​៣​កន្លែង ចំណតរថយន្ត​១​កន្លង មណ្ឌល​ប្រតិបត្តិការ​និង​ថែទាំ​ចំនួន​៤​កន្លង ស្ពាន​ធំ និង​ស្ពាន​មធ្យម​ចំនួន​៤០​កន្លែង ស្ពាន​តូច​ចំនួន​៥ កន្លែង ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រមាណ ៨,៣ គីឡូម៉ែត្រ និង​ខេត្ត​ចំនួន ០៤ ទៀត ក្នុងនោះ​រួមមាន ខេត្តកណ្តាល​ប្រវែង​ប្រមាណ ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ​ប្រវែង​ប្រមាណ ៨០,៨​គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែង​ប្រមាណ ១,៩២ គីឡូម៉ែត្រ និង​ខេត្ត​ព្រះសីហនុ​ប្រវែង​ប្រមាណ ៨៩,៨៩​គីឡូម៉ែត្រ​៕​


អត្ថបទដែលជាប់ទាក់ទង