ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិភពលោកនេះមានតែសច្ចភាពតែមួយគត់ ដែលមិនត្រូវបានប្រែប្រួល

57

ភ្នំពេញ៖ លោកវីល្លាម ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិក្រោះនិងផ្តល់យោបល់ បានសរសេរសារលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៩ធ្នូថា ពីមុនមានតែអង្គុលីលេខទេ ឥឡូវមានកុំព្យូទ័រ បើអ្នកយល់ថាអ្នកចេះហើយ មិនបាច់អភិវឌ្ឍន៍បន្ថែម ថ្ងៃក្រោយអ្នកនឹងដូចមនុស្សជាច្រើនដែលចេះអង្គុលីលេខតែអត់ការងារធ្វើព្រោះគាត់មិនរៀនកុំព្យូទ័រ ហើយបើអ្នកមិនបត់បែនថ្ងៃក្រោយគេអាចឈប់ប្រើកុំព្យូទ័រទៀត នោះអ្នកទាត់ខ្យល់ហើយ។

លោកបានថ្លែងថា ពីមុនផ្ញើរលុយតាមផ្សារអូឡាំពិក ទៅកាន់ខេត្តក្រុងនានា បើអ្នកយល់ថាអ្នកប្រឹងរកលុយចាប់តែរបរហ្នឹងមួយអ្នកនឹងដួល ព្រោះឥឡូវ មានដល់ Wing រហូត អភិវឌ្ឍន៍ដល់ ABA . E Case ហើយថ្ងៃក្រោយ គ្មាននរណាវេចលុយតាមខ្លួនទាំងស្បោងយកទៅផ្ញើទៀតទេ។

លោកវីល្លាម បានលើកឡើងបន្តថា ពីមុនមានគេត្រូវការក្រដាសធ្វើសៀវភៅ បើអ្នកគិតតែវិនិយោគក្រដាស អ្នកនឹងដួល ព្រោះឥឡូវតម្រូវការក្រដាសធ្លាក់ចុះ ព្រោះគេសរសេរសៀវភៅតាមតែទូរស័ព្ទបង្ហោះតែលើ internet ប៉ុណ្ណោះ ហើយបើអ្នកគិតថាចេះបង្ហោះតែតាម internet ដោយមិនរៀនបន្ថែម នោះអ្នកនឹងបរាជ័យដូចអ្នកធ្វើក្រដាស ព្រោះអនាគតមិនដឹងថា គេនឹងមានអីថ្មីល្អជាង internet ឬអត់។

ពីមុនគេសរសេរសំបុត្រផ្ញើតាមអ្នករត់សំបុត្រ បើអ្នករត់សំបុត្រ មិនរៀនប្រើទូរស័ព្ទ ថ្ងៃនេះគាត់នឹងទាត់ខ្យល់ ព្រោះបច្ចុប្បន្នគេផ្ញើសារតាមទូរស័ព្ទអស់ហើយ តែបើអ្នកគិតថាចេះត្រឹមទូរស័ព្ទអាចផ្ញើសំបុត្របាន ហើយមិនបាច់រៀនបន្ថែម នោះអនាគតពេលគេឈប់ប្រើទូរស័ព្ទអ្នកនឹងប្រើអីវិញ។

សូមកុំនៅទ្រឹង អ្នកនៅទ្រឹង បានបរាជ័យអស់ហើយ ឯអ្នកគិតថាខ្លួនឯងចេះអស់ ពូកែលើសគេក៏នឹងដួលដែរ មិនយូទេ។

ឥឡូវវិទ្យាសាស្ត្រនយោបាយ អាចរៀនច្រើនឆ្នាំ គ្រប់គ្រងប្រទេសមួយដោយរដ្ឋបាលក្រដាស រៀនវិធីគ្រប់គ្រងមនុស្ស តែបើមិនរៀនបន្ថែមនិងមិនអភិវឌ្ឍន៍ខ្លួនដោយយល់ថាខ្លួនពូកែ អ្នកនឹងលែងក្លាយជាអ្នកគ្រប់គ្រងសង្គម ឬអាចហៅថាជាអ្នកនយោបាយចាស់គំរិល ព្រោះអនាគតគេអាចគ្រប់គ្រងប្រទេសដោយម៉ាស៊ីន ហើយមន្ត្រីអាចជា robot។

មនុស្សលើលោក ដែលរស់នៅរាល់ថ្ងៃនេះ នរណាក៏ត្រូវចេះនយោបាយដែរ ការបត់បែនរបស់អ្នកគឺ ជានយោបាយហើយ ព្រោះពិភពលោកតម្រូវឲ្យមនុស្សបត់បែន បើមិនបត់ក៏បាន អត់មាននរណាថាអីទេ តែនឹងក្លាយជាមនុស្សព្រៃរស់កណ្ដាលទីក្រុងជាក់ជាមិនខាន។

កុំមោទនភាពចំពោះចំណេះដែលខ្លួនមានដោយភ្លេចរៀនថែមនឹងអភិវឌ្ឍន៍ខ្លួន។

ទាំងពាណិជ្ជកម្ម ឧស្សាហកម្ម សេដ្ឋកិច្ច ជាពិសេស គឺនយោបាយ អ្នកមិនគួរប្រើវិធីដដែលរាប់សិបឆ្នាំ ដូចដែលអ្នកធ្លាប់ជោគជ័យទេ ព្រោះអ្នកអាចនឹងដេក ( កុំទុកចិត្តបទពិសោធន៍ពេក )។

ហើយបើអ្នកស្ដាប់តែទីប្រឹក្សា ដែលគាត់មានគំនិតចាស់គំរិល អ្នកនឹងដួល។

ប្រទេសអ្នកនឹង រត់ក្នុងកម្រិតមិនឆ្លើយតបនឹងភាពបត់បែនរបស់ពិភពលោក។

លើពិភពលោកនេះមានតែសច្ចភាពតែមួយគត់ ដែលមិនត្រូវបានប្រែប្រួល ក្រៅពីនឹងប្រែប្រួលគ្រប់យ៉ាងទាំងអស់ គឺ ប្រែប្រួលក្នុងលក្ខណៈអភិវឌ្ឍន៍ទៅមុខ៕

អត្ថបទដែលជាប់ទាក់ទង