ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបាន សម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ

104

ថ្ងៃព្រហស្បតិ៍ ០១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជា អធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ក្រសួង ឯកឧត្តមអភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ឯកឧត្តមអភិបាលខណ្ឌឬស្សីកែវ ចៅសង្កាត់ច្រាំងចំរេះ២ មន្ត្រីរាជការ និងភាគីពាក់ព័ន្ធ ផងដែរ។

មណ្ឌលឆៀកថ្មីនេះមានទំហំដីប្រមាណជិត១ហិកតា ចាប់ផ្តើមសាងសង់ក្នុងខែមីនា និងចប់សព្វគ្រប់នៅ ចុងខែសីហា ឆ្នាំ២០១៩ ទាំងសំណង់អគារ និងការបំពាក់ឧបករណ៍ឆៀកចំនួន៣ខ្សែ ស៊េរីឆ្នាំ២០១៩ ផលិតនៅប្រទេសចិន ក្នុងនោះឧបករណ៍ឆៀកមាន៨ប្រភេទ ៖ ឧបករណ៍វាស់ផ្សែងសាំង វាស់ផ្សែង ម៉ាស៊ូត វាស់ល្បឿន វាស់ស៊ីផ្លេ វាស់លំងាកចង្កូត វាស់បាច់ពន្លឺហ្វាកូត ថ្លឹងទម្ងន់យាន និងវាស់កម្លាំង ហ្វ្រាំង និងមើលដោយភ្នែក៖ មើលជុំវិញយាន មើលបាតយាន ក្នុងយាន និងប្រព័ន្ធម៉ាស៊ីន។

បច្ចុប្បន្ននេះមានមណ្ឌលឆៀកយានយន្តសរុបចំនួន១៣កន្លែង និងឆៀកចល័ត៣គ្រឿង ក្នុងនោះរាជធានីភ្នំពេញមាន៤កន្លែង និង៩កន្លែងនៅតាមខេត្តចំនួន៩ដូចជា៖ ខេត្តបាត់ដំបង កំពង់ចាម សៀមរាប ព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង ក្រចេះ រតនគិរី និងខេត្តព្រះវិហារ ដោយឡែកឆៀកចល័ត៣គ្រឿងកំពុងធ្វើប្រតិបត្តិការឆៀករបស់ខ្លួននៅតាមខេត្តឆ្ងាយៗមួយចំនួនមិនទាន់មានមណ្ឌលឆៀក។

គួរកត់សម្គាល់ផងដែរថា៖ នៅក្នុងឆ្នាំ២០១៧ បរិមាណឆៀកយានយន្តមានចំនួន ២២៩.៤៤៤ គ្រឿង ឆ្នាំ២០១៨ មានចំនួន ៣១៨.៣៩៤គ្រឿង ឆ្នាំ២០១៩ មានចំនួន ៣១៦.៩៥៨ គ្រឿង និងយានយន្តអស់សុពលភាពត្រូវយកមកឆៀកឡើងវិញមានចំនួន ៣០២.៨៤០គ្រឿង។ ដោយឡែករថយន្តដែលបានចុះបញ្ជីគិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ មានចំនួន ៧៩០.៣៤២ គ្រឿង។

ថ្លែងនៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលនយោបាយដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាសាធារណៈ សេវាចាំបាច់ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆាប់ រហ័សជូនបងប្អូនប្រជាពលរដ្ឋ និងការផ្តល់សេវាផ្សេងៗទៀតដូចជា៖ ការដាក់ឱ្យដំណើរការមណ្ឌលប្តូរ បណ្ណបើកបរនៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែល មានបំណងចង់ប្តូរ ឬពន្យាបណ្ណបើកបរ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញចុះបញ្ជីយានយន្ត ការស្នើសុំឆៀករថយន្តតាមប្រព័ន្ធអនឡាញអាចឱ្យប្រជាពលរដ្ឋស្នើសុំពេលវេលា ថ្ងៃខែដើម្បីទទួលសេវាឆៀក។

ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងនឹងបន្តខិតខំរកនីតិវិធីផ្សេងទៀតដើម្បី ផ្តល់សេវាងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋ និងបន្តសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដូច ជា៖ ការពង្រីកនិងពង្រឹងគុណភាពផ្លូវ ការសាងសង់ស្ពាន និងកំពង់ផែជាដើម ដើម្បីឱ្យប្រព័ន្ធដឹកជញ្ជូនមានភាពប្រកួតប្រជែង អាចដឹកជញ្ជូនបានក្នុងតម្លៃថោក និងអាចទាក់ទាញវិនិយោគិនបង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋផងដែរ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រីបានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូនឱ្យគោរពច្បាប់ មិនត្រូវដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ និងសូមឱ្យប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវ ត្រូវគោរព ច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវប្រើគ្រឿងស្រវឹងនិង ទូរស័ព្ទពេល កំពុងបើកបរ និងយករថយន្តរបស់ខ្លួនទៅឆៀកឱ្យបានទៀងទាត់តាមច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរា ចរណ៍នៅតាមដងផ្លូវ។

លើសពីនេះទៀត លោកទេសរដ្ឋមន្ត្រីក៏បានសំណូមពរឱ្យក្រុមហ៊ុនCMVICខិតខំប្រឹងប្រែងផ្តល់សេវា ឱ្យបានល្អជូនបងប្អូនប្រជាពលរដ្ឋ មានតម្លាភាព ប្រសិទ្ធភាព ស្មើភាពគ្នា និងខិតខំស្វែងរកបង្កើតមណ្ឌល ឆៀកបន្ថែមទៀតនៅតាមខេត្ត ដើម្បីបង្វិតសេវានេះទៅកៀកនឹងប្រជាពលរដ្ឋ និងបានជំរុញឱ្យមន្ត្រីក្រសួង សហការជិតស្និទ្ធជាមួយដៃគូផ្នែកឯកជន ដើម្បីពង្រឹងនិងពង្រីកសេវាសាធារណៈនេះឱ្យបានល្អជូនប្រជាពលរដ្ឋ តាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង