ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះបានជួយបង្កើនផលិតភាពបង្កើនតម្លៃបន្ថែមលើផលិតផលពង្រឹងគុណភាពផលិតផលនិងសេវាបង្កើតការងារថ្មីៗបង្កើនប្រាក់ចំណូលជួយទប់ស្កាត់ការធ្វើចំណាកស្រុកនិងរួមចំណែកកាត់បន្ថយភាពក្រីក្រ
ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ៤រោចខែមិគសិរឆ្នាំកុរឯកស័កព.ស.២៥៦៣ត្រូវនឹងថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៩នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកពិព័រណ៍ផលិតផលខ្មែរនិងទំនិញនាំចេញ–នាំចូលកម្ពុជាលើកទី១៤ឆ្នាំ២០១៩ដែលពិធីបើកពិព័រណ៍នេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
តាមរបាយការណ៍របស់ឯកឧត្តមប៉ានសូរស័ក្តិរដ្ឋមន្ត្រីពាណិជ្ជកម្មបានអោយដឹងថាពិព័រណ៍ផលិតផលខ្មែរនិងទំនិញនាំចេញ–នាំចូលកម្ពុជាលើកទី១៤កម្រិតអន្តរជាតិឆ្នាំ២០១៩ត្រូវបានរៀបចំឡើងដោយមានការគាំទ្រនិងការចូលរួមយ៉ាងសកម្មពីប្រទេសជាមិត្តក្នុងតំបន់ដូចជាប្រទេសចិនជប៉ុនឥណ្ឌូនេស៊ីថៃម៉ាឡេស៊ីមីយ៉ាន់ម៉ាវៀតណាមនិងប្រទេសឡាវព្រមទាំងមន្ទីរពាណិជ្ជកម្មទាំង២៥រាជធានី–ខេត្តសភាពាណិជ្ជកម្មកម្ពុជាសហព័ន្ធស្រូវអង្ករអង្គការសមាគមអាជីវកម្មក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុនបរទេសដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។ហើយពិព័រណ៍នេះមានស្ដង់សរុបចំនួន៣៧២ស្ដង់ដោយមានទំនិញនិងសេវាជាច្រើនប្រភេទផងដែរ។
សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ថាព្រឹត្តិការណ៍ពាណិជ្ជកម្មនេះបានជួយបង្កើនផលិតភាពបង្កើនតម្លៃបន្ថែមលើផលិតផលពង្រឹងគុណភាពផលិតផលនិងសេវាបង្កើតការងារថ្មីៗបង្កើនប្រាក់ចំណូលជួយទប់ស្កាត់ការធ្វើចំណាកស្រុកនិងរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ។លើសពីនេះទៅទៀតសម្តេចតេជោបានកត់សម្គាល់ឃើញថាតាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុកនិងការចូលរួមរបស់កម្ពុជាក្នុងពិព័រណ៍ធំៗនៅក្រៅប្រទេសដូចជាពិព័រណ៍ពិភពលោកពិព័រណ៍អន្តរជាតិនិងពិព័រណ៍ចិន–អាស៊ានជាដើមបានធ្វើឲ្យកម្ពុជាយើងមានកិត្តិយសស្មើមុខស្មើមាត់លើឆាកអន្តរជាតិនិងជាឱកាសដ៏ល្អសម្រាប់កម្ពុជាផ្សព្វផ្សាយអំពីផលិតផលសក្តានុពលរបស់ខ្លួនស្វែងរកទីផ្សារនាំចេញទាក់ទាញវិនិយោគិនបរទេសនិងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យជាមួយបណ្តាប្រទេសជាមិត្តជាពិសេសបានចូលរួមចំណែកផ្សព្វផ្សាយអំពីវប្បធម៌និងអរិយធម៌ខ្មែរដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកកម្ពុជាកាន់តែច្រើនថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថាតាមរយៈគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជានិងការរក្សាបាននូវសន្តិភាពនិងសន្តិសុខសង្គមទូទាំងប្រទេសបានធ្វើឲ្យកម្ពុជាទទួលបាននូវកាលានុវត្តភាពថ្មីពុំធ្លាប់មានសម្រាប់ការកែទម្រង់ទូលំទូលាយមួយព្រមទាំងទទួលបាននូវទំនុកចិត្តខ្ពស់ពីធុរជននិងវិនិយោគិនទាំងក្នុងនិងក្រៅប្រទេសដែលជាឱកាសធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនក្នុងកំណើនជាមធ្យម៧.៧% ក្នុងមួយឆ្នាំក្នុងរយៈពេល២០ឆ្នាំកន្លងទៅ។ដើម្បីជំរុញឲ្យវិស័យទាំងបួនខាងលើកាន់តែមានការរីកចម្រើនរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសឲ្យប្រើប្រាស់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម២០១៥–២០២៥សំដៅរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងដើម្បីប្រែក្លាយកម្ពុជាបច្ចុប្បន្នពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបឲ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងសម្រេចបានគោលដៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
វិស័យពាណិជ្ជកម្មកម្ពុជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនិងជំរុញកំណើនសេដ្ឋកិច្ច។ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការកើនទ្បើងជាលំដាប់។សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានបញ្ជាក់ដល់ភ្ញៀវជាតិនិងអន្តរជាតិផងដែរថាដោយសារការរក្សាបាននូវសន្តិភាពសន្តិសុខសង្គមនិងស្ថានភាពសេដ្ឋកិច្ចនិងនយោបាយល្អគ្រប់ក្រសួង–ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជាមានឱកាសបំពេញតួនាទីរបស់ខ្លួនបានល្អប្រសើរ។ឆ្លៀតក្នុងឱកាសដ៏សំខាន់នេះសម្តេចតេជោនាយករដ្ឋមន្ត្រីសូមលើកទឹកចិត្តឱ្យពាណិជ្ជករសហគ្រិនវិនិយោគិនធុរជនទាំងក្នុងនិងក្រៅប្រទេសព្រមទាំងអ្នកទស្សនាពិព័រណ៍ទាំងអស់គប្បីចូលរួមនិងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវវេទិកានានាក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មប្រចាំឆ្នាំរបស់យើងដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀតលើកិច្ចការធុរកិច្ចនិងវិនិយោគរបស់ខ្លួន។
មុននឹងបញ្ចប់សម្តចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានជូនពរបងប្អូនអាជីវករម្ចាស់ក្រុមហ៊ុននានាដែលកំពុងធ្វើពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជាសូមទទួលបាននូវភាពជោគជ័យ។បន្ទាប់មកសម្តេចតេជោបានអញ្ជើញកាត់ខ្សែបូរសម្ពោធពិពណ៍នេះនិងអញ្ជើញទស្សនាស្តង់ពិពណ៍ទំនិញនៅក្នុងមណ្ឌលកោះពេជ្រក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕