ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូពេទ្យទាំងអស់ ត្រូវតែគោរពវិជ្ជាជីវៈពេទ្យ មិនត្រូវប្រងើយកន្តើយចំពោះអ្នកជំងឺឡើយ កុំយកលុយជាធំ គឺត្រូវយកការជួយសង្គ្រោះជាធំ

45

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អំពាវនាវសារជាថ្មីទៀត ឲ្យគ្រូពេទ្យទាំងអស់ ត្រូវតែគោរពវិជ្ជាជីវៈពេទ្យ មិនត្រូវប្រងើយកន្តើយចំពោះអ្នកជំងឺឡើយ កុំយកលុយជាធំ គឺត្រូវយកការជួយសង្គ្រោះជាធំ ។

នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ២.៥៨៨នាក់ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

តាមរបាយការណ៍របស់ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាពិបាលបានអោយដឹងថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ជាថ្នាលបណ្តុះបណ្តាលនាំមុខគេបង្អស់នៅកម្ពុជា ក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាល និងដែលបានទទួលស្គាល់លើឆាកអន្តរជាតិ។ បន្ថែមពីលើការកែលម្អកម្មវិធីសិក្សា ឱ្យទៅជាកម្មវិធីសិក្សាមួយដែលផ្អែកលើសមត្ថភាពស្នូលជាគោល តាមរយៈការអនុវត្តផ្ទាល់ក្នុងមន្ទីរពិសោធន៍ បង្ហាញ ត្រាប់ទំនើប មុននឹងឲ្យនិស្សិតចេញទៅអនុវត្តនៅតាមមន្ទីរពេទ្យ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះ យើងទទួលបានធនធានមនុស្សជាច្រើនថែមទៀត សម្រាប់វិស័យសុខាភិបាល ក្នុងខណៈដែលកម្ពុជាកំពុងអនុវត្តនូវគោលនយោបាយ គាំពារសង្គមដែលបាននឹងកំពុងផ្តល់ ផលប្រយោជន៍យ៉ាងច្រើន ដល់ប្រជាពលរដ្ឋ ជាពិសេស ស្ត្រីក្រីក្រ និងកម្មករ កម្មការិនី។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់បន្ថែមថា ក្នុងការអនុវត្តក្របខ័ណ្ឌគោលនយោ បាយគាំពារសង្គមនេះ គឺយើងបានចំណាយនូវថវិកាជាតិជាច្រើន ដែលចែកចេញជា ៣ដំណាក់កាល គឺក្នុងពេលមានផ្ទៃពោះ ពេលឆ្លងទន្លេ និងក្រោយពេលសម្រាលកូនបានអាយុ២ឆ្នាំ។ តាមរយៈគោលនយោបាយនេះ គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខភាពមាតា និងទារក និងកាត់បន្ថយភាពក្រក្រផងដែរ។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ ជម្រាបជាសាធារណៈថា ពាក់ព័ន្ធនឹងអ្នកជំងឺដែលត្រូវការដូរក្រលៀន ដែលកន្លងមកនេះ អ្នកជំងឺមួយចំនួនតែងតែទៅព្យាបាល និងដោះដូរសរីរាង្គ ដូរក្រលៀនជាដើមនោះ គឺតែងតែទៅដោះដូរ និងព្យាបាលនៅឯបរទេស ក៏ប៉ុន្តែពេលនេះ សម្តេចតេជោបានមានប្រសាសន៍ថា ប្រទេសកម្ពុជាយើងក៏មានលទ្ធភាពព្យាបាល ព្យាបាលដូរក្រលៀនបានដែរគឺនៅមន្ទីរពេទ្យកងទ័ព (មន្ទីរពេទ្យព្រះកេតុមាលា) នៅភ្នំពេញ គ្រាន់តែយើងត្រូវការក្រលៀនពីសមាជិកក្រុមគ្រួសារអ្នកជម្ងឺដែលមានក្រលៀនប្រភេទដូចគ្នាតែប៉ុណ្ណោះ គឺអ្វីៗធ្វើនៅក្នុងប្រទេសខ្មែរតែម្តង។
ជាមួយគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យក្រសួងសុខាភិបាល មានការគ្របគ្រងគ្លីនិកឯកជន និងកន្លែងលក់ថ្នាំពេទ្យឲ្យត្រឹមត្រូវ។ ហើយម៉្យាងវិញទៀត គឺទាំងមន្ទីរពេទ្យរដ្ឋ និងឯកជនសូមកុំដណ្តើមអ្នកជំងឺគ្នា ជាក់ស្តែងកន្លងទៅនេះមានករណីខ្លះ មានជម្ងឺបានមកព្យាបាលនៅមន្ទីរពេទ្យឯកជន ហើយដល់ពេលដែលឯកជនព្យាបាលមិនជា ក៏បានបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យរដ្ឋ ហើយដោយសារអ្នកជំងឺកាន់តែធ្ងន់ធ្ងរពេកនោះ ក៏បណ្តាលឲ្យអ្នកជំងឺស្លាប់នៅមន្ទីរពេទ្យរដ្ឋតែម្តង ដែលពេលនោះ ក៏ចាប់ផ្តើមបន្ទោសដល់មន្ទីរពេទ្យរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យមានការគោរពទៅលើក្រមសីលធម៌វិជ្ជាជីវៈពេទ្យឲ្យបានត្រឹមត្រូវ ជាពិសេសកន្លែងលក់ថ្នាំពេទ្យក៏ដូច្នេះដែរ គឺត្រូវតែមានការយកចិត្តទុកដាក់ឲ្យបានច្បាស់លាស់ ត្រូវមានច្បាប់ទម្លាប់ត្រឹមត្រូវ និងលក់ឲ្យត្រូវទៅតាមប្រភេទជំងឺ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកោតសរសើរដល់ក្រុមនិស្សិត និងក្រុមគ្រូពេទ្យមួយចំនួន ដែលកន្លងមកបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងវិស័យមនុស្សធម៌ តាមរយៈការធ្វើកម្មភាពចុះការព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ នៅតាមទីជនបទដាច់ស្រយាលនានា ដូចជាសកម្មភាពមនុស្សធម៌ នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) និងសកម្មភាពពេទ្យស្ម័គ្រចិត្តផ្សេងៗមួយចំនួនទៀត។

នៅថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនដល់ប្រជាពលរដ្ឋឲ្យបានជ្រាបថា នៅថ្ងៃទី១៨ ធ្នូខាងមុខនេះ កម្ពុជាយើងនឹងមានការរៀបចំសមយុទ្ធកងទ័ព រវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម ទាក់ទងទៅនឹងការគ្រប់គ្រងគ្រោះ មហន្តរាយនៅតាមព្រំដែន។ គោលបំណងនៃការធ្វើសមយុទ្ធនេះ គឺចង់បង្ការការពារប្រជាពលរដ្ឋយើង ឲ្យផុតពីគ្រោះថ្នាក់ក្នុងហេតុការណ៍ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ណាមួយដូចជា គ្រោះទឹកជំនន់ ភ្លើងឆេះព្រៃ។ល។ ដូច្នេះតាមរយៈការធ្វើសមយុទ្ធនេះ សូម បងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ អំពីទំនាក់ទំនងរវាងកម្ពុជា នឹងប្រទេសជិតខាងឲ្យសោះ ពីព្រោះនេះគឺជាការធ្វើសមយុទ្ធ ដើម្បីបង្ការការពារនូវសេចក្តីសុខ ជូនដល់ប្រជាពលរដ្ឋយើងតែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូននិស្សិតអំពីការបញ្ចប់ទាំងស្រុង នូវសង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ក្រោយពីសម្តេច បានដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ ជាមួយនឹងគោលដៅពីរសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិគឺ ទី១)ប្រែក្លាយអតីតតំបន់សមរភូមិទាំងអស់ ឲ្យទៅជាតំបន់ដែលមានសុខសន្តិភាព ទីជាកន្លែងទីផ្សារពាណិជ្ជកម្ម កន្លែងកសិកម្ម និងទី២)គឺប្រែក្លាយតំបន់ព្រំដែន នៃប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនដែលមានសន្តិភាព មិត្តភាព និងសហប្រតិបត្តិការល្អជាមួយគ្នា។

ជាបណ្តាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺសូមឲ្យនិស្សិតទាំងអស់ បន្តការខិតខំប្រឹងប្រែង លើវិស័យសុខាភិបាលនេះ ឲ្យបានរិតតែខ្លាំងទៀត ដើម្បីឲ្យកម្ពុជាសម្បូរធនធានមនុស្ស ប្រកបដោយវិជ្ជាជីវៈ និងសមត្ថភាពពិតប្រាកដ ៕

អត្ថបទដែលជាប់ទាក់ទង