ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រង និងនីតិវិធីនៃការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ

86

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ បានចេញសេចក្ដីណែនាំ ស្ដីពីការផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រង
និងនីតិវិធីនៃការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អនុលោមតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយ​ក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជារដ្ឋបាល​រា​ជធានីភ្នំពេញបានបង្កើត ”រដ្ឋាករស្វយ័តគ្រប់គ្រង​សំរាម ​និ​ងសំណល់រឹង រាជធានីភ្នំពេញ” ដែលមានភារកិច្ច
ទទួលបន្ទុកលើការគ្រប់គ្រងការផ្តល់​សេ​វាប្រ​មូល​សំរាម និងសំណល់រឹង ការអនុវត្តប្រព័ន្ធគ្រប់គ្រងសំ​រា​ម និងសំណល់រឹ​ងថ្មី និងការប្រមូលចំណូលថ្លៃសេវាប្រមូល​សំ​រា​ម និងសំណល់រឹង ដោយមិនដាក់ក្នុងវិក្កយបត្រអ​គ្គិ​សនី​ទៀត​ទេ។ ក្នុងអំឡុងពេលអន្តរកាល ​គិ​តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ រហូតដល់ពេលបង្កើតបាន​ ​និង​ដាក់ឱ្យដំណើរការពេញលេញនូវប្រព័ន្ធគ្រប់​គ្រ​ងសំ​រាម​ និងសំណល់រឹងថ្មីក្នុងពេលឆាប់​ៗ​ខា​ងមុខ រាជរដ្ឋាភិបា​ល​អនុញ្ញា​តឱ្យក្រុម​ហ៊ុ​នស៊ី​នទ្រី មានសិទ្ធិបន្តប្រតិបត្តិការ​ស​ម្អា​ត ប្រមូល និងដឹកជញ្ជូនសំរាម​ ​និងសំ​ណ​ល់​រឹងជាបណ្តោះអាសន្នសិន ប៉ុន្តែមិនមានសិ​ទ្ធិក្នុ​ងការប្រ​មូលថ្លៃ​​សេវា សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹងតទៅទៀ​តទេ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ​ ​សូមរក្សាស្ថានភាពចំពោះតម្លៃសេវាបច្ចុប្បន្នជាបណ្តោះអា​សន្នសិន និងសូមប្រជាពលរដ្ឋប្រើប្រាស់អត្រាតម្លៃ​សេ​វាប្រ​មូលសំ​រា​ម និងសំណល់រឹងដែលបានបង់រួ​ច​ហើ​យកាលពីខែតុលា ឆ្នាំ២០១៩ ជាមូលដ្ឋាន ដើម្បីបន្តបង់ថ្លៃសេវាប្រមូលសំ​រា​ម និងសំ​ណ​ល់រឹ​ង ក្នុងអំឡុ​ង​ពេលអន្តរកាលនេះ។

ដើម្បីទំនើបកម្មសេវាសាធារ​ណៈ​ និងសម្រួលដល់ការបង់ថ្លៃប្រើ​ប្រា​ស់សេវា ឱ្យបានគ្រប់ទីកន្លែង រដ្ឋបាលរាជធានី​ភ្នំ​ពេញ សម្រេចផ្អាកការចេញ និ​ងចែកវិក្កយបត្រប្រមូលថ្លៃសេវាសំ​រា​ម និងសំណល់រឹងជាក្រ​ដា​ស ដូចដែលធ្លាប់ភ្ជាប់​ជាមួ​យវិក្ក​យបត្រ​អ​គ្គិសនី ហើយនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ បង់ទូ​ទា​ត់តាម​មធ្យោ​បាយ​អេ​ឡិច​ត្រូ​និក ជំនួសវិញដូច​ខា​ងក្រោ​ម៖

ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តទៅ អតិថិជនត្រូវបង់ថ្លៃសេវាប្រចាំ​​ខែ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥នៃខែបន្ទាប់ (ឧទាហរណ៍ សម្រាប់ថ្លៃសេវាប្រចាំខែមករា ​ឆ្នាំ​២០២០ អតិថិជនត្រូវបង់ថ្លៃសេវាពីថ្ងៃទី១ ដល់ថ្ងៃទី១៥ខែកុម្ភៈ) តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូ​និ​ក (តាមទូ​រស័​ព្ទ​ដៃ) ឬបញ្ជរទូទាត់នៅធនាគារ AC​LEDA ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀតដូចជា eMONEY, Lyhour Weiluy, Pi Pay, True Money និង Dara Pay។ល។
អតិថិជនក៏អាចជ្រើសរើសបង់ថ្លៃសេវាសម្រាប់ច្រើនខែទុកជាមុនបានផងដែរ ដោយប្រព័ន្ធទូទាត់នឹងធ្វើការកាត់កង
និងបង្ហាញសមតុល្យទឹកប្រាក់នៅសល់ជាស្វ័យប្រវត្តិជារៀងរាល់ខែ។ ក្នុងករណីខកខានមិនបានបង់ទូទាត់
ក្រោយរយៈពេលដប់ប្រាំ (១៥) ថ្ងៃ នៃដំណាច់ខែនីមួយៗ នឹងត្រូវបានចាត់ទុកជាបំណុល ដែលជាកម្មវត្ថុនៃការ
ផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងវិធានការណ៍ផ្សេងៗទៀតតាមការចាំបាច់។

១- ចំពោះអតិថិជនដែលធ្លាប់បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងក្នុងវិក្កយបត្រអគ្គិសនី៖ អតិថិជនត្រូវបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ដោយផ្អែកតាមថ្លៃសេវាដែលបានបង់កាលពីខែតុលា ឆ្នាំ២០១៩ ដោយគ្រាន់តែវាយបញ្ចូល លេខសំគាល់អតិថិជន (ID) ដែលមាននៅក្នុងវិក្កយបត្រអគ្គិសនី។
២-ចំពោះអតិថិជនដែលធ្លាប់បង់ថ្លៃសេវា ដោយផ្ទាល់ជូនក្រុមហ៊ុនស៊ីនទ្រី៖ អតិថិជនមិនត្រូវបន្តបង់ថ្លៃសេ​វាប្រមូលសំរាម និងសំណល់រឹងជូនក្រុមហ៊ុនស៊ីន​ទ្រី​តទៅទៀតទេ ប៉ុន្តែត្រូវបង្វែរការបង់​ថ្លៃ​សេវា​ប្រមូលសំរាម និងសំណល់រឹង មករដ្ឋាករស្វយ័​តគ្រ​ប់គ្រង​សំរាម និងសំណល់រឹង រាជធានីភ្នំពេញវិ​ញតាមប្រព័ន្ធអេឡិចត្រូនិច ឬធនា​គារ​ ដូចបានជម្រាបជូនខាង​លើ ​ដោយផ្អែកតាមថ្លៃសេវាដែលបាន​បង់ឱ្យក្រុមហ៊ុនស៊ី​នទ្រី​ ដូចមាននៅក្នុងវិក្កយបត្រចុង​ក្រោ​យហើយត្រូវបង្ហាញឯកសារបង់ប្រា​ក់​នៅ​បញ្ហារបង់ប្រាក់របស់ធនាគារ ​ឬភ្នាក់ងារទូទាត់ផ្សេងៗទៀត​ ​ដូចបាន​ជម្រា​បជូ​ន​ខាងលើ។
៣- ចំពោះអតិថិជនដែលមិនធ្លាប់បង់ថ្លៃសេវាជូន​ក្រុ​មហ៊ុន​ស៊ី​នទ្រីសោះ៖ អតិថិជនត្រូវយក លេខសម្គាល់អតិថិជន (ID) របស់ខ្លួននៅក្នុងវិក្កយបត្រអគ្គិសនី​ មកបង់តាមប្រព័ន្ធអេឡិចត្រូនិក ​ឬធនាគារ ដូចបានជម្រាបជូនខាងលើកុំបីខាន។

សូមប​ញ្ជាក់៖ អតិថិជនដែលត្រូវបង់ថ្លៃសេវាប្រមូលសំរាម​ និងសំណល់រឹង ត្រូវប្រើប្រាស់ លេខសម្គាល់អតិថិជន (ID)
ដែលមាននៅក្នុងវិក្កយបត្រអគ្គិសនី ដូចមានគំរូឧបសម្ព័ន្ធភ្ជា​ប់​មក​ជាមួ​យ​។

ទទួលបានសេចក្តីណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹ​មថា បងប្អូនប្រជាពលរដ្ឋ និងអ្នកបង្កើតសំរាម
ទាំងអស់នៅរាជធា​នី​ភ្នំពេញ នឹងចូលរួមចំណែកក្នុងការពង្រីកវប្បធម៌ចូលរួ​ម​ ក៏ដូចជាការរក្សាអនាម័យ បរិស្ថាន
សោភណភាពរា​ជធា​នីភ្នំពេ​ញឱ្យកាន់តែស្រស់ស្អាត និងត្រូវអនុវត្តសេចក្តីណែនាំនេះ ​ប្រកបដោយស្មារតីទទួលខុស​ត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង