ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងច្បាប់ស្តី ពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ដើម្បីទប់ស្កាត់ និងបង្រ្កាបបទ​ល្មើស​បច្ចេកវិទ្យាព័ត៌មានវិទ្យា

49

 

ភ្នំពេញ៖ ក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិភាក្សា និង​ពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួង​មហា​ផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម ដោយមានការចូលរួមពី ប្រធាន អនុប្រធានក្រុមប្រឹក្សានីតិកម្ម តំណាងអគ្គនាយកដ្ឋាន នាយកដ្ឋាន​នានា​ចំណុះក្រសួងមហាផ្ទៃ មន្រ្តីជំនាញផ្នែកច្បាប់ និងអង្គភាព​ជំនាញពាក់ព័ន្ធជាច្រើនផងដែរ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីបន្តពិនិត្យពិភាក្សាលើខ្លឹមសារ និងបទ​បញ្ញត្តិពាក់ព័ន្ធនានា ដើម្បីស្វែងរកការឯកភាពរួមគ្នា សម្រាប់ជាធាតុចូល ដើម្បីធ្វើសេចក្ដីព្រាងច្បាប់ បទល្មើសបច្ចេកវិទ្យាព័ត៌មាន។ ដោយកិច្ចប្រជុំនេះ បានពិភាក្សាគ្នាយ៉ាងផុសផុល លម្អិត​អំពីការ​អនុវត្តក្រមនីតិវិធី និងការបំពេញតួនាទី ភារកិច្ចរបស់អង្គភាព​ជំនាញនីមួយៗ ដែលធ្វើយ៉ាងណាឱ្យមានការ សមស្រប​ជាមួយការ​អនុវត្ត បន្ទាប់ពីច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះត្រូវបាន​ចេញសេចក្តីសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

សូមបញ្ជាក់ថា ច្បាប់នេះមានគោលបំណងធានា សុច្ចរិតភាព​នៃ​ការ​ប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និង​ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំង​ការការ​ពារ​សិទ្ធិសេរីភាពបុគ្គល ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបការ​ប្រព្រឹត្តបទល្មើស តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា៕

អត្ថបទដែលជាប់ទាក់ទង