ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនថៅកែស្រីក្រុមតន្ត្រីសម័យម្នាក់ ដែលវាយអ្នកចម្រៀងស្រីម្នាក់ បណ្ដាល​ឲ្យ​មាន​របួស​ស្នាម​

45

កំពង់ចាម ៖ នៅ​ទីបំផុត ចៅក្រម​តុលាការ​ខេត្ត​កំពង់ចាម​ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ថៅកែ​ស្រី​ក្រុម​តន្ត្រីសម័យ(ហេង សម្បត្តិតន្ដ្រី ហៅនាយ៨៥) ​ដែលវាយអ្នកចម្រៀងស្រីម្នាក់ បណ្ដាល​ឲ្យ​មាន​របួស​ស្នាម​ច្រើន​កន្លែង ក្រោម​ការចោទ​ប្រកាន់ ​ពីបទ ហិង្សា​ដោយ​ចេតនា តាម​មាត្រា​២១៧ ​នៃ​ក្រម​ព្រហ្មទណ្ឌ។

រឿងរ៉ាវកំពុងផ្ទុះកក្រើកពេញបណ្ដាញសង្គម ក្នុងករណី ស្ដ្រីថៅកែតន្ដ្រីសម័យ (ហេង សម្បត្តិតន្ដ្រី ហៅនាយ៨៥) នៅខេត្តកំពង់ចាម បានប្រើអំពើហិង្សាលើនារីជាអ្នកចម្រៀងរបស់ខ្លួន រហូតមានរបួសធ្ងន់ធ្ងរនោះ បានធ្វើឲ្យមហាជន សម្ដែង នូវក្ដីអាណិតអាសូរ និងប្រកាស ថ្កោលទោស យ៉ាង ខ្លាំង ចំពោះទឹកដៃ ថៅកែស្រីចិត្តមារខាងលើ ខណៈសមាគមសិល្បករខ្មែរ ក៏បាន ចេញមុខ ដើម្បី រកយុត្តិធម៌ តាម លទ្ធភាព រហូតមកដល់ ពេលនេះចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនបង្កហេតុខាងលើដាក់ពន្ធនាគារ ហើយ។

លោកហេង ឡុង បានសរសេរសារលើហ្វេសប៊ុកថា
ទីបំផុតពន្លឺយុត្តិធម៌ចាប់ផ្ដើមមានសម្រាប់ជនរងគ្រោះហើយ។ សូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្តកំពង់ចាមដែលបានចំណាត់ការទាន់ពេលវេលា។
សូមជម្រាបជូនទៅភាគីដែលបានបង្ករបួសស្នាម
ខ្ញុំបាទមានកាតព្វកិច្ចសម្របសម្រួលទាំងពីរភាគី ផ្ដល់សេវាមេធាវីដោយឥតគិតថ្លៃទាំងពីរភាគី (បើក្នុងករណីភាគីម្ខាងទៀតជាអ្នកសិល្បៈដែរ)។ បើមានភស្តុតាង សាក្សី បញ្ជាក់ថាខ្លួនមិនបានបង្ក សុំមកទំនាក់ទំនងមកខ្ញុំបាទផ្ទាល់ 095777888។ ខ្ញុំបាទមិនមានសមត្ថកិច្ចក្នុងការកាត់ក្តីទៅលើភាគីណាម្នាក់ឡើយ សូមភាគីបង្កកុំយល់ច្រឡំ។

លោកធន់ ដារិទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម បានបញ្ជាក់ថា ស្ត្រី​ថៅកែ​មាន ឈ្មោះ ជន យ៉ា​រី អាយុ​៣៨​ឆ្នាំ ត្រូវ​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ ពី​បទ «​ហិង្សា​ដោយ​ចេតនា​» ប្រព្រឹត្ត​នៅ​ភូមិ​ស្ដេច​នន ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៩ សម្រេច​បង្គាប់​ឲ្យ​ពន្ធនាគារ​ខេត្ត​កំពង់ចាម​ឃុំខ្លួន​ជន​ត្រូវ​ចោទ ​ឈ្មោះ ជន យ៉ា​រី រហូតដល់​មានការ​សម្រេច​ជាថ្មី​ពី​តុលាការ។

ជនរងគ្រោះ​ក្នុង​សំណុំរឿង​ហិង្សា​នេះ ​ឈ្មោះ ចាន់ លក្ខិណា ហៅ​ស្រី​ពេជ្រ ជា​ស្ត្រី​មេម៉ាយ​កូន​៣​នាក់ បាន​ឲ្យ​ដឹងថា ខ្លួន​ទើប​ចូល​ច្រៀង​ឲ្យ ក្រុម​តន្ត្រី​នេះ អំឡុង​ខែ​១១ ឆ្នាំ​២០១៩ កន្លងទៅ ស្រាប់​តែ​មក​ដល់​ថ្ងៃ​កើតហេតុ ពេល​កំពុង​ច្រៀង​នោះ កូន​តូច​របស់​ខ្លួន​មាន​ជំងឺ​ចុកពោះ​ខ្លាំង ​ខ្លួន​ក៏​ចុះ​មក​មើល​កូន​ ស្រាប់តែ​ត្រូវ​ថៅកែ​ស្រី ជេរ​ស្ដី​ ហើយ​​​បង្គាប់​ឲ្យ​កូនចៅ​ប្រុស​ជាច្រើន​នាក់ មក​ចាប់ខ្លួន​ដើម្បី​ឲ្យ​គាត់​វាយដំ រហូត​រងរបួស​ពេញ​ផ្ទៃមុខ និង​ដងខ្លួន​តែម្ដង។ ក្រោយ​កើតហេតុ​ មាន​មហាជន​ជា​ច្រើន​បាន​ឈឺឆ្អាល​នឹង​អំពើ​របស់​ថៅកែ​ស្រី​នេះ ​ក៏បាន​ថតរូប​នាង​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម ​ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ថៅកែ​ស្រី​តែម្ដង។

លោកបន្តថា យោងលើមាត្រា ២០៣, មាត្រា ២០៤, មាត្រា ២០៥ និងមាត្រា ២០៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
យោងលើដីកាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ ៖ ១៥ ១៥ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ។ ចាប់ខ្លួននៅថ្ងៃទី១៣.ខែធ្នូ ឆ្នាំ២០១៩ ។
ហេតុដូច្នេះសម្រេចបង្គាប់អោយភ្នាក់ងារសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែល មានឈ្មោះខាងលើទៅពន្ធនាគារខេត្តកំពង់ចាម ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ។ បង្គាប់មកប្រធានពន្ធនាគារខេត្តកំពង់ចាម ទទួលនិងឃុំខ្លួនជននេះ រហូតមានបញ្ហាថ្មីសម្រេចរផ្សេងពីនេះ ។ បង្គាប់អោយគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈ ទាំងអស់នៅពេលត្រូវបានបង្ហាញដ៏កានេះចូលរួមសហការអនុវត្តអោយបានល្អក្នុងករណីចាំបាច់ ៕

អត្ថបទដែលជាប់ទាក់ទង