ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាស្តង់ដារជាតិ បានអនុម័តស្តង់ដារទំនិញ និងផលិតផលបានចំនួន៩២៦ ក្នុងអាណត្តិទី៥ និងទី៦

184

 

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានអះអាងថា ក្រុមការងារបច្ចេកទេសទាំងអស់ចំណុះក្រុមប្រឹក្សាស្តង់ដារជាតិ (NSC) បានបំពេញការងារបានយ៉ាងប្រសើរ ជាមួយនិងការកសាងបាននូវស្តង់ដារសម្រាប់ប្រទេសជាតិបានជាច្រើន ចាប់ពីអាណត្តិទី៥ និងទី៦ ដោយបានអនុម័តស្តង់ដារទំនិញ និងផលិតផលបានចំនួន៩២៦ ហើយ នឹងអនុម័តបាននូវស្តង់ដារមួយចំនួនទៀតនៅពេលខាងមុខ។

លោកចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ(NSC) បានថ្លែងបែបនេះ នៅថ្ងៃទី១៧​ ខែធ្នូ ឆ្នាំ២០១៩​ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្តង់ដារជាតិលើក២២នៅទីស្តីការក្រសួងសិប្បកម្ម និងសិប្បកម្ម ។

លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងថា ក្រុមការងារបច្ចេកទេសទាំងអស់ ចំណុះក្រុមប្រឹក្សាស្តង់ដារជាតិ បានបំពេញការងារបានយ៉ាងប្រសើរ ជាមួយនិងការកសាងបាននូវស្តង់ដារ សម្រាប់ប្រទេសជាតិបានជាច្រើន ចាប់ពីអាណត្តិទី៥ និងទី៦ នៃរាជរដ្ឋាភិបាលកម្ពុជា ។ ជាក់ស្តែងបច្ចុប្បន្ននេះ យើងអនុម័តស្តង់ដារទំនិញ និងផលិតផលបានចំនួន៩២៦ ហើយ ។ ហើយថ្ងៃនេះ យើងនឹងអនុម័តបាននូវស្តង់ដារមួយចំនួនទៀត ហើយនៅពេលខាងមុខ យើងនឹងខិតខំអនុម័តឲ្យបានច្រើនថែមទៀត ជាផលប្រយោជន៍ សម្រាប់ជំរុញសក្តានុពលនាំចេញ និងឧត្តមភាព ប្រកួតប្រជែងលើទីផ្សារទំនិញនិងផលិត ផលកម្ពុជានៅក្រៅប្រទេស ។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានណែនាំឲ្យអ្នកជំនាញនៅវិទ្យាស្ថានស្តង់ដារកម្ពុជា បន្តធ្វើការផ្សព្វផ្សាយពីការងារស្តង់ដារដល់សាធារណជន ឲ្យកាន់ តែយល់ដឹងទូលំទូលាយពីអត្ថប្រយោជន៍របស់វាបន្ថែមទៀត ពីព្រោះអាជីវករនិង សិប្បករមួយចំនួន ការលក់និងការផលិតទំនិញរបស់ពួកគាត់ មិនគោរពបានតាមកម្រិតស្តង់ដារ ធ្វើឲ្យរាំងស្ទះដល់ការនាំចេញ និងការប្រកួតប្រជែងលើទីផ្សារ ។

បន្ទាប់មកអង្គប្រជុំ​ បានដំណើរការកិច្ចប្រជុំរបស់ខ្លួន តាមរបៀបវារៈ ដែលបានគ្រោងទុកប្រកបដោយជោគជ័យ រួមមាន៖ ពិនិត្យនឹងសម្រេចអនុម័ត លើសេចក្តីព្រាងស្តង់ដារចំនួន២៥ស្តង់ដារ ទៅជាស្តង់ដារជាតិ និងស្តង់ដារកែសម្រួលចំនួន២​ស្តង់ដារ ដែលក្នុងនោះគ្របដណ្តប់ទៅលើ៖
• ស្តង់ដារផ្នែកប្រព័ន្ធគ្រប់គ្រងចំនួន១១ ស្តង់ដារ
• ស្តង់ដារផ្នែកឧបករណ៍អគ្គិសនីនិងអេឡិចត្រូនិចចំនួន៥ស្តង់ដារ
• ស្តង់ដារសម្រាប់បន្លែនិងផ្លែឈើរបស់អាស៊ានចំនួន៥ស្តង់ដារ
• ស្តង់ដារសម្រាប់ផ្លែស្វាយកែវរមៀតចំនួន១ស្តង់ដារ
• ស្តង់ដារកែសម្រួលសម្រាប់ទឹកពិសារដបនិងភេសជ្ជៈមានកាបូណាត​ចំនួន២ស្តង់ដារ
• ស្តង់ដារសម្រាប់ស្លាកសញ្ញាអាហារូបត្ថម្ភចំនួន១ស្តង់ដារ។​

ស្តង់ដារទាំងនេះ នឹងត្រូវបានប្រើប្រាស់ជាមូលដ្ឋាន ក្នុងការពង្រឹងគុណភាពផលិតកម្ម អាជីវកម្ម សុវត្ថិភាពអ្នកប្រើប្រាស់ ជាពិសេសដើម្បីកាត់បន្ថយនូវរបាំងបច្ចេកទេសនានា នៅក្នុងការធ្វើពាណិជ្ជកម្ម ។​ ក្នុងនោះផងដែរ តំណាងអង្គការស្តង់ដារអន្តរជាតិ បានធ្វើបទបង្ហាញអំពី ”​ការអនុវត្តស្តង់ដារូបនីយកម្មល្អ” ​ជូនអង្គប្រជុំ ដើម្បីមានមូលដ្ឋានច្បាស់លាស់មួយសម្រាប់កម្ពុជា នៅក្នុងការរៀបចំស្តង់ដារជាតិ និង ដើម្បីជៀសវាងការតវ៉ា ពីបណ្តាប្រទេសនានា ដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ពិសេសពីសមាជិកអង្គការពាណិជ្ជកម្មពិភពលោក៕

 

អត្ថបទដែលជាប់ទាក់ទង