ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ២នាក់ ដកកាំភ្លើងខ្លីភ្ជង់ទៅលើក្មេងស្រីម្នាក់ រួចប្លន់យកម៉ូតូជិះគេចខ្លួន បាត់ស្រមោល

57

កណ្ដាលៈ ក្មេងស្រីម្នាក់កំពុងជិះម៉ូតូ ស្រាប់តែមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ២នាក់ ជិះម៉ូតូឌុបគ្នា បានមកស្ទាក់ក្មេងស្រីម្នាក់ ឲ្យឈប់រួចដកកាំភ្លើងខ្លីភ្ជង់គំរាមឲ្យចុះពីលើម៉ូតូ ហើយយកម៉ូតូពីក្មេងស្រីរងគ្រោះជិះគេចខ្លួនបាត់ស្រមោលតែម្ដង ។ ករណីលួចមានស្ថានទម្ងន់ទោសនេះ បានកើតឡើងនៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចមុខវត្តឈូងលាភ ស្ថិតក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ផូ វឌ្ឍនា អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រែកថី សង្កាត់ការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យមានគ្នា២នាក់ ពុំស្គាល់អត្តសញ្ញាណ
ភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ ។ ដោយឡែកសម្ភារៈបាត់បង់មានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ កណ្តាល1AG 4640 ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានជិះម៉ូតូរបស់ខ្លួន តាមបណ្ដោយផ្លូវជាតិលេខ២១ លុះជិះមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ២នាក់ ជិះម៉ូតូហុងដាឌ្រីម ស៊េរីចាស់ បានមកឈប់ស្ទាក់ម៉ូតូក្មេងស្រីរងគ្រោះឲ្យឈប់ រួចដកកាំភ្លើងខ្លីភ្ជង់គំរាមក្មេងស្រីរងគ្រោះ ឲ្យចុះពីលើម៉ូតូប្រគល់សោមកឲ្យខ្លួន ហើយយកម៉ូតូក្មេងស្រីជិះ សំដៅតាមផ្លូវជាតិលេខ២១ ទៅទិសខាងជើងបាត់ទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ចុះមកកន្លែងកើតហេតុ រួចកសាងសំណុំរឿងស្រាវជ្រាវ ដើម្បីកំណត់រកមុខសញ្ញាចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង