ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានរោងម៉ាស៊ីនកិនស្រូវចំនួន១៨ បន្ថែមទៀតត្រូវបាន អនុញ្ញាតឲ្យនាំចេញអង្ករទៅកាន់ប្រទេសចិន

63

 

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថាមានរោងម៉ាស៊ីនកិនស្រូវចំនួន១៨ បន្ថែមទៀតត្រូវបានអនុញ្ញាតឲ្យនាំចេញអង្ករទៅកាន់ប្រទេសចិន។

ពិធីប្រកាសនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី វេង សាខុន និងមានការចូលរួមពីលោក Wu Guoquan តំណាងស្ថានទូតចិន និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា លោកឧកញ៉ា និងវិស័យឯកជនប្រមាណ ២០០នាក់។

 

ជាបឋម លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាប ដោយសង្ខេបអំពីសារបាន ដែលនាំឲ្យកម្ពុជាសម្រេចទទួល បានលទ្ធផលនាំចេញអង្ករទៅកាន់ទីផ្សារចិន ហើយជាពិសេសថ្មីៗនេះភាគីចិន បានឯកភាពអនុញ្ញាតឲ្យ រោងម៉ាស៊ីនកិនស្រូវចំនួន ១៨បន្ថែមទៀត នាំអង្ករចេញទៅកាន់ទីផ្សារចិន ដែលសរុបមកទល់ពេលនេះ យើងមានសហគ្រាស និងរោងម៉ាស៊ីនកិនស្រូវចំនួន ៤៤ ហើយដែលមានលទ្ធភាពនាំចេញអង្ករទៅកាន់ទីផ្សារចិន។ នាឱកាសនេះ លោក Wu Guoquan បានចូលរួមអបអរសាទរ ចំពោះរោងម៉ាស៊ីនកិនស្រូវទាំង ១៨ និងបានវាយតម្លៃខ្ពស់ ចំពោះអគ្គនាយកដ្ឋានកសិកម្ម ក្រសួង និងស្ថាប័នពាក់ព័ន្ធដែលបាន ចូលរួមធ្វើឲ្យយើងសម្រេច ទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរនាថ្ងៃនេះ ហើយពិតណាស់លទ្ធផលនេះគឺស្របតាមគោល នយោបាយរបស់រដ្ឋាភិបាលទាំងពីរ បានដាក់ចេញគឺការពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហការគ្នាគ្រប់កាល:ទេស:តាមរយ:ការពង្រឹង និងពង្រីកវិស័យកសិកម្ម និងសេដ្ឋកិច្ច។ លោកបានសង្កត់ធ្ងន់ថា ទីផ្សារចិនមានសក្តានុពលសម្រាប់កសិផលកម្ពុជាមិនមែនតែអង្ករ ប៉ុន្តែដំឡូងមី ម្រេច ស្វាយ ស្វាយចន្ទី ត្រី កៅស៊ូ ដូង និងកសិផលផ្សេងៗទៀត ហើយទាំង អស់នេះគឺជាឱកាសដ៏ប្រសើរសម្រាប់ កសិករកម្ពុជានាពេលអនាគត។

 

លោករដ្ឋមន្ត្រី បានសម្តែងនូវអំណរសាទរជូន ចំពោះរោងម៉ាស៊ីនកិនស្រូវទាំង ១៨ ដែលបានទទួលគោលការណ៍ ពីអគ្គរដ្ឋបាលគយចិនអនុញ្ញាត ឲ្យនាំអង្ករចេញទៅកាន់ទីផ្សារចិន ហើយភ្ជាប់ទៅនឹងលទ្ធផល ដែលយើងសម្រេចនាពេលនេះ គឺបានមកពីការខិតខំប្រឹងប្រែង សហការ និងឧបត្ថម្ភគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ។ ពិតណាស់ លោករដ្ឋមន្ត្រីបានរំលេចជូនអង្គពិធី បានឃើញច្បាស់ថា យើងអាចឈានមកដល់ចំណុចនេះគឺបានមកពីកិច្ចសហការយ៉ាងជិតស្និទ របស់អគ្គរដ្ឋបាលគយចិន និងស្ថានទូតចិន ប្រចាំនៅកម្ពុជា ដែលបានបង្កលក្ខណ:ល្អប្រសើរ ធ្វើយ៉ាងណាជំរុញឱ្យផលិតផលអង្ករកម្ពុជា អាចនឹងនាំចេញទៅកាន់ទីផ្សារចិន គ្រប់តាមកូតា ៤០ម៉ឺនតោនក្នុងមួយឆ្នាំ ស្របតាមសុច្ឆន្ទ:របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីឈានទៅសម្រេចកូតានេះបាន លោកបានផ្ញើក្តីសង្ឃឹម និងជឿជាក់លើក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសហគមន៍កសិកម្ម នឹងបន្តចូលរួមសហការឲ្យបានល្អ ដើម្បីជួយជំរុញការនាំចេញមាសស ឲ្យទទួលបានជោគជ័យតាមគោលដៅរំពឹងទុក។ ដោយឡែក ឯកឧត្តមបានណែនាំឲ្យអ្នកផលិតក៏ត្រូវក្លាយខ្លួនចេញពី “កសិករ” ទៅជា “កសិ-ពាណិជ្ជករ” ដើម្បីទទួលបានបច្ចេកវិទ្យាទំនើប ទាន់សម័យ សម ស្រប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងការអនុវត្តកសិកម្មតាមកិច្ចសន្យា ដែលនាំដល់ការបង្កើនសមត្ថភាពផលិត តម្លៃបន្ថែម ធានាបរិមាណ គុណភាព និងស្តង់ដារទីផ្សារនាំចេញ។ រោងម៉ាស៊ីនកិនស្រូវត្រូវលើកកម្ពស់សមត្ថភាពកែច្នៃ ធ្វើយ៉ាងណាធានាបានគុណភាព និងស្តង់ដារតម្រូវនៃទីផ្សារនាំចេញ ពិសេសបទដ្ឋាន SPS។ ក្រៅពីនេះ លោករដ្ឋមន្រ្តី បានផ្តល់ការណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ពិនិត្យឡើងវិញនៅប្រភេទពូជ ដែលមានតម្រូវការទីផ្សារ និងដាក់ទិសដៅជំរុញការផលិតពូជទាំងនោះ ហើយត្រូវកំណត់ឈ្មោះសមស្រប ដោយមិនត្រូវបង្កើតឈ្មោះច្រើន ដែលនាំឱ្យមានការភ័ន្តច្រឡំប្រភេទពូជ។

ជាចុងក្រោយ លោករដ្ឋមន្រ្តី ក៏សង្ឃឹមផងដែរថាភាគីចិន នឹងបន្តជំរុញពន្លឿនការចរចានូវប្រភេទមុខដំណាំដទៃទៀត ដែលកំពុងមានសក្តានុពលនាំចេញ ដើម្បីធានាដល់ទីផ្សារនៃការផលិត និងកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង