ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្បទានដីសង្គមកិច្ច បន្តដោះស្រាយ ជូនប្រជាពលរដ្ឋទីទាល់ក្រ

60

 

កម្មវិធីសម្បទានដីសង្គមកិច្ចធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងប្រយោជន៍សង្គម សំដៅលើកកម្ពស់កម្រិតជីវភាព និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋទូទៅ។ សម្បទានដីសង្គមកិច្ច គឺជាការផ្ដល់ដីឯកជនរបស់រដ្ឋ ដែលបានចុះបញ្ជីរួចហើយ ដល់ជនក្រីក្រដែលគ្មានដី ឬ ខ្វះខាតដីសម្រាប់សាងសង់លំនៅឋាន ឬ ធ្វើកសិកម្មជាលក្ខណៈគ្រួសារ ដែលអាចបង្កើតឱកាសការងារនិងទទួលបានប្រាក់ចំណូល។ នេះបើតាមការផ្សព្វផ្សាយ របស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

ក្រសួងរៀបចំដែនដី​ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ផ្ដោតការយកចិត្តទុកដាក់ ចេញនូវកម្មវិធីនយោបាយបែងចែក និងប្រើប្រាស់ដីរដ្ឋ សម្រាប់គោលបំណងឯកជន និងសាធារណៈ ប្រកបដោយតម្លាភាព និងសមធម៌ ឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋទូទៅ ជារួមគិតពីពេលចាប់ផ្តើម រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៩ កម្មវិធីសម្បទានដីសង្គមកិច្ចគ្រប់ប្រភេទ សម្រេចផ្តល់ដីសរុបទំហំ ១៤៤.៨៨៩,៥១ ហិកតា ជូនប្រជាពលរដ្ឋសរុប៨០.៨៦២គ្រួសារ និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋសរុបចំនួន ៧.២៣៦ ខ្នង និងសម្រេចផ្តល់ដីសរុបទំហំជាង១លាន២សែនហិកតា ស្មើនឹងជាង ៧១ម៉ឺនក្បាលដី ជូនគ្រួសារទទួលដីប្រមាណ៤សែនគ្រួសារ តាមរយៈការអនុវត្តនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី។

ព័ត៌មានរបស់ក្រសួងដែនដី បានបន្ថែមថា “កម្មវិធីសម្បទានដីសង្គមកិច្ចធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងប្រយោជន៍សង្គម សំដៅលើកកម្ពស់កម្រិតជីវភាព និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋទូទៅ។ សម្បទានដីសង្គមកិច្ច គឺជាការផ្ដល់ដីឯកជនរបស់រដ្ឋ ដែលបានចុះបញ្ជីរួចហើយ ដល់ជនក្រីក្រដែលគ្មានដី ឬ ខ្វះខាតដីសម្រាប់សាងសង់លំនៅឋាន ឬ ធ្វើកសិកម្មជាលក្ខណៈគ្រួសារ ដែលអាចបង្កើតឱកាសការងារនិងទទួលបានប្រាក់ចំណូល។ ក្នុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាផ្ដោតការយកចិត្តទុកដាក់កនៅតែដាក់ចេញនូវកម្មវិធីនយោបាយបែងចែក និងប្រើប្រាស់ដីរដ្ឋសម្រាប់គោលបំណងឯកជន និងសាធារណៈ ប្រកបដោយតម្លាភាព និងសមធម៌ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាជនក្រីក្រ យុទ្ធជនពិការ គ្រួសារយុទ្ធជនពលី អតីតកងកម្លាំងប្រដាប់អាវុធ គ្រួសារដែលត្រូវផ្លាស់ប្ដូរទីលំនៅដែលបណ្ដាលមកពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សម្រាប់ការតាំងលំនៅឋានថ្មី គ្រួសារដែលរងគ្រោះដោយគ្រោះធម្មជាតិ គ្រួសារដែលធ្វើមាតុភូមិនិវត្ត និងគ្រួសារដែលគ្មានដី ខ្វះដី ហើយត្រូវការដីពិតប្រាកដតាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ច និងការធ្វើប្រទានកម្ម ដោយធានាឱ្យបាននូវសមធម៌ ស្ថិរភាពសង្គម សន្ដិសុខស្បៀង និងការសម្រួលដល់ការវិនិយោគ”។

នៅឆ្នាំ២០១៩ រាជរដ្ឋាភិបាល តាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ចនៃក្រសួងរៀបចំដែនដដី នគរូបនីយកម្ម និងសំណង់ សម្រេចលទ្ធផលបាន៖ ១/. សម្បទានដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ៖ អនុវត្តក្នុងខេត្តគោលដៅចំនួន ១២ រួមមានខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តកោះកុង និងខេត្តស្វាយរៀង ៤ ៦៤៤,២៣ហិកតា ជូនគ្រួសារអតីតយុទ្ធជនចំនួន៣ ៥០៤គ្រួសារ សាងសង់ផ្ទះជូនបានចំនួន ១ ៦៨០ខ្នង ក្នុងនោះផ្ទះសង់អំពីឈើផុតពីដីប្រក់ស័ង្កសីចំនួន៨៥០ខ្នង និងសាងសង់ផ្ទះថ្មពីឥដ្ឋផ្ទាល់ដីប្រក់ស័ង្កសីចំនួន៨៣០ខ្នង ជាមួយនឹងការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមានសាលារៀន ផ្លូវ អណ្តូងទឹក និងស្រះទឹក។ ២/.សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ ៖ សម្រេចផ្តល់ដីជូនតាមរយៈថវិកាពិសេសរបស់រាជរដ្ឋាភិបាល ការធ្វើប្រទានកម្មដីរដ្ឋ និយ័តកម្មដីរដ្ឋ និងសារាចរលេខ០៣ និងតាមសំណើរបស់ខេត្តសម្រេចចែកដីសរុបទំហំ១១១ ៦១៦,២៨ហិកតា សើ្មនឹង៥៨ ១២៩គ្រួសារ និងប្រទានកម្មដីតាមរយៈការអនុវត្តនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លីទំហំជាង១លាន២សែនហិកតា ស្មើនឹងជាង៧១ម៉ឺនក្បាលដី ដល់ប្រជាពលរដ្ឋប្រមាណ៤សែនគ្រួសារ។ ៣/.ការអភិវឌ្ឍតាមបណ្តោយព្រំដែន ៖ សម្រេចផ្តល់ដីសម្បទានសង្គមកិច្ចទំហំដី១២ ៥១៥ហិកតា ជូន១៤ ២១៩គ្រួសារ និងសាងសង់ផ្ទះបានចំនួន៥ ៥៥៦ខ្នង ក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តស្វាយរៀង និងខេត្តស្ទឹងត្រែង។ ៤/.គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ៖ បានផ្តល់ដី សរុបទំហំ១៦ ១១៤ហិកតា លើមុខសញ្ញាទទួលដីសរុប៥ ០១០គ្រួសារ បានផ្តល់សម្ភារៈសម្រាប់សាងសង់ផ្ទះជូនប្រជាពលរដ្ឋ៥ ០១០គ្រួសារ និងបានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ៥ ៤៨១បណ្ណ ក្នុងនោះដីឯកជនចំនួន៥ ០៤០បណ្ណ ស្មើនឹង៣ ០០៦គ្រួសារ និងដីសាធារណៈចំនួន៤៤១បណ្ណ។ ជារួមគិតពីពេលចាប់ផ្តើមរហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៩ កម្មវិធីសម្បទានដីសង្គមកិច្ចគ្រប់ប្រភេទ សម្រេចផ្តល់ដីសរុបទំហំ ១៤៤ ៨៨៩,៥១ ហិកតា ជូនប្រជាពលរដ្ឋសរុប៨០ ៨៦២គ្រួសារ និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋសរុបចំនួន ៧ ២៣៦ ខ្នង និងសម្រេចផ្តល់ដីសរុបទំហំជាង១លាន២សែនហិកតា ស្មើនឹងជាង ៧១ម៉ឺនក្បាលដី ជូនគ្រួសារទទួលដីប្រមាណ៤សែនគ្រួសារ តាមរយៈការអនុវត្តនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី៕

អត្ថបទដែលជាប់ទាក់ទង