អ្នកធ្វើការងារ និងទទួលប្រាក់បៀវត្សរ៍របស់រដ្ឋ បែរជាទៅបម្រើការឱ្យក្រុមហ៊ុន ដោយទុកកិច្ចការទាំងឡាយឱ្យនៅរាំងស្ទះ
កំពត៖ រដ្ឋលេខាធិការប្រចាំការនៃក្រសួងរៀបចំដែនដី មានប្រសាសន៍ថា មន្ត្រីជំនាញស្ថិតក្នុងក្របខ័ណ្ឌរដ្ឋ ត្រូវប្រើប្រាស់ពេលវេលាឱ្យបានសមរម្យស្របតាមច្បាប់ដែលបានកំណត់។ ក្នុងនាមខ្លួនជាអ្នកធ្វើការងារ និងទទួលប្រាក់បៀវត្សរ៍របស់រដ្ឋ បែរជាទៅបម្រើការឱ្យក្រុមហ៊ុន ដោយទុកកិច្ចការទាំងឡាយឱ្យនៅរាំងស្ទះ រហូតបង្កការលំបាក ដល់ប្រជាពលរដ្ឋ។
ព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពត មានរៀបចំពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោក ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សខេត្តកំពត ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរយនាក់។
យោងប្រកាសលេខ១៧៨.ដនស.ប្រក ចុះថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ មានខ្លឹមសារថា ត្រូវបានតែងតាំងលោក ដាញ់ សារី ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ជំនួសលោក យិន វុឌ្ឍ ដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ផ្តាំផ្ញើក្នុងឱកាសនេះ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍ថា ប្រធានមន្ទីរទើបទទួលតំណែងថ្មី ត្រូវបន្តធ្វើកិច្ចការដែលនៅសេសសល់ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានល្អ ពិសេសការផ្តល់ប័ណ្ណកម្មសិទ្ធិ ជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលលើកិច្ចការងារដីធ្លី។
ក្រើនរំលឹកស្រដៀងគ្នានោះដែរ លោក ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា មន្ត្រីជំនាញស្ថិតក្នុងក្របខ័ណ្ឌរដ្ឋ ត្រូវប្រើប្រាស់ពេលវេលាឱ្យបានសមរម្យ ស្របតាមច្បាប់ដែលបានកំណត់។ មានន័យថា ក្នុងនាមខ្លួនជាអ្នកធ្វើការងារ និងទទួលប្រាក់បៀវត្សរ៍របស់រដ្ឋ បែរជាទៅបម្រើការឱ្យក្រុមហ៊ុន ដោយទុកកិច្ចការទាំងឡាយឱ្យនៅរាំងស្ទះ រហូតបង្កការលំបាក ដល់ប្រជាពលរដ្ឋដែលត្រូវពឹងពាក់នោះឡើយ។
សូមបញ្ជាក់ថា លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានសម្រេចដកតំណែងលោក យិន វុឌ្ឍ ចេញពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តកំពត និងតែងតាំងលោក ដាញ់ សារី ដែលជាអនុប្រធានមន្ទីរឡើងជាប្រធានមន្ទីរនោះ ប្រជាពលរដ្ឋយ៉ាងច្រើននៅខេត្តកំពត បានគាំទ្រចំណាត់ការនេះពេញទំហឹងផងដែរ៕