ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការរងនគរបាលក្រុងបាវិត បាញ់ប្រហារស្រ្តីម្ចាស់ហាង តន្រ្តីសំណាងអាណេ ត្រូវតុលាការឃុំខ្លួន

53

 

ខេត្តស្វាយរៀង៖ លោក ឃុន ដាវី ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តស្វាយរៀង បានសម្រេចឃុំខ្លួនជនត្រូវចោទជាអធិការរងនគរបាលក្រុងបាវិតពាក់ព័ន្ធការបាញ់ប្រហារស្រ្តីម្ចាស់ហាង តន្រ្តីសំណាងអាណេ បណ្តាលឲ្យស្លាប់ នាំឲ្យកក្រើកពេញក្រុងបាវិត នារយៈពេលប៉ុន្មានថ្ងៃនេះកន្លងមកនេះ។ នេះបើតាមដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង ដែលក្រុមអ្នកសារព័ត៌មានទទួលបាននាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ។

 

អធិការរងនគរបាលរូបនេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ឃាតកម្ម និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។

 

ជនរងគ្រោះម្ចាស់ហាង«តន្រ្តីសំណាងអាណេ» សឿន ស្រីណេ អាយុ៣៨ឆ្នាំ ជាស្រ្តីមេម៉ាយកូនស្រីម្នាក់ មានស្រុកកំណើតភូមិក្រាំងអាត ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ប៉ុន្តែនាងបានទៅបើកហាងរកស៊ី នៅក្រុងបាវិតនាប៉ុន្មានឆ្នាំមកហើយ។ ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក នៅវេលាថ្ងៃត្រង់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ស្ដ្រីរងគ្រោះបាន ស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យប្រទេសវៀតណាម។

 

ស្រ្តីរងគ្រោះត្រូវបានអធិការរងនគរបាលក្រុងបាវិត កែវ ចិត្រា បានបាញ់ប្រហារបណ្តាលឲ្យស្លាប់ក្រោយរបួសធ្ងន់ពេក។ ជនដៃដល់ជាកូនប្រុសរបស់អធិការនគរបាលក្រុងបាវិត កែវ គង់ ដែលទើបឡើងតួនាទីក្នុងរយៈពេលមួយសប្តាហ៍នេះទេ។

 

អធិការរងក្រុងបាវិតឈ្មោះ កែវ ចិត្រា អាយុ២៨ឆ្នាំ ដែលជាកូនប្រុសបង្កើតអធិការនគរបាលក្រុងបាវិត លោក កែវ គង់ បានដកកាំភ្លើងបាញ់ចំនួន ២គ្រាប់ ដោយមួយគ្រាប់បាញ់ឡើងលើ និងមួយគ្រាប់ទៀតបាញ់ចំក្បាលស្ត្រីជាម្ចាស់ហាង។ ករណីនេះបានកើតឡើងនៅក្នុង ហាងភោជនីយដ្ឋាន តន្ត្រីសំណាងអាណេ ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

 

បើតាមបុគ្គលិកបម្រើការងារហាងតន្ត្រីសំណាងដាណេ បានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសម្នាក់ បានចូលមកក្នុងហាងនៅកញ្ចុះលេខ៦៦៦៦ ហើយកុម្ម៉ង់មីស្រុះមួយចាន បន្ទាប់មកទៀតបានប្រាប់បុគ្គលិក ឲ្យហៅម្ចាស់ហាងមកជួបស្រាប់ តែបុរសនោះបានដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ និងមួយគ្រាប់ទៀតបាញ់តម្រង់ក្បាលស្ត្រីរងគ្រោះតែម្តង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិ និងភ្ញៀវជួយលើកជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។ បន្ទាប់ពីធ្វើសកម្មភាពបាញ់ប្រហាររួច បុរសដែលឃាតក បានដើរចេញពីហាងគេចខ្លួនបាត់ តែត្រូវបានឃាត់ខ្លួននៅពេលបន្ទាប់មក។

 

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា៖ មូលហេតុដែលនាំឲ្យមានការបាញ់ប្រហារនេះ ដោយសារជនដៃដល់ខឹងម្ចាស់ហាងយកម្ហូបមកយឺតពេក។ ក្រោយការបាញ់ប្រហារជនដៃដល់ កែវ ចិត្រា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។

 

អធិការរងនគរបាលរូបនេះ ត្រូវបានគេរាយការណ៍ថា ទើបតែត្រូវបានប្រកាសឲ្យចូលកាន់តំណែងតែប៉ុន្មានថ្ងៃមកនេះទេ។ នៅអធិការដ្ឋាននគរបាលក្រុងបាវិត ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានមួយចំនួន លួចបង្ហើបថា ម្នាក់ៗមិនពេញចិត្តនឹងការដឹកនាំរបស់អធិការក្រុង កែវ គង់ នោះឡើយ ប៉ុន្តែមិនហ៊ានប្តឹងមកថ្នាក់លើចេះតែទ្រាំទៅ។

 

ជនសង្ស័យនេះ ត្រូវបានអ្នកក្រុងបាវិតមួយចំនួន ស្គាល់ថា ជាមនុស្សមានចរឹកមិនល្អ និងធ្លាប់ជាក្មេងទំនើង ស្រាប់តែមានសំណាងបានធ្វើជាអធិការរងនគរបាលក្រុង ក្រោមការជួយជ្រោមជ្រែងពីឪពុក របស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង