ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំហំពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េ ៩ខែឆ្នាំ២០១៩ ប្រមាណជិត ៧០០លានដុល្លារ

129

 

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េ ឆ្នាំ២០១៨ មានប្រមាណជាជិត ៨០០លានដុល្លារ ប៉ុន្តែព័ត៌មានខាងកូរ៉េមានជិត ១០០០ពាន់លានដុល្លារ ហើយរយៈពេល៩ខែឆ្នាំ២០១៩នេះ ប្រមាណជិត ៧០០លានដុល្លារ។ នេះបើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញតឱ្យលោក Park Heung-kyoeng ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។

បើតាមឯកឧត្តម កុយ គួង ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកត់សម្គាល់ថា រយៈពេលថ្មីៗនេះ ជាពិសេសនៅក្នុងឆ្នាំ២០១៩ មានព្រឹត្តិការណ៍ជាច្រើន ដែលជំរុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំ និងភាពទូលំទូលាយបន្ថែមទៀត។ ជាពិសេសមានដំណើរទស្សនកិច្ច ប្រធានាធិបតីកូរ៉េមកកម្ពុជានាពេលកន្លងមកនេះ ក៏ដូចជាព្រឹត្តិការណ៍ប្រារព្ធពិធីរំលឹកខួប អាស៊ាន-កូរ៉េ ក៏ដូចជាកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ នៅពេលថ្មីៗនេះផងដែរ។

ជាការឆ្លើយតប លោក Park Heung-kyoeng បានថ្លែងថា ទំនាក់ទំនងទ្វេភាគី មានការរីកចម្រើន។ ឆ្នាំ២០១៩នេះ ជាឆ្នាំមួយល្អសម្រាប់ប្រទេសទាំងពីរ ។ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តួចផ្តើមគំនិត​ ឲ្យមានកិច្ចប្រជុំមេគង្គ-កូរ៉េ ឲ្យស្ថិតនៅក្នុងកម្រិតកំពូល។ ហើយនាពេលកន្លងមក កម្ពុជា តែងតែគាំទ្រដំណើរការសន្តិភាព នៅក្នុងឧបទ្វីបកូរ៉េ ដោយមិនចង់ឲ្យមានអាវុធនុយក្លេអ៊ែរ។

លោក កុយ គួង បានបន្ថែមថា ភាគីទាំងពីរក៏បានពិភាក្សាគ្នា អំពីការជំរុញឲ្យមានកំណើនពាណិជ្ជកម្ម ទំហំពាណិជ្ជកម្ម ការវិនិយោគ ក៏ដូចជាវិស័យទេសចរណ៍ផងដែរ និងវិស័យជាច្រើនទៀត ជាពិសេសឯកសារថ្មីៗនេះ ក្នុងអំឡុងពេលដែលលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន តំណាងសម្តេចតេជោនាយករដ្ឋមន្ត្រី ទៅចូលរួមកិច្ចប្រជុំកំពូលសំខាន់ៗ រួមមាន រំលឹកខួបអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ បានចុះហត្ថលេខាឯកសារចំនួន៥ រវាងកម្ពុជា-កូរ៉េ ដោយពាក់ព័ន្ធទៅនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ប្រព័ន្ធព័ត៌មានវិទ្យា ដែលឯកសារទាំង៥នេះ ជួយជ្រោមជ្រែង ជំរុញឲ្យមានការលើកទឹកចិត្តដល់អ្នកវិនិយោគកូរ៉េ កាន់តែមកវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើនទៀត។ កម្ពុជា-កូរ៉េ ក៏បានពិភាក្សាគ្នា ដើម្បីធ្វើយ៉ាងណាឲ្យមានអ្នកទេសចរកូរ៉េមកលេងកម្ពុជា ក៏ដូចជាអ្នកទេសចរកម្ពុជា ទៅលេងកូរ៉េផងដែរ។ អ្នកទេសចរកូរ៉េមកលេងកម្ពុជា ក្នុងមួយឆ្នាំៗប្រមាណ ៣០ម៉ឺន ទៅ៤០ម៉ឺននាក់។ កម្ពុជា-កូរ៉េ ក៏ជំរុញឲ្យមានកំណើនអ្នកទេសចរកាន់តែច្រើន ពីព្រោះបើពិនិត្យមើលជើងយន្តហោះ ដែលហោះត្រង់មកកម្ពុជាប្រមាណ ៥០ជើងក្នុងមួយសប្តាហ៍។

ឯកឧត្តម កុយ គួង បានលើកឡើងពីទំហំពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េ ដោយបញ្ជាក់ថា៖ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ យើងពិនិត្យមើលឆ្នាំ២០១៨ មានប្រមាណជាជិត ៨០០លានដុល្លារ ប៉ុន្តែព័ត៌មានខាងកូរ៉េមានជិត ១០០០ពាន់លានដុល្លារ។ បើឆ្នាំ២០១៩ រយៈពេល៩ខែនេះ ប្រមាណជិត ៧០០លានដុល្លារ។ ហើយបើសិនយើងមើលទុនវិនិយោគកូរ៉េ មកកម្ពុជាកន្លងមក យើងឃើញថា ក្នុងឆ្នាំ១៩៩៦ ដល់ខែមករា ឆ្នាំ២០១៩នេះ មានប្រមាណជាង ៤.៤៧០លានដុល្លារ។

លោក កុយ គួង បានឲ្យដឹងទៀតថា ភាគីទាំងពីរក៏បានពិភាក្សាពីវិស័យកសិកម្មផងដែរ ដែលឯកសារចំនួន៥ ចុះហត្ថលេខានៅទីក្រុងប៊ូសាន ក៏មានអនុស្សរណៈការយោគយល់គ្នា លើវិស័យកសិកម្ម ពីព្រោះកសិកម្មនៅកូរ៉េ មានកសិកម្មទទួលផលបានច្រើន មានបច្ចេកវិទ្យាទំនើបលើរឿងកសិកម្ម។ កម្ពុជាសង្ឃឹមថា នឹងធ្វើឲ្យវិស័យកសិកម្មកាន់តែល្អថែមទៀត ហើយក្នុងនោះក៏មានការនឹងត្រៀមនាំផ្លែស្វាយកម្ពុជា ទៅលក់នៅកូរ៉េដែរ ស្របពេលកម្ពុជាសង្ឃឹមថាផ្លែស្វាយ នឹងទទួលបាននូវការគាំទ្រច្រើនពីកូរ៉េ៕

អត្ថបទដែលជាប់ទាក់ទង