រដ្ឋបាលរាជធានីរៀបចំការផ្សព្វផ្សាយ អនុក្រឹត្យលេខ ១៩ អនក្រ.បក ស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ





ភ្នំពេញ៖ ការផ្ដល់នូវសេវាជូនប្រជាពលរដ្ឋគឺជារឿងសំខាន់ ដូច្នេះទេ ដើម្បីជំរុញឲ្យការផ្ដល់សេវានេះអោយបានលឿន ចំទិសដៅជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំការផ្សព្វផ្សាយ អនុក្រឹត្យលេខ ១៩ អនក្រ.បក ស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលពិធីនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៩នៅ សាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ការផ្សព្វផ្សាយខាងលើនេះ គឺក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីនីតិវិធីបែបបទ ផ្តល់ការយល់ដឹងដល់មន្ត្រីរបស់យើងដើម្បីពង្រឹងការងារនៃការផ្ដល់សេវានៅថ្នាក់ក្រោមជាតិនេះឲ្យបានល្អប្រសើរទទួលបាននូវការគាំទ្រការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋ។
លោកឃួង ស្រេង ក៏បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធនៃការងារផ្ដល់សេវាជូនប្រជាពលរដ្ឋនេះត្រូវបំពេញការងាររបស់ខ្លួនឲ្យបានល្អ ពោលគឺអ្វីដែលធ្វើមិនបាន អ្វីដែលធ្វើបាន ត្រូវប្រាប់ប្រជាពលរដ្ឋឲ្យបានយល់ ហើយត្រូវធ្វើកិច្ចការងារនេះឲ្យបានត្រឹមត្រូវ កុំឲ្យមានបញ្ហាទៅថ្ងៃក្រោយ។លោកបានបញ្ជាក់ផងដែរថា បញ្ហាដែលកើតឡើងកន្លងមកគឺផ្តើមចេញពីអាជ្ញាធរនេះឯង ដែលចូលបានចុះហត្ថលេខាទៅលើដីធ្លីជាន់គ្នា ។ដូច្នេះទេ មុននៃការចុះហត្ថលេខាលើដីធ្លីត្រូវពិនិត្យឲ្យបានច្បាស់លាស់និងមានការវាស់វែងពីមន្ត្រីជំនាញសូរិយោដីអោយបានត្រឹមត្រូវ។ លោកបន្តថា ការបំពេញការងារដោយភាពមិនច្បាស់លាស់ដោយភាពមិនត្រឹមត្រូវវានឹងនាំឲ្យយើងមានទោសទណ្ឌ ដូច្នេះទេ មន្ត្រីរបស់យើងត្រូវបំពេញការងារឲ្យបានត្រឹមត្រូវនិងឲ្យបានល្អដើម្បីទទួលនូវការគាំទ្រពីប្រជាពលរដ្ឋ។
ការបើកវគ្គផ្សព្វផ្សាយអនុក្រឹត្យលេខ ១៩ អនក្រ.បក ស្តីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះ មានគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវានិងការអភិវឌ្ឍសេដ្ឋកិច្ច
មូលដ្ឋាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុង
ការទទួលនិងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់
សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពសំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ អនុក្រឹត្យនេះក៏មានគោលដៅកំណត់អំពីយន្តការ គោលការណ៍ បែបបទ និងនីតិវិធីនៃការទទួលនិងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅថ្នាក់ក្រោមជាតិ។ជាងនេះទៅទៀត
អនុក្រឹត្យនេះមានវិសាលភាពអនុវត្តនៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្នុងការ
ទទួលនិងការសម្រុះសម្រួលដោះស្រាយបណ្តឹងដែលពាក់ព័ន្ធការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រង
រដ្ឋបាលនៅថ្នាក់ក្រោមជាតិ ។ អនុក្រឹត្យនេះមិនមានវិសាលភាពអនុវត្តចំពោះវិវាទនៅមូលដ្ឋាននិងវិវាទដែលច្បាប់ ឬដែលរាជរដ្ឋាភិបាលបានកំណត់ឱ្យស្ថាប័ន ឬយន្តការជាក់លាក់ណាមួយសម្រុះសម្រួលដោះស្រាយទេ។
ចំពោះការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត មានតួនាទី ប្រមូលនិងទទួលពាក្យបណ្ដឹងនានានៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ សម្រាំងនិងវាយតម្លៃពាក្យបណ្តឹងដែលទទួលបានបញ្ជូនពាក្យបណ្ដឹងទាំងឡាយណាដែលមិនស្ថិតនៅក្នុងសមត្ថកិច្ចរបស់ខ្លួនទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនិងតាមដានការដោះស្រាយ ដើម្បីជូនព័ត៌មានទៅម្ចាស់ពាក្យបណ្ដឹង ។ចាត់វិធានការស៊ើបអង្កេតបណ្តឹងរដ្ឋបាល លើកអនុសាសន៍អំពីវិធានការដោះស្រាយបណ្តឹង និងតាមដានការអនុវត្តវិធានការដោះស្រាយបណ្តឹងដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ផ្តល់ព័ត៌មានត្រឡប់ដល់ប្រជាពលរដ្ឋអំពីលទ្ធផលនៃការដោះស្រាយបណ្តឹង។ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីយន្តការសម្រុះសម្រួលដោះស្រាយបណ្តឹងរដ្ឋបាលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ រៀបចំយន្តការចាំបាច់នានាពាក់ព័ន្ធទៅនឹងដំណើរការទទួលនិងសម្រុះសម្រួលដោះស្រាយបណ្តឹង ៕
.