ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងបង្កើតផ្សារព្រំដែនគំរូថែមទៀតនៅខេត្តស្វាយរៀង និងកំពត

246

 

ត្បូងឃ្មុំ៖ នៅក្នុងឱកាស អញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-​វៀតណាម “ផ្សារសហគមព្រំដែនគំរូកម្ពុ​ជា​” នៅក្នុងខេត្តត្បូងឃ្មុំ កាលពីព្រឹកមិញថ្ងៃទី ២៤ ខែ ធ្នូ ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឲ្យមានការកសាងផ្សារសហគមគំរូតាមបណ្តាព្រំដែន កម្ពុជា-វៀតណាម ឲ្យបានច្រើនថែមទៀត ដើម្បីសម្រួលដល់ការធ្វើជំនួញ និ​ង ពាណិជ្ជកម្មតូចធំ និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ មានទីផ្សារសមរម្យលក់ដូរទំនិញ ដើម្បីបង្កើនជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរ។

នៅព្រឹកមិញនេះ សម្តេចតេជោ បានបញ្ជាឲ្យប្រសួងពាណិជ្ជកម្ម រៀបចំបង្កើតផ្សារគំរូ២ថែមទៀតយកតាមរចនាបទខ្មែរ ដែលនឹងគ្រោងបង្កើតឡើងនៅខេត្តស្វាយរៀង និង ខេត្តកំពត ដែលត្រូវប្រើប្រាស់ថវិកា ជាតិ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យអភិបាលខេត្តទាំងពីរត្រៀមទីតាំងដី ជួយសម្របសម្រួលឲ្យស្របជាមួយ នឹងទិសដៅនៃការបើកច្រកចេញចូលព្រំដែនកម្ពុជាវៀតណាម ដើម្បីរៀបចំកសាងផ្សារសហគមគំរូនេះ។ ភាពជោគជ័យរបស់ផ្សារសហគមគំរូនេះ គឺត្រូវការមានការចូលរួម និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អភិបាលខេត្តផងដែរ គឺមិនត្រូវបណ្តែតបណ្តោយបង្កើតហើយមិនមើលនោះទេ។

សម្តេចតេជោ សង្ឃឹមថា នៅពេលកម្ពុជាមានផ្សារសហគមគំរូកាន់តែច្រើន គឺនឹងជួយបង្កើនទំនិញនាំចេញ ទៅប្រទេសវៀតណាមកាន់តែច្រើន ដែលនឹងកាន់តែធ្វើឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋតាមព្រំដែន កាន់តែធូរធារ ហើយទន្ទឹមនឹងនោះ គឺនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ឲ្យកាន់តែរឹងមាំថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង