ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សព្វផ្សាយពីយុទ្ធនាការ ទប់ស្កាត់ ការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់

115

 

 

ភ្នំពេញ៖ នៅថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីយុទ្ធនាការទប់ស្កាត់ ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងធនាគារអភិវឌ្ឍន៍អាស៊ី តំណាងមូលនិធិជប៉ុន សម្រាប់កាត់បន្ថយភាពក្រីក្រ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង ២៥រាជធានី-ខេត្ត មន្ត្រីស្ថានីយជញ្ជីងទាំង២៧ទីតាំង មន្ត្រីជញ្ជីងចល័តទាំង៣ តំណាងក្រុមហ៊ុនដឹកជញ្ជូន អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ។

 

សិក្ខាសាលានេះ រៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្រ ដើម្បីផ្ដល់វេទិកាពិភាក្សាដេញដោលរិះរកនីតិវិធី ដ៏មានប្រសិទ្ធភាពនានា (ទាំងផ្នែកបច្ចេកទេស និងច្បាប់) ដើម្បីទប់ស្កាត់សកម្មភាព ល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ការកែច្នៃដំឡើងយានយន្តខុសលក្ខណៈបច្ចេកទេស និងសកម្មភាពល្មើសផ្សេងៗទៀត សំដៅធានាបាននូវភាពរឹងមាំជាប់យូរអង្វែងនៃផ្លូវថ្នល់ សម្រួលដល់ការដឹកជញ្ជូន បង្កើនការវិនិយោគ បង្កើនទំហំពាណិជ្ជកម្ម ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

 

លោកទេសរដ្ឋមន្រ្តី បានឱ្យដឹងថា ក្រោមការដឹកនាំរបស់ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវថ្នល់ មានការតភ្ជាប់ខ្វាត់ខ្វែង ទៅគ្រប់ច្រកល្ហកនៅក្នុងប្រទេស តភ្ជាប់ជាមួយប្រទេសក្នុងតំបន់ និងសកលលោក ហើយផ្លូវស្ទើរតែទាំងអស់ត្រូវបានពង្រីក និងលើកកម្ពស់គុណភាពទៅជាបេតុងកៅស៊ូ សំដៅធ្វើសមាហរណកម្មការដឹកជញ្ជូនទាំងក្នុង និងក្រៅប្រទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ កាន់តែមានភាពឯករាជ្យ រឹងមាំ និងម្ចាស់ការថែមទៀត។

 

លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទោះបីរាជរដ្ឋាភិបាល បានចំណាយថវិកាច្រើនប៉ុណ្ណា ធ្វើផ្លូវល្អយ៉ាងណាក៏ដោយ ប្រសិនបើយើងទាំងអស់គ្នា មិនចូលរួមថែរក្សា តែបែរជាដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឬបណ្ដែតបណ្ដោយ ឱ្យក្រុមហ៊ុនដឹកជញ្ជូនដឹកទំនិញលើសទម្ងន់ ផ្លូវទាំងនោះនឹងឆាប់រងការខូចខាតជាមិនខាន។

 

លោកទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យសិក្ខាកាមទាំងអស់ ទាំងខាងក្រុមហ៊ុនដឹកជញ្ជូន និងមន្ត្រីស្ថានីយជញ្ជីងពិភាក្សាគ្នា ឱ្យបានសស្រាក់សស្រាំ ដើម្បីស្វែងរកឱ្យឃើញ នូវនីតិវិធីដ៏មានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ព្រមទាំងបានអំពាវនាវ ឱ្យក្រុមហ៊ុនដឹកជញ្ជូន ឈប់ដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ជាពិសេស យើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីការពារទ្រព្យសម្បត្តិជាតិមាតុភូមិ ៕

អត្ថបទដែលជាប់ទាក់ទង