ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េងប៉ុងប្រកាសបើកការ ប្រកួតជើងឯកថ្នាក់ជាតិ និង អបអរទិវាជ័យជម្នះ៧មករា ខួបលើកទី៤១

68

ភ្នំពេញ៖សហព័ន្ធកីឡាវាយកូនឃ្លីលើតុ នឹងរៀបចំការប្រកួតជ្រើសរើសជើងឯក ថ្នាក់ជាតិសម្រាប់ឆ្នាំ២០១៩ និងអបអរសាទរទិវា
ជ័យជម្នះ៧មករា ខួបលើកទី៤១ ដែលប្រព្រឹត្តធ្វើចាប់ពីថ្ងៃទី០២ ដល់ ថ្ងៃទី០៧មករា ឆ្នាំ២០២០ខាងមុខនេះ នៅសាលដំបូលទូកថ្មី ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។
លោកស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានបញ្ជាក់ក្នុងសេចក្តីជួនដំណឹង អោយដឹងថា ព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ កីឡាវាយកូនឃ្លីលើតុ ប្រចាំឆ្នាំ២០១៩ និងអបអរសាទរទិវាជ័យជម្នះ៧មករា ខួបលើកទី៤១ (៧មករា១៩៧៩-៧មករា២០២០) នៅថ្ងៃទី២មករាខាងមុខនេះ មានវិញ្ញាសាប្រកួតចំនួន៤ គឺវិញ្ញាសាក្រុមបុរសក្របខណ្ឌ ក១ វិញ្ញាសាវាយគូបុរសក្របខ័ណ្ឌក១-ក២ វិញ្ញាសាឯកត្តជនបុរសក្របខ័ណ្ឌក១-ក២ និង វិញ្ញាសាឯកត្តជននារីក្របខ័ណ្ឌក១-ក២ ។
សូមជម្រាបថា ការដាក់ពាក្យចូលរួមប្រកួត គឺចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៨:៣០នាទីព្រឹក ជួបជុំសមាគម ក្លិប ដើម្បីប្រជុំចាប់ឆ្នោត នៅទីស្នាក់ការសហព័ន្ធកីឡាវាយកូនឃ្លីលើតុ ស្ថិតក្នុងពហុកីឡដ្ឋានជាតិ (សាលដំបូលទូកថ្មី) ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ការយឺតយ៉ាវក្នុងការរៀបចំប្រកួត កីឡាវាយកូនឃ្លីលើតុ ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩នេះ ដោយសារតែឆ្នាំនេះ ជាប់រវល់មមាញឹករឿងត្រៀម ចេញទៅស៊ីហ្គេម នៅប្រទេសហ្វីលីពីន ដែលទើបបញ្ចប់កន្លងមកនេះ។ មួយទៀតសហព័ន្ធ
កីឡាវាយកូនឃ្លីលើតុ (ប៉េងប៉ុង) មានបញ្ហាផ្ទៃក្នុងសហព័ន្ធ គឺដោយសារទី១ ប្រធានចាស់លោកឧកញ៉ារ័ត្ន សាខន បានលាឈប់ពីប្រធានសហព័ន្ធ និងទី២ ដោយសារមានការឯកភាព និងសំណូមពរពីព្រឹទ្ធាចារ្យ ក៏ដូចជាគ្រូបង្វឹក និងក្លឹបក្នុងសហព័ន្ធ កីឡាវាយកូនឃ្លីលើតុ ឲ្យជួយដោះ ស្រាយនៅលើរចនាសម្ព័ន្ធដឹកនាំនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១ វិច្ឆិកា ២០១៩ សម្រេចរៀបចំធ្វើ មហាសន្និបាតវិសាមញ្ញ ដើម្បីកែសម្រួលរចនាសម្ព័ន្ធដឹកនាំ ដែលក្នុងនោះ សមាជិកទាំងអស់ ក៏បានឯកភាពជ្រើសរើស លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យធ្វើជាប្រធានសហព័ន្ធ កីឡាវាយកូនឃ្លីលើតុកម្ពុជា ដែលមានសមាជិកប្រតិបត្តិសរុបចំនួន ១១ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង