ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ សម្តែងការសោកស្តាយ ចំពោះការបាត់បង់ជីវិត របស់តារាកំប្លែងជើងចាស់ នាយស្មាញ

103

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានបង្ហោះសារបង្ហាញពីអារម្មណ៍នឹងស្រណោះ ចំពោះការបាត់បង់ជីវិតរបស់តារាកំប្លែងជើងចាស់ នាយស្មាញ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តដឹកដីកិនស្លាប់។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហោះវីដេអូបង្ហាញពីការឧបត្ថម្ភទឹកប្រាក់១ម៉ឺនដុល្លារ ដល់នាយស្មាញ កាលពី២ខែមុនផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានសរសេរក្នុងហ្វេសប៊ុកថា “ពិតជាស្រណោះចំពោះនាយស្មាញ ដែលបាត់បង់ជិវិតកាលពីម្សិលមិញនេះ។ ខ្ញុំ និងភរិយាទើបបានជួយជាថវិការចំនួន១ម៉ឺនដុល្លារប្រហែល២ខែមុននេះ”។

លោកហេង ឡុង បានប្រកាសព័ត៌មានលើហ្វេសប៊ុក នៅថ្ងៃទី២៨ធ្នូនេះថា តារាកំប្លែងនាយស្មាញ បានទទួលមរណភាពមុននេះបន្តិច ដោយគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនៅលើផ្លូវ៦០ម៉ែត្រ នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកបានបន្តថា ខ្ញុំបាទបានជូនដំណឹង ទៅអាជ្ញាធរខណ្ឌមានជ័យរួចហើយ។ សុំវិញ្ញាណក្ខន្ធរបស់ពូទៅកាន់សុខគតិភព។

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានរាយការណ៍ពីករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្តនិងម៉ូតូ ក្នុងទិដៅស្របទិសគ្នា។ នៅថ្ងៃសៅរិ៍ទី២៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៦: ៣០នាទី ត្រង់ចំណុចលើផ្លូវ៦០ម៉ែត្រ កែង៣០ម៉ែត្រ ភូមិទួលរការសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ3E 7789 បើកបរដោយឈ្មោះទិត ទី ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភមិស្លែង ឃុំជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (ឃាត់ខ្លួន) ។ បើកបរក្នុងទិសដៅពីត្បូងទៅជើង បត់ស្តាំក៏បានបុកជាមួយម៉ូតូ ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ស្ពឺ1D 6970 បើកបរដោយឈ្មោះសួន សុខហ៊ីម ហៅស្មាញ ភេទប្រុស អាយុ៦៨ឆ្នាំ ស្នាក់នៅភូមិព្រែកហូរ ឃុំព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ( ស្លាប់នៅកន្លែងកើតហេតុ) និងអ្នកជិះពីក្រោយម្នាក់ទៀត រងរបួសធ្ងន់ បើកបរទិសដៅស្របគ្នា។

ក្នុងករណីនេះ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់មនុស្ស១នាក់ ខូចខាតម៉ូតូ១គ្រឿងធ្ងន់ ។

ជនបង្កហេតុ ត្រូវបានប្រគល់ជូនជំនាញការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បន្តអនុវត្តតាមនីតិវិធី៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង